ប្រទេសជប៉ុន ៖ នាយករដ្ឋមន្ត្រីជប៉ុនលោកស៊ីនហ្សូអាបេ ប្រកាសនាថ្ងៃទី៤ ខែកក្កដា ពីការកេណ្ឌប្រមូលកងទ័ព ដើម្បីចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះនៅកោះក្យូស៊ូ ភាគខាងត្បូងប្រទេស ដែលនៅទីនោះមនុស្សយ៉ាងតិច១៣នាក់បាត់ខ្លួន ក្រោយមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ ។

បណ្ដារូបភាពនៃរថយន្ត និងផ្ទះសម្បែងដែលទឹកលិចនៅទីក្រុងគូម៉ាម៉ូតូ ត្រូវបានផ្សាយតាម
ទូរទស្សន៍រដ្ឋ NHK ។
លោកអាបេថ្លែងថា ភ្លៀងធ្លាក់ខ្លាំងហាក់ដូចជាមានរហូតដល់ថ្ងៃទី៥ កក្កដា ហើយមនុស្សម្នាដែលរស់នៅក្នុងតំបន់នោះ ត្រូវស្ថិតក្នុងការប្រកាសអាសន្នកម្រិតខ្ពស់ ។ លោកបញ្ជាក់ថាសមាជិកកងកម្លាំងស្វ័យការពារជប៉ុនប្រមាណជាជិត១០.០០០នាក់ត្រូវបញ្ជូនទៅ ។
ភ្លៀងបានធ្លាក់ខ្លាំងកាលពីថ្ងៃទី៤ កក្កដាលើកោះក្យូស៊ូ ជម្រុញឲ្យអាជ្ញាធរស្នើជម្លៀសមនុស្សចេញប្រមាណជាជិត៧៥.០០០នាក់ ។ តាមទូរទស្សន៍ NHK ថាមនុស្សប្រមាណជា១០០នាក់ត្រូវជាប់ទៅណាមិនរួច ដោយសារទឹកជំនន់និងការបាក់ដី ដែលកាត់ផ្ដាច់ផ្លូវថ្នល់នានា និងបំផ្លាញស្ពានច្រើនកន្លែង ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)





ចែករំលែកព័តមាននេះ