ខេត្តស្ទឹងត្រែង ៖ នៅខេត្តស្ទឹងត្រែង គឺជាខេត្តមួយស្ថិតនៅភាគឦសាន្ត សម្បូរទៅដោយអំបូរជនជាតិដើមភាគតិច និងកាត់ឡាវ ហើយមានប្រពៃណីស្រដៀងគ្នា ចំណែកឯការហូបចុកក៏មិនទៅតាមប្រពៃណីនោះដែរ។ បើគេរំលឹកអំពីមុខម្ហូបវិញនោះ មុនដំបូងគេពិតជានឹកដល់ម្ហូបប៉ុន្មានមុខដែលជាមុខមកហូបតំបន់នៃខេត្តស្ទឹងត្រែងតែម្តង។
ជាដំបូងនេះលោកអ្នកអាចមកស្គាល់មុខមុខម្ហូបដូចជា (ស្ងោរជ្រក់ត្រីប៉ាសេអ៊ី) ដែលជាម្ហូបមានរសជាតិឆ្ងាញ់ ហើយជាត្រីមានឈ្មោះល្បីក្នុងខេត្តផងដែរ។ បើងាកមកដឹងអំពីគ្រឿងផ្សំវិញ ដើម្បីក្លាយជាមុខម្ហូបដែលទទួលបានរសជាតិឆ្ងាញ់នោះ គេត្រូវមានគ្រឿងផ្សំមានដូចជា ៖ ត្រីប៉ាសេអ៊ី គល់ស្លឹកគ្រៃ មើមខ្ទឹម អង្ករ ស្ករ ប៊ីចេង ក្រូចឆ្មា ជីនាងវង ជីបន្លា អំបិល និងដុំខ្នុរ ។

ចំណែកវិធីធ្វើវិញ មុនដំបូង ៖ ជីនាងវង ជីបន្លា ហាន់អោយល្អិតៗ លាងត្រីអោយស្អាត យកប្រម៉ាត់ត្រីចេញ កាត់ត្រីជាកង់ៗ ដាំទឹកអោយពុះ បន្ទាប់មកដំគល់ស្លឹកគ្រៃ និងមើមខ្ទឹម អង្គរ ស្ករ បន្តិច ដុំខ្នុរ ត្រៀមដាក់ចូលឆ្នាំង។ ក្រោយពីទឹកពុះរួច យើងអាចដាក់គ្រឿងផ្សំដែលត្រៀមរួចនោះចូលក្នុងឆ្នាំង ហើយយកត្រីដែលបានកាត់ជាកង់ៗចូល បន្ទាប់ពីត្រីឆ្អិត អាចភ្លក់រសជាតិតាមចំណង់ចំណូលចិត្តមុនពេលដែលហូបយើង ក៏បន្ថែមជីនាវង ជីបន្លា និងច្របាច់ក្រូចឆ្មាជាការស្រេច។
គួរបញ្ជក់ផងដែរថា អំបិលដាក់ ដើម្បីអោយទឹកស្ងោរមានរសជាតិមុតបន្តិច ហើយអង្ករដាក់សម្រាប់កាត់បន្ថយចំអាប។
ចំណែកម្ហូប «ឡាប» វិញ ជាមុខម្ហូបមានដើមកំណើតពីឡាវ ម្ហូបនោះមានការស្មុគស្មាញបន្តិចចំពោះការធ្វើឡើងដោយគេត្រូវមានគ្រឿងផ្សំរបស់វាដូចជា ៖ សាច់ត្រីក្រាយកោស គល់ស្លឹកគ្រៃ រំដេង ខ្ទឹមស ខ្ទឹមក្រហម ស្លឹកខ្ទឹម ជីបន្លា ម្ទេស ស្លឹកក្រូចសើច ត្រប់វែង ប្រហុក និងអង្ករលីង អង្ករនេះដែរគេលីងរហូតឡើងពណ៌ខ្មៅ។

