ខេត្តក្រចេះ ៖ កម្លាំងកងរាជអាវុធហត្ថស្រុកចិត្របុរី កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ បានប្រគល់ក្របីចំនួន៤ក្បាលឲ្យម្ចាស់វិញ ក្រោយពីដណ្តើមបានពីក្រុមចោរលួចដឹកតាមរថយន្ដ ។ អ្វីដែលត្រូវបានកត់សម្គាល់ព្រោះមិនធ្លាប់មាននោះ គឺពួកចោរនៅពេលដែលដឹងថាមានកម្លាំងសមត្ថកិច្ចតាមប្រមាញ់ ក៏បានដុតរថយន្តឲ្យឆេះខណៈដែលក្របីទាំង៤ក្បាលនៅលើរថយន្ត ។

មន្ត្រីកងរាជអាវុធហត្ថស្រុកចិត្របុរីដែលបានធ្វើការបង្ក្រាបក្រុមចោរលួចក្របីនេះឲ្យដឹងថា ការតាមប្រមាញ់ចោរលួចក្របីដឹកតាមរថយន្តបានធ្វើឡើងកាលពីយប់ថ្ងៃទី៤ កក្កដា ឆ្នាំ២០២០ នៅផ្លូវលំ ស្ថិតក្នុងឃុំថ្មី ស្រុកចិត្របុរី ។ លោក អុឹម ចិត្រា មេបញ្ជាការកងរាជអាវុធហត្ថស្រុកចិត្របុរី បានឲ្យដឹងថា ម្ចាស់ក្របីមិនមែនជាអ្នកខេត្តក្រចេះទេ គឺជាអ្នកខេត្តស្ទឹងត្រែង ដែលម្នាក់ឈ្មោះ ហង្ស សុភាព ភេទស្រី អាយុ៤០ឆ្នាំ និងម្នាក់ទៀតឈ្មោះ ឃីម ថាវីភេទស្រី អាយុ២៤ឆ្នាំ ។ ទាំង២នាក់មានមុខរបរកសិករ រស់នៅភូមិកាំងដីស សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេតស្ទឹងត្រែង ។

បើតាមលោក អុឹម ចត្រា បញ្ជាក់ថា នៅយប់ថ្ងៃទី៤ ខែកក្ដដា ក្រោយពីទទួលដំណឹងថា ប្រជាពលរដ្ឋនៅឃុំអូរគ្រៀង ស្រុកសំបូរ បានបាត់ក្របីចំនួន៧ក្បាល លោកក៏បានចាត់ឲ្យកងកម្លាំងចាំឃ្លាំមើល ។ លុះដល់វេលាទៀបភ្លឺ ប្រទះឃើញរថយន្ដមួយគ្រឿងជិះគ្នា៣នាក់ ដឹកក្របីចំនួន៤ក្បាលបើកបរយ៉ាងលឿន លោកក៏បញ្ជាឲ្យកងកម្លាំងដេញតាមរថយន្ដនោះតាំងពីឃុំចង្ក្រង់ រហូតដល់ឃុំថ្មី ស្រុកចិត្របុរី ទើបក្រុមចោរឈប់ និងចាក់សាំងដុតរថយន្តចោល ក្នុងបំណងបំផ្លាញវត្តុតាង ហើយនាំគ្នារត់គេចខ្លួនបាត់អស់ ។

ទោះជាយ៉ាងណា កម្លាំងអាវុធហត្ថបានពន្លត់ទាន់ពេល ចំណែកក្របីនៅលើរថយន្តក៏ត្រូវបានជួយឲ្យរួចផុតពីអណ្តាតភ្លើងដែរ តែក្រុមចោរបានរត់ចូលព្រៃបាត់អស់ទៅហើយ ។ទោះបីជាមានការបង្ក្រាបបាន១ករណីនេះក្តី តែការបាត់ក្របីចំនួន៧ក្បាលនៅស្រុកសំបូរ នៅរកមិនទាន់ឃើញទេ បែរជាជួបរថយន្តចោរដែលលួចក្របីពលរដ្ឋនៅខេត្តស្ទឹងត្រែងទៅវិញ ៕

ចែករំលែកព័តមាននេះ