រាជធានីភ្នំពេញ ៖ បុរសជាកម្មករសំណង់ជនជាតិចិនម្នាក់បានបាត់បង់ជីវិតនៅពេលដែលបញ្ជូនទៅសង្គ្រោះដល់មន្ទីរពេទ្យ បន្ទាប់ពីជនរងគ្រោះកំពុងតែជិះកន្ត្រកយោងធ្វើការនៅការដ្ឋានសំណង់អគារខុនដូរមួយកន្លែងដែលមានកំពស់យ៉ាងខ្ពស់ ហើយក៏បានដាច់ខ្សែរ៉តពីជាន់ទី៣ធ្លាក់មកដល់ដីនោះ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចការដ្ឋានអគារខុនដូរមួយកន្លែង មានទីតាំងដីឡូតិ៍លេខ២២៤ (ក្បែរប៉ុស្តិ៍នគរបាលបឹងរាំង) ផ្លូវលេខ១៨០ ក្រុម៣៣ ភូមិ៨ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីនគរបាលបានប្រាប់ឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ Tian Yunhai ភេទប្រុស អាយុ៥៧ឆ្នាំ ជាជនជាតិចិន មុខរបរជាកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់អគារខុនដូរកើតហេតុខាងលើ។

តាមប្រភពដដែលបានបន្តថា មុនពេលកើតហេតុ បុរសរងគ្រោះបានឡើងជិះលើកន្ត្រកយោងធ្វើការនៅពីចំហៀងនៃការដ្ឋានសំណង់អគារនៅជាន់ទី៣សុខៗ ស្រាប់តែដាច់ខ្សែររ៉តធ្លាក់មកដល់ដី បណ្តាលអោយជនរងគ្រោះរងរបួសត្រង់ក្បាលយ៉ាងធ្ងន់ធ្ងរតែម្តង។

តាមប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីកើតហេតុភ្លាមៗ ខាងការដ្ឋានក៏បានដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ដែរ ប៉ុន្តែជាអកុសលពេលទៅដល់មន្ទីរពេទ្យ ត្រូវបានក្រុមគ្រូពេទ្យប្រាប់ថា ជនរងគ្រោះបានដាច់ខ្យល់បាត់បង់ជីវិតទៅហើយ ទើបអ្នកបកប្រែភាសាចិនខាងការដ្ឋានទូរស័ព្ទរាយការណ៍ប្រាប់ឱ្យពីរឿងនេះ។

តាមប្រភពដដែលបានបន្តថា ក្រោយពីទទួលបាននូវសេចក្តីរាយការណ៍ខាងលើនោះភ្លាម កម្លាំងមានសមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងបបច្ចេកទេសវិទ្យាសាស្ត្រ ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ការិយាល័យស៊ើបអង្កេតនិង អនុវត្តនិតិវិធីក្រុង និងបង្កើតគណៈកម្មាធិការចម្រុះចុះមកធ្វើការត្រួតពិនិត្យកន្លែងកើតហេតុ និងកោសលវិច្ច័យលើសពរបស់ជនរងគ្រោះផងដែរ។

ក្រោយពីកម្លាំងនៃគណៈកម្មាធិការចម្រុះចុះទៅធ្វើការត្រួតពិនិត្យក្នុងការដ្ឋានសំណង់នៃអគារខុនដូរដែលជាកន្លែងកើតហេតុខាងលើរួចមក បានរកឃើញថា ពិតជាមានករណីដាច់ខ្សែររ៉តកន្ត្រកយោងពិតប្រាកដមែន ដោយបណ្តាលអោយបុរសកម្មករជាកម្មករសំណង់ម្នាក់ខាងលើរងរបួសផ្នែកក្បាលយ៉ាងធ្ងន់ធ្ងរ ទើបឈានដល់ការបាត់បង់ជីវិតបែបនេះ។

បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនបន្តយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯប្រទេសកំណើតវិញ ៕ (កែសម្រួលដោយ ៖ ធីតា)




ចែករំលែកព័តមាននេះ