ចំណែកវិធីធ្វើ គឺមុនដំបូងគេត្រូវកាត់យកក្បាលត្រីក្រាយទៅស្ងោរយកទឹក បន្ទាប់មកគេយករំដេង ខ្ទឹមស ខ្ទឹមក្រហម ម្ទេស លីងអោយឈ្ងុយរួចបុកអោយម៉ត់ ហាន់គល់ស្លឹកគ្រៃស្តើងៗ ត្រប់វែងយកទៅអាំងអោយឆ្អិនរួចចិញ្ច្រាំអោយម៉ត់ ស្លឹកក្រូចសើច ស្លឹកខ្ទឹម ជីបន្លាហាន់អោយស្តើង អង្ករក្រោយលីងអោយទៅជាពណ៌ខ្មៅ ត្រូវយកទៅត្រាំទឹកក្តៅអោយរីកដើម្បីងាយធ្វើម៉ត់ខាប់ ។ បន្ទាប់មក គេស្ងោរទឹកប្រហុកត្រងយកតែទឹក រួចហើយគេយកសាច់ត្រីក្រាយដែលកោសរួចនោះមកកូរជាមួយទឹកស្ងោរក្បាលត្រី និងបន្ថែមទឹកប្រហុក រួចដាក់គ្រឿងផ្សំទាំងអស់ចូល ហើយកូរបញ្ចូលគ្នារហូតខាប់ និងស្អិតល្អដូចក្នុងរូបជាការ ស្រេច។
មុខម្ហូប «ឡាប» នេះ គេហូបដោយផ្ទាប់ជាបន្លែច្រើនមុខដូចជា ត្រប់ស្រួយទ្រវែង ស្ពៃហិរ ស្ពៃក្តោប សណ្តែកគួរ ពពាយ និងបន្លែព្រៃ ដែលមានរសជាតិចត់រឹតតែពិសេស។
ដោយឡែកបើគេនឹកដល់រសជាតិជូប្រៃនោះ គេនឹងនឹកដល់ «ត្រីប៉ាខិម ឬ ត្រីប្រៃ» បើនិយាយពីមុខម្ហូបនេះវិញ មានទៅតាមរដូវកាលនាខែត្រីពង ហើយត្រីដែលគេយកទៅផ្អាប់ទៅជាប៉ាខិម ឬត្រីប្រៃនោះ គេប្រាដកជាយកតែត្រីរៀលប៉ុណ្ណោះ ហើយថ្មីៗនៅស្រស់។ មុខម្ហូបនេះ មុខពេលដែលយកទៅទទួលទានគេចាំបាច់ប្រើប្រាស់គ្រឿងផ្សំឡើង មានដូចជាត្រីរៀលស្រាល អំបិល និងលាចស្រូវដំណើប។

វិធីធ្វើដំបូងឡើយ គឺយកត្រីរៀលស្រស់ៗទៅប្រឡាក់ជាមួយអំបិល ដាក់ក្នុងពាងបិទជិតរយៈមួយសប្តាហ៍ បន្ទាប់មកគេរលាក់ចេញពីពាងផ្អាប់ រួចចាប់ផ្តើមប្រឡាក់ជាមួយ លាចស្រូវដំណើប ច្របល់ជាត្រីប្រឡាក់ហើយនោះ រួចរាល់ហើយគេបន្តដាក់ទៅក្នុងពាងផ្អាប់វិញបិទអោយជិតរក្សាការផ្អាប់នោះរយៈពេលមួយខែ ទើបយើងអាចយកមកទទួលទានបាន។

ក្រោយពេលត្រីប៉ាខិមជូ និងប្រៃហើយ នៅពេលដែលគេទទួលទានត្រូវបកស្បែកចេញ ហើយដាក់បន្ថែមគ្រឿងទេសបន្តិចរួមមាន ស្ករ ប៊ីចេញ ជីគ្រប់មុខ ម្ទេស ខ្ចី និងក្រូវឆ្មា ហើយអាចផ្ទាប់ជាមួយបន្លែស្រស់ៗទៅតាមចំណង់ចំណូលចិត្តរបស់អ្នកបានដែរ។

ក្រៅពីម្ហូបប៉ុន្មានមុខខាងលើ នៅមានមុខម្ហូបជាច្រើនទៀតសុទ្ធសឹងជាម្ហូបដែលមានរសជាតិប្លែក ដូចជា ម្ហូបម៉ាភា ភីភា សេក ស្ងោរ ទឹកប្រហុក ភ្លាត្រី នឹងច្រើនមុខទៀ តផងដែរ៕ (កែសម្រួលដោយ ៖ បុប្ផា)


ចែករំលែកព័តមាននេះ