អន្តរជាតិ ៖ ក្លិបតោខៀវ Chelsea បានប្រកាសពីការចុះហត្ថលេខាលើខ្សែប្រយុទ្ធកូនកាត់អង់គ្លេស-ថៃ Jude Soonsup-Bell សម្រាប់ក្រុមឈុតយុវជនអាយុក្រោម ១៨ឆ្នាំ (U18) របស់ខ្លួនជាផ្លូវការ។

សូមជម្រាបជូនថាខ្សែប្រយុទ្ធ Jude Soonsup-Bell មានឪពុកជាជនជាតិអង់គ្លេស និងម្តាយគឺជាជនជាតិថៃ។ ក្មេងប្រុសរូបនេះ បានកើតនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០០៤ (បច្ចុប្បន្នវ័យ ១៦ឆ្នាំ) បានប្រឡូកក្នុងការហ្វឹកហាត់បាល់ទាត់យ៉ាងលឿន ដោយសារតែកាយសម្បទារបស់គេ មានការលូតលាស់បានយ៉ាងឆាប់រហ័ស។

Jude ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសាលាបាល់ទាត់របស់ក្លិប Chelsea ដោយផ្ទេរសាលាបាល់ទាត់ក្លិប Swindon Town Youth ក្នុងឆ្នាំ២០១៥ ដើម្បីបន្តតម្រង់ទិសដៅឈានទៅរកកីឡាករអាជីព។ មិនត្រឹមតែមានទេពកោសល្យពីធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែកាយសម្បទារបស់ Jude ក៏គួរឱ្យចាប់អារម្មណ៍ផងដែរ ដោយមានកំពស់ ១,៨០ម៉ែត្រនៅវ័យត្រឹម ១៦ឆ្នាំ។ កត្តានេះហើយ ដែលធ្វើឱ្យក្លិប Chelsea សម្រេចចុះហត្ថលេខាលើរូបគេក្នុងនាមជាកីឡាករក្រុមឈុត U18 កាលពីថ្ងៃទី១ ខែកក្កដាកន្លងទៅ ដើម្បីចូលរួមការប្រកួតប្រជែងពានរង្វាន់យុវជនអង់គ្លេសរដូវកាលក្រោយ។

ដោយសារតែសមត្ថភាព, កាយសម្បទា បូករួមជាមួយបច្ចេកទេសដ៏អស្ចារ្យរបស់រូបគេតាមរយៈការប្រកួតកន្លងលោក បានធ្វើឱ្យ Jude ត្រូវបានកោះហៅឱ្យចូលក្រុមជម្រើសជាតិអង់គ្លេសអាយុក្រោម ១៧ឆ្នាំផងដែរ៕ (ដកស្រង់ចេញពី mgronline)
ចែករំលែកព័តមាននេះ