ខេត្តព្រៃវែង ៖ ជនសង្ស័យចោរ២នាក់ ត្រូវបានសមត្ថកិច្ចស្រុកព្រះស្ដេច ស្ទាក់ចាប់បានរួមជាមួយនឹងវត្ថុតាងព្រះបដិមាជាច្រើនអង្គដែលពួកគេបានលួចពីក្នុងវត្តព្រៃច្បារ ។
សកម្មភាពស្ទាក់ចាប់ក្រុមជនសង្ស័យខាងលើ បានធ្វើឡើងនៅវេលាម៉ោង១២និង៣០នាទីថ្ងៃ ថ្ងៃទី៣ កក្កដា នៅលើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិក្រាំងក្អុក ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។

ជនសង្ស័យទាំង២នាក់ ម្នាក់ឈ្មោះ សាម វី ភេទប្រុស អាយុ៣៩ឆ្នាំ និងម្នាក់ទៀតឈ្មោះ គង់ ហ្វារឹត ភេទប្រុស អាយុ៣៦ឆ្នាំ ។ អ្នកទាំង២មានទីលំនៅក្នុងភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ ។ ចំណែកវត្ថុតាងដែលជនសង្ស័យលួចបាន គឺព្រះពុទ្ធបដិមាចំនួន១៤អង្គ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកព្រះស្ដេចបានឲ្យដឹងថា នៅមុនពេលកើតហេតុនោះជនសង្ស័យទាំង២បានជិះម៉ូតូកង់បីឥណ្ឌាចូលទៅក្នុងវត្តព្រៃច្បារ ដែលស្ថិតនៅក្នុងភូមិស្រះថ្កូវ ឃុំកំពង់សឹង្ហ ស្រុកព្រះស្ដេច និងបានឡើងទៅលើកុដិព្រះចៅអធិការវត្ត គាស់ទំលាយទូប្រមូលយកបានព្រះពុទ្ធបដិមាចំនួន១៤អង្គដាក់លើម៉ូតូកង់បី ហើយបើករត់គេចខ្លួនបាត់ ។
ប៉ុន្តែភ្លាមនោះព្រះគ្រូចៅអធិការវត្តបានដឹងក៏បានរាយការណ៍ប្ដឹងទៅសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្លាម ទើបកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំកំពង់សឹង្ហ សហការជាមួយនឹងកម្លាំងប្រជាការពារនាំគ្នាពួនស្ទាក់នៅលើកំណត់ផ្លូវជាតិលេខ១ ក៏ធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យបាន រួមទាំងវត្ថុតាងជាក់ស្តែង ។ ក្រៅពីព្រះបដិមាសមត្ថកិច្ចក៏បានដកហូត៖
១-ម៉ូតូកង់៣ឥណ្ឌា មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ(ត) 11H-2437 ។
២-ឧបករណ៍គាស់ទ្វារ និងព្រះបដិមាទាំង១៤អង្គ ដែល១អង្គធ្វើពីថ្មកែវ និង១៣អង្គទៀតធ្វើពីសំរឹទ្ធិសុទ្ធតែព្រះបដិមាពីបុរាណ ។
បច្ចុប្បន្នជនសង្ស័យទាំង២ ដែលបារមីព្រះបដិមាមិនជួយត្រូវបានឃាត់ខ្លួននៅអធិ ការ ដ្ឋាននគរបាលស្រុកព្រះស្តេច ហើយសមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕



ចែករំលែកព័តមាននេះ