ខេត្តឧត្តរមានជ័យ ៖ លោកព្រហ្ម សារឿន ប្រធានការិយាល័យបេតិកភណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ត និងយោងតាមការចង្អុលបង្ហាញពីលោកម៉ែន លី ស្នងការខេត្ត បានដាក់បទបញ្ជាឱ្យលោកខិតខំធ្វើការស្រាវជ្រាវទៅតាមរចនាបទប្រាសាទនីមួយៗ រួមទាំងបេតិកភណ្ឌជាទ្រព្យសម្បត្តិជាតិ ត្រូវតែថែរក្សា និងការពាររាល់សកម្មភាពជនខិលខូចជីកកកាយនៅតាមប្រាសាទ និងតំបន់ទីទួលបុរាណផងដែរ។
ក្រោយពីបានធ្វើការស្រាវជ្រាវ លោកបានមានប្រសាសន៍ថា ប្រាសាទត្រពាំងប្រាសាទខាងត្បូង មានប្រាង្គចំនួន៣សង់បែរមុខទៅទិសខាងកើត លើខឿនតែមួយរត់តាមអក្សរពីជើងទៅត្បូង ។ ប្រាង្គទាំង៣នេះ សង់ពីឥដ្ឋ និងថ្មភក់ មាន៤ ក្នុងនោះទ្វារពិតបែរទៅទិសខាងកើត ឯទ្វារ៣ផ្សេងៗទៀតជាទ្វារបញ្ជោត ហើយប្រាសាទនេះមានលម្អដោយក្បូរក្បាច់រចនាយ៉ាងល្អវិចិត្រនៅលើផ្នែគសសរពេជ្រក្រប ឯទ្វារ និងខឿនផ្នែកខាងក្រោម នៅជ្រុងអាគ្នេយ៍នៃប្រាង្គទាំង៣ យើងឃើញមានបណ្ណាល័យមួយដែលសង់អំពីឥដ្ឋ។
លោកបន្តថា ប្រាសាទនេះមានកសិន្ទ និងកំពែងធ្វើពីថ្មបាយក្រៀមព័ទ្ធជុំវិញ ហើយគោបុរៈមានចំនួន៤ ធ្វើអំពីថ្មភក់ ឥដ្ឋនឹងថ្មបាយក្រៀមនៅពីមុខប្រាសាទមានស្រះធំមួយ ដែលមានទំហំ៣៥០ម៉ែត្រ បណ្តោយ១៩០ម៉ែត្រ មានទឹកនៅក្នុងរដូវវស្សា ។ តាមការសិក្សាលើការរៀបចំប្លង់ និងក្បាច់លម្អ ផ្សេងៗដែលនៅសេសសល់ យើងអាចសនិដ្ឋានបានថា ប្រាសាទត្រពាំងប្រាសាទខាងត្បូង ត្រូវបានសាងសង់ឡើងនៅក្នុងសតវត្សទី១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (១០០២-១០៥០) ស្ថិតក្នុងរចនាបថឃ្លាំង ហើយឧទ្ទិសថ្វាយដល់ព្រះសិវៈ ព្រោះយើងឃើញនូវបំណែកសិវៈសេសសល់នៅក្នុងប្រាសាទ។
លោកបានបន្តថា ប្រាសាទខាងត្បូង បានរងការខូចខាតយ៉ាងខ្លាំង ក្នុងនោះប្រាង្គសំខាន់ពីខាងជើង និងខាងលិចបានបាក់រលំ និងប្រេះសាច់ជញ្ជាំងចេញពីគ្នា ឯប្រាង្គកណ្តាលរលុះដំបូលធ្លាក់ឥដ្ឋមកខាងក្រោម ហើយខឿនគោបុរៈកំពែង និងបណ្ណាល័យក៏រងការខូចខាតខ្លាំងផងដែរ។
ប្រាសាទខាងលើនេះ ក៏ធ្លាប់បានធ្វើការអភិរក្សសង្គ្រោះបន្ទាន់ម្តងរួចមកហើយនៅក្នុងឆ្នាំ២០១៧ ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅប្រាង្គកណ្តាល និងប្រាង្គខាងលិច ដើម្បីពង្រឹងចំណុចដែលងាយបាក់ស្រុត និងរលំដោយយថាហេតុណាមួយ។
លោកមានប្រសាសន៍បញ្ជាក់ថា ប្រាសាទត្រពាំងប្រាសាទខាងត្បូងនេះ ស្ថិតនៅក្នុងភូមិត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ខណៈនេះប្រជាពលរដ្ឋអ្នកភូមិអ្នកស្រុកនៅតែមានជំនឿ ។ នាពេលបច្ចុប្បន្នជាកន្លែងស័ក្កិសិទ្ធិ និងជាទីជ្រះថ្លារបស់ប្រជាពលរដ្ឋក្នុងតំបន់ រួមទាំងអ្នកធ្វើដំណើរមកពីទីជិតទីឆ្ងាយ ដោយមានការគោរពបូជាបែបអរូបីយ៍សំណាកដែលតម្កល់នៅទីនោះតំណាងឱ្យលោកយាយ ម៉ៅ ហើយពួកគាត់តែងតែនាំគ្នាមកបន់ស្រន់ បួងសួងសុំសេចក្តីសុខសប្បាយ និងជម្រះមន្ទិលទាំងឡាយ ទាំងពួងនៅក្នុងប្រាសាទ មានពេលខ្លះក៏មានថ្វាយភ្លេងពិណពាទ្យដល់ប្រាសាទផងដែរ៕
ចែករំលែកព័តមាននេះ