កីឡាករ Mohamed Salah បានបរិច្ចាគប្រាក់ចំនួន ៣ម៉ឺនផោន (ជិត៤ម៉ឺនដុល្លារអាមេរិក) ដើម្បីសាងសង់មជ្ឈមណ្ឌលរថយន្តសង្គ្រោះបន្ទាន់ថ្មីមួយ នៅឯស្រុកកំណើតរបស់ខ្លួននៅតំបន់ Nagrig ប្រទេសអេហ្ស៊ីប។

ឪពុករបស់ Salah គឺលោក Salah Ghaly បានចូលរួមជាមួយអភិបាលក្រុងប្រចាំតំបន់គឺលោក Tarek Rahmy ដើម្បីបើកមជ្ឈមណ្ឌលនេះ ជាផ្លូវការកាលពីសប្តាហ៍មុន។

ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមហង្សក្រហម Liverpool វ័យ២៨ឆ្នាំរូបនេះ ត្រូវបានប្រជាជាតិអេហ្ស៊ីបចាត់ទុកជាវីរបុរសបាល់ទាត់ម្នាក់របស់ប្រទេសកំណើតខ្លួន។ នេះមិនមែនជាកាយវិការសប្បុរសធម៌លើកដំបូងរបស់ Salah នោះទេ ជាក់ស្តែងកាលពីពេលកន្លងទៅ គេបានចំណាយប្រាក់សម្រាប់ផ្គត់ផ្គង់សាលារៀនក្មេងស្រី, កន្លែងហាត់កីឡា, ឧបករណ៍វេជ្ជសាស្ត្រ និងផ្តល់ដីដើម្បីសាងសង់រោងចក្រប្រព្រឹត្តកម្មច្រោះទឹកស្អុយនៅតំបន់ Nagrig ។

គេក៏បានបន្តបរិច្ចាគអាហាររាប់តោន និងជួយកសាងមន្ទីរពេទ្យមហារីកផងដែរ។ កាលពីខែមុនម្ចាស់ពានរង្វាន់កីឡាករបាល់ទាត់ឆ្នើមប្រចាំទ្វីបអាហ្វ្រិក ២លើករូបនេះ ត្រូវបានរាយការណ៍ថា បានចំណាយប្រាក់ចេញថ្លៃដើមសម្រាប់ការចាក់ប្រេងឥន្ធនៈរបស់មនុស្សគ្រប់គ្នា ដែលមានវត្តមាននៅក្នុងស្ថានីយ៍កន្លែងនៅតំបន់ Merseyside ប្រទេសអង់គ្លេស ៕ (ដកស្រង់ចេញពី The Sun)


ចែករំលែកព័តមាននេះ