រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់បានជិះម៉ូតូធុនធំ១គ្រឿ ដែលមានតម្លៃថ្លៃខ្ទង់ពាន់ដុល្លារ ចេញទៅធ្វើសកម្មភាពគាស់បន្ទប់ផ្ទះជួលមួយកន្លែង ដែលបុរសជនជាតិចិនម្នាក់ស្នាក់ ខណៈដែលជនជាតិចិនខាងលើជាប់រវល់មានការចេញទៅក្រៅហើយបិទទ្វារចាក់សោរចោលគ្មានអ្នកនៅចាំផ្ទះ ដោយជនសង្ស័យលួចយកបានម៉ូតូ១គ្រឿងប្រសិនបើលក់បានទៅមានតម្លៃក្រោម១ពាន់ដុល្លារ ។

លុះលួចបាន ជននេះបានទុកម៉ូតូធំដែលជាមធ្យោបាយជិះធ្វើសកម្មភាពក្បែរកន្លែងកើតហេតុ រួចក៏បានជិះម៉ូតូដែលលួចបានយកទៅលាក់ ទុកនៅក្បែរផ្ទះជួលដែលខ្លួនស្នាក់នៅ។ប៉ុន្តែខណៈនោះ ត្រូវបានអ្នកភូមិប្រទះឃើញក៏រាយការណ៍ជូននគរបាលប៉ុស្តិ៍ចោមចៅទី៣ឲ្យជួយអន្តរាគមន៍ លុះក្រោយមកជនសង្ស័យរូបនោះបានត្រឡប់ទៅយកម៉ូតូធំរបស់ខ្លួនវិញក៏ត្រូវបាននគរបាលឃាត់ខ្លួនតែម្ដង។
ហេតុការណ៍បង្កភ្ញាក់ផ្អើល វេលាម៉ោងប្រហែលជាង២រសៀល ថ្ងៃទី៥កក្កដា ស្ថិតនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យខាងលើនោះឈ្មោះ ប៉ែន វ៉ាន់ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅក្នុងភូមិក្បាលដំរី២សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ២០២ ភូមិពាន់វត្ត ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងមានស្រុកកំណើតនៅ ក្នុងភូមិឃុំស្រែស្តុក ស្រុក កណ្តៀង ខេត្តពោធិ៍សាត់។

នគរបាលបានប្រាប់ថា នៅមុនពេលកើតហេតុជនសង្ស័យខាងលើ ជិះម៉ូតូធុនធំ១គ្រឿងម៉ាកHonda Baja ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1HI- 5390 ចេញដើរធ្វើសកម្មភាពលួចទ្រព្យសម្បត្តិអ្នកភូមិ ហើយពេលទៅដល់ផ្ទះកើតហេតុបានឃើញបិទទ្វារចាក់សោរពីខាងក្រៅគ្មានមនុស្សនៅ ដោយសារតែបុរសជាជនជាតិចិនជាប់រវល់ចេញទៅក្រៅ។បន្ទាប់មកជននេះបានជិះម៉ូតូទៅឈប់ជិត បន្ទាប់មកទុកម៉ូតូធុនធំរបស់ខ្លួននៅជិតនោះត្រឹមត្រូវ រួចបានធ្វើសកម្មភាពគាស់សោរទ្វារផ្ទះនោះចូលលួចយកម៉ូតូ១គ្រឿងម៉ាកហុងដាវ៉េវ ពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ1GX- 1514 ។
លុះក្រោយពេលលួចយកបានសម្រេចក៏បានជិះម៉ូតូដែល លួចបាននោះយកទៅទុកនៅផ្ទះជួលដែលខ្លួនស្នាក់នៅ ប៉ុន្តែសកម្មភាពនោះត្រូវបានអ្នកភូមិប្រទះឃើញ ហើយនៅពេលជននោះជិះម៉ូតូដែលលួចបានចេញពីផ្ទះខាងលើ ពួកគាត់ មានការសង្ស័យ ព្រោះតែស្គាល់ច្បាស់ថា ម្ចាស់ផ្ទះគឺជាជនជាតិចិនផងនោះ ទើប រាយការណ៍ជូននគរបាលប៉ុស្តិ៍ចោមចៅទី៣ឲ្យចុះទៅអន្តរាគមន៍ភ្លាមៗ។ ប្រភពដដែលបានបន្តទៀតថា ក្រោយពីទទួលបានដំណឹងនេះ នគរបាលប៉ុស្តិ៍ចោមចៅទី៣បានចេញទៅកាន់កន្លែងកើតហេតុភ្លាមៗដែរ ហើយក៏បានចាំឃ្លាំមើលកន្លែងដែជនសង្ស័យទុកម៉ូតូធុនធំ ដែលជាមធ្យោបាយជិះធ្វើសកម្មភាពនោះ។

លុះមួយសន្ទុះក្រោយមកស្រាប់តែលេចមុខជនសង្ស័យរូបនេះត្រឡប់ទៅយកម៉ូតូធំនោះវិញ ទើបនគរបាលចាប់ខ្លួនតែម្ដង បន្ទាប់មកក៏បាននាំទៅកន្លែងលាក់ម៉ូតូដែលលួចបាន ព្រមទាំងចូលទៅធ្វើការឆែកឆេរបន្ទប់ដែលជននេះស្នាក់នៅ ស្ថិតនៅក្នុងភូមិក្បាលដំរី២សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញហើយឃាត់ខ្លួនជនសង្ស័យ២នាក់ទៀត ដែលជាបក្សពួកកំពុងសម្ងំលាក់ខ្លួនសេពគ្រឿងញៀន។ប៉ុន្តែពេលសួរនាំទើបដឹងថា បក្សពួក២នាក់នោះធ្លាប់ធ្វើសកម្មភាពគាស់ផ្ទះលួចទ្រព្យសម្បត្តិអ្នកភូមិក្នុងពេលកន្លងមក ។
ដោយឡែក នៅថ្ងៃកើតហេតុអ្នកទាំង២ មិនបានចូលរួមគាស់ផ្ទះជនជាតិចិនជាមួយជនសង្ស័យឈ្មោះប៉ែន វ៉ាននោះទេគឺជននេះធ្វើសកម្មភាពម្នាក់ឯងប៉ុណ្ណោះ។បន្ទាប់មកជនសង្ស័យម្នាក់នេះត្រូវបាននាំទៅកាន់ប៉ុស្តិ៍ចោមចៅទី៣ ចំណែកបក្សពួក២នាក់ដែលឃាត់បានក្រោយ ត្រូវបាននគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យនាំទៅសាកសួរនិងចាត់ការតាមច្បាប់៕
ចែករំលែកព័តមាននេះ