ខេត្តកំពង់ចាម ៖ ក្មេងប្រុសជំទង់ម្នាក់ឈ្មោះឡូត ផល្លា ហៅប៉ាវ អាយុ១៥ឆ្នាំ មានទីលំនៅភូមិអង ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ បានល្បួងក្មេងស្រីពីរនាក់ ក្នុងនោះម្នាក់ អាយុ៥ឆ្នាំ និង៧ឆ្នាំ ទៅរំលោភសេពសន្ថវៈនៅកន្លែងស្ងាត់ ត្រង់ចំណុចទួលថ្មី ឃុំត្រពាំងព្រះ ។ ហេតុការណ៏នេះកើតឡើងនៅម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី២៥ ធ្នូ ២០១៤ ហើយត្រូវបានឪពុកម្តាយរបស់ក្មេងស្រីរងគ្រោះទាំង២នាក់ ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន ។
លោកវរសេនីយ៏ត្រី កែវ ស៊ាងហ៊ន់ អធិការនគរបាលស្រុកព្រៃឈរ បានប្រាប់ឲ្យដឹងថា ក្មេងស្រីដែលរងគ្រោះទាំង២នាក់នោះម្នាក់ អាយុ៧ឆ្នាំ និងម្នាក់ទៀត អាយុ៥ឆ្នាំ រស់នៅក្នុងឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ត្រូវបានជនសង្ស័យឈ្មោះ ប៉ាវ ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈជាបន្តបន្ទាប់ នៅនឹងកន្លែងស្ងាត់ ។
លោកអធិការនគរបាលស្រុកព្រៃឈរបានប្រាប់បន្តថា តាមរយៈសាក្សីម្នាក់បានឃើញជននេះចាប់ក្មេងស្រីទី១ សំរាតខោរំលោភហើយខ្ទប់មាត់គំរាមថា «បើហ៊ានស្រែកអាញ់នឹងកាប់១ពូថៅ» ។ តែដោយក្មេងនោះឈឺពេកប្រឹងរើបម្រាស់រត់ចេញមកផ្ទះ ដែលនៅមិនឆ្ងាយប៉ុន្មានពីកន្លែងកើតហេតុ នៅសល់ក្មេងស្រីទី២ ជនសង្ស័យក៏បានចាប់រំលោភទៀត ប៉ុន្តែគ្រានោះចៃដន្យ ត្រូវបានសាក្សីវ័យក្មេងម្នាក់មកទាន់ ក៏ស្តីបន្ទោសឲ្យជនសង្ស័យថា ម្តេចក៏ធ្វើបែបនេះអញ្ជឹង ។ រួចបាននាំក្មេងស្រីរងគ្រោះប្រគល់ឲ្យទៅឪពុកម្តាយ និងរាយការណ៏ប្តឹងទៅសមត្ថកិច្ចមូលដ្ឋាន ប៉ុស្ត៏រដ្ឋបាលឃុំត្រពាំងព្រះ ចុះមកអន្តរាគមន៏ ហៅជនសង្ស័យ សួរនាំនាព្រឹកថ្ងៃទី២៦ធ្នូ ២០១៤ នៅអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ។
នៅចំពោះមុខសមត្ថតិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់ក្មេងស្រីទាំង២នាក់ខាងលើនោះ រំលោភសេពសន្ថវៈដោយពិតប្រាកដមែន ដោយសាររូបគេបានមើលរឿងក្តៅសាច់តាមទូរស័ព្ទដៃប្រើ ineternet រួចក៏មានចំណងផ្លូវភេទ និងបានលួងលោមកក្មេងស្រីទាំង២នាក់រំលោភតែម្តង ។
លោកវរសេនីយ៏ត្រីកែវ ស៊ាងហ៊ន់ អធិការនគរបាលស្រុកព្រៃឈរបញ្ជាក់ថា យោងតាមបណ្តឹងរបស់ឪពុកម្តាយក្មេងស្រីរងគ្រោះទាំង២នាក់ នារសៀលថ្ងៃសុក្រដដែល ជនសង្ស័យឈ្មោះ ឡូត ផល្លា ហៅប៉ាវ នឹងត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋានគរបាលខេត្ត ដើម្បីចាត់វិធានការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