ខេត្តសៀមរាប ៖ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងជាប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប និង សហការី បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនអ្នកស្រី សឿប ភាព អាយុ៣៧ឆ្នាំ រស់នៅភូមិគីរីមានន្ទ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប រងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ ត្រូវបុរសជាប្តីវាយរហូតដល់មានរបួសក្បាល៣កន្លែង និងប៉ះពាល់ដល់កូនក្នុងផ្ទៃ ហើយត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជួយសង្គ្រោះដោយវះកាត់បន្ទាន់ ដើម្បីយកកូនចេញ ដើម្បីសង្គ្រោះឲ្យផុតពីគ្រោះថ្នាក់ទាំងម្តាយកូនបានហើយ កាលពីវេលាម៉ោង២២យប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា បច្ចុប្បន្នស្ត្រី និងកូនបានកំពុងសម្រាកព្យាបាល នៅមន្ទីពេទ្យបង្អែកខេត្ត សៀមរាប ឯទារិកាដែលត្រូវសង្គ្រោះដោយវះកាត់មានទំងន់ត្រឹម១,៩គីឡូក្រាម ហើយក្រុមគ្រូពេទ្យកំពុងចិញ្ចឹមក្នុងកែវ ។

មានប្រសាសន៍នាពេលនោះដែរ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី លោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា និងលោកជំទាវ ដែលជានិច្ចកាលលោកតែងតែបានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសចាស់ជរាគ្មានទីពឹងជនមានពិការភាព កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ និងជនរងគ្រោះដោយអំពើហិង្សាជាដើម ។ លោកវេជ្ជបណ្ឌិតបន្តថា សូមប្អូនស្រីកុំអស់សង្ឃឹមអី ព្រោះទាំងប្អូនស្រី និងកូន ត្រូវបានក្រុុមគ្រូ ពេទ្យយើងជួយសង្គ្រោះបានដោយជោគជ័យហើយ និងត្រូវធ្វើបន្ដ មើលថែសុខភាពខ្លួនឯងឲ្យបានល្អ និង អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ ដើម្បីឆាប់បានធូរស្រាល និងជាសះស្បើយឡើងវិញ ។

ម្យ៉ាងទៀតអំណោយ សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបាននាំយកមកជូននាពេលនេះ ទោះជាមានចំនួនតិចតួចក្ដីតែអាចជួយសម្រាល ទុក្ខលំបាកបានមួយរយៈពេលដែលកំពុងសម្រាកព្យាលបាល នេះ ហើយនេះជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប មិននឹងប្រកាន់ វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា» និង «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» ។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូននាពេលនេះរួមមាន មុង១ ភួយ១ សារុង១ ក្រមា១ សម្លៀកបំពាក់ទារក២ឈុត មី១កេស ទឹកស៊ីអ៉ីវ១យួរ ទឹកដោះគោខាប់៤កំប៉ុង ស្ករស២គីឡូក្រាម អង្ករ៣០គីឡូក្រាម និងថវិកា២សែនរៀល ។ ឆ្លៀតឱកាសនោះដែរប្រតិភូក៏បានអញ្ជើញពិនិត្យមើលអគារសម្រាប់អ្នកជម្ងឺ ដែលទើបជួសជុលកែសម្រួលរួចរាល់ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះផងដែរ៕
ចែករំលែកព័តមាននេះ