ព្រះសីហនុ ៖ កូនដើមកោងកាងចំនួន២.០០០ដើម ត្រូវបានដាំនៅភូមិជម្ពូខ្មៅ ឃុំទួលទទឹងស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្ទៃដីជាង២ហិកតាឡើងវិញ បន្ទាប់ពីមានការសង្កេតឃើញមានជនមួយចំនួនបានកាប់បំផ្លាញព្រៃកោងកាងក្នុងខេត្តនេះ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅថ្ងៃទី ៥ ខែ កក្កដា នេះថា ការចូលរួមដាំកូនកោងកាងក្នុងទំនប់ប៉ុលឌែ ឡើងវិញនាពេលនេះ ដោយកន្លងមកសង្កេតឃើញមានជនមួយចំនួនបានកាប់បំផ្លាញព្រៃកោងកាង។

លោក គួច ចំរើន បានបន្តថា «យើងត្រូវធ្វើការដាំដុះឡើងវិញ និងជាការព្រមានដល់ជនល្មើសកាប់បំផ្លាញព្រៃកោងកាង ព្រោះព្រៃកោងកាងមានសារប្រយោជន៍សំខាន់ណាស់ រួមចំណែកផ្តល់ជាជម្រកសម្រាប់មនុស្ស និងសត្វរស់នៅ រួមចំណែកការច្រោះបាក់ដី ការពារទឹកជំនន់ ខ្យល់ព្យុះ ផ្តល់ទីតាំងសម្រាប់ទេសចរណ៍ បង្កើនចំណូលសេដ្ឋកិច្ចប្រជាពលរដ្ឋ ប្រជាពលរដ្ឋប្រើប្រាស់សក្តានុពលធម្មជាតិដ៏សម្បុរបែបយកទៅធ្វើការចិញ្ចឹម ជីវិត ព្រៃកោងកាងបានចូលរួមការពារបរិស្ថានមានភាពល្អប្រសើរ»។

លោក គួច ចំរើន បានបន្ថែមថា ការបំផ្លាញព្រៃកោងកាង គឺស្មើនឹងបំផ្លាញអាយុជីវិតខ្លួនឯងយ៉ាងដូច្នោះដែរ។ លោកបានធ្វើការអំពាវនាវ សូមកុំបន្តកាប់បំផ្លាញព្រៃកោងកាងបន្តទៀត អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញត្រូវអនុវត្តវិធានការច្បាប់ម៉ឺងមាត់បំផុត មិនលើកលែង មិនយោគយល់ ឱ្យពួកគេបន្តការកាប់បំផ្លាញព្រៃកោងកាងបែបនេះបន្តទៀតនោះទេ។ ព្រោះថា ព្រៃកោងកាងជាសម្បត្តិធម្មជាតិ របស់ជាតិយើងទាំងមូល មិនគួររងការបំផ្លាញ ពីក្រុមជនមួយក្តាប់តូចណាមួយ ឬក្រុមណាមួយកាប់បំផ្លាញ ក្នុងគោលដៅផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។ ម្យ៉ាងទៀតជាការបំផ្លាញផលប្រយោជន៍របស់ជាតិទាំងមូល មិនគិតពីផលប្រយោជន៍រួម។
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុឱ្យដឹងថា មន្ទីរកសិកម្ម បានរៀបចំពិធីនេះ តាមគោលបំណងរបស់ លោកអភិបាលខេត្តព្រះសីហនុ ដោយបានមើលឃើញនូវការកាប់បំផ្លាញព្រៃកោងកាងនៅទំនប់ប៉ុលឌែ លោកបានផ្តួចផ្តើមឱ្យមន្ទីរកសិកម្ម រៀបចំដាំកោងកាងស្ថារឡើងវិញ និងបំផុសប្រជាពលរដ្ឋដែលអាស្រ័យផលព្រៃកោងកាងនេះ ចូលរួមថែរក្សាការពារ និងអភិរក្សព្រៃកោងកាងឱ្យបានគង់វង្ស ។
សូមបញ្ឈប់ការកាប់បំផ្លាញព្រៃកោងកាង ព្រមទាំងដាក់ចេញនូវវិធានការមួយចំនួនដូចជា តាមច្បាប់ជលផលបានចែងយ៉ាងច្បាស់ថាអ្នកកាប់ និងអ្នកបញ្ជាឱ្យកាប់ គឺជាអ្នកដែលបានប្រព្រឹទ្ធបទល្មើសដូចគ្នា ការកាប់ ការឈូសឆាយ ការរុករាន ការគ្រប់គ្រង ហ៊ុព័ទ្ធរបងយកដីព្រៃកោងកាងជាបទល្មើស ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៣ ទៅ ៥ឆ្នាំ និងផាកពិន័យជាប្រាក់ថែមទៀតផង៕
ចែករំលែកព័តមាននេះ