ប្រទេសអង់គ្លេស ៖ ការបើកបា និងក្លឹបរាត្រីវិញនៅអង់គ្លេស ក្រោយបិទជាង៣ខែ ព្រោះវិធានការរឹតត្បិត ទប់ការឆ្លងរាលដាននៃវីរុស COVID-19 នាំឲ្យសភាពការណ៍មានគ្រោះថ្នាក់ មិនអាចត្រួតត្រាបានកាលពីយប់ថ្ងៃទី៤ មកទី៥ ខែកក្កដា បណ្ដាលឲ្យមានការភ័យខ្លាច ការឆ្លងរាលដាលខ្លាំងវិញនៃវីរុស។

កាលពីព្រឹកថ្ងៃទី៥ ខែកក្កដា បណ្ដារូបភាពនៃមនុស្សយ៉ាងអ៊ូរអរខ្លះស្រវឹងជោកនៅតាមដងវិថី បារ ឬក្លឹបរាត្រី ត្រូវបានបង្ហោះតាមបណ្ដាញសង្គម។ មនុស្សទាំងនេះហាក់ពុំចាប់អារម្មណ៍ចំពោះការណែនាំនានារបស់ផ្នែកសុខាភិបាល ព្រោះតែខានសប្បាយយូរភ្លេចគិតពីគ្រោះថ្នាក់។

នៅក្នុងសង្កាត់ SOHO ដែលមានមនុស្សកុះករកណ្ដាលក្រុងឡុងដ៏ មនុស្សម្នាចេញដើរយ៉ាងពពាក់ពពូនតាមដងវិថីនានា ដែលជួនកាលរហូតដល់ស្ទះ ការធ្វើចរាចរណ៍របស់បណ្ដាយានយន្ក។ មនុស្សម្នាបានប្រជ្រៀតគ្នាទៅវិញទៅមក មួយចំនួនឱបរឹតគ្នា ហើយមួយចំនួនទៀតរហូតដល់ស្រាតរាំនៅមុខរថយន្ត ជួលកាលនៅមុខប៉ូលិសផង។

សាក្សីទាំងឡាយនិយាយថា មនុស្សម្នាចាប់ផ្ដើមចេញពីផ្ទះតាំងពីម៉ោង១៣រសៀល ហើយភ្លាមៗក្លាយជាមិនអាចត្រួតត្រាបាន។ រួចនាវេលាម៉ោង២០ទៅ២១យប់ តាមដងវិថីមានសភាពដូចពេលបុណ្យ ជាមួយមនុស្សទាំងឡាយនាំគ្នារាំ ច្រៀងនិងផឹក។ មនុស្សទាំងឡាយមិនខ្ចីពាក់ម៉ាសការពារ ហើយមិនរវល់អើពើការណែនាំឲ្យស្ថិតនៅឃ្លាតពីគ្នា ។

សណ្ឋាគារ ហាងកក់ ឬកាត់សក់ បណ្ដារោងភាពយន្ត និងសារមន្ទីរ ព្រមទាំងក្លឹបរាត្រី បានឲ្យបើកឡើងវិញកាលពីថ្ងៃទី៤ ខែកក្កដា នៅអង់គ្លេស ក្រោយបិទជាង៣ខែ ដើម្បីកម្រិតការឆ្លងរាលដាលនៃវីរុស COVID-19៕ ដកស្រង់ចេញវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)







ចែករំលែកព័តមាននេះ