រាជធានីភ្នំពេញ៖ «តើអ្នកព្រៃវែងខុសអី?» នេះជាការចោទសួររបស់លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា ជុំវិញវីដែអូបទចម្រៀងមួយ ដែលបានបង្កឲ្យមានការខឹងសម្បានិងរិះគន់ខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គម តាំងពីរាស្ត្រសាមញ្ញ រហូតមន្ត្រីក្នុងជួររាជរដ្ឋាភិបាល ។

ជាក់ស្តែងលោក ស សុខា បានបង្ហោះសារយ៉ាងវែងប្រតិកម្មជុំវិញរឿងមួយនេះ ជាមួយនឹងខ្លឹមសារទាំងស្រុងថា «តើអ្នកព្រៃវែងខុសអី?» ក្នុងនាមយុវជនម្នាក់ ខ្ញុំពិតជាមានការសោកស្ដាយ និងហួសចិត្តពេលបានឃេីញនិងស្ដាប់អត្ថន័យបទចម្រៀងនេះ។ មិនខុសពីការរិះគន់របស់បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រេីនទៀត ខ្លឹមសារនេះមានចរិតរេីសអេីង បំបែកបំបាក់ជាតិសាសន៍ បន្ទាបតម្លៃអ្នកព្រៃវែង បន្តុះបង្អាប់កិត្តិយស ប្រមាថសេចក្ដីថ្លៃថ្នូរក្នុងនាមប្រជាពលរដ្ឋ ដែលមានសិទ្ធិពេញលេញនិងសេចក្ដីថ្លៃថ្នូរដ៏បរិបូរណ៍នាសម័យបច្ចុប្បន្ន »។

លោកបានបន្តថា «ខ្ញុំយល់ថា អ្នកគ្រប់គ្រងការផលិត អ្នកដឹកនាំសម្ដែង ផលិតករ អ្នកនិពន្ធ គួរពិចារឱ្យបានគ្រប់ជ្រុងជ្រោយបំផុតជុំវិញផលប៉ះពាល់សតិអារម្មណ៍ និងសង្គមទាំងមូល មុននឹងផលិតចេញជាសាធារណៈ។ ចំណែកអ្នកចម្រៀង អ្នកសម្ដែង ក៏គួរពិចារណាដោយជួយកេះគ្នាពិនិត្យកែសម្រួលខ្លឹមសារផងដែរ» ។

លោក ស សុខា ដែលជាកូនប្រុសរបស់សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានបញ្ជាក់និងការពារអ្នកព្រៃវែងថា «ធាតុពិតអ្នកព្រៃវែងពុំមានចរិតលក្ខណៈដូចអត្ថន័យសម្ដែងក្នុងបទនេះទេ។ អ្នកព្រៃវែងស្លូតបូត ឧស្សាហ៍ព្យាយាមប្រកបរបរការងារផ្សេងៗ។ ទោះជាមានចំណុចអវិជ្ជមានខ្លះ តែនោះជាឥរិយាបថបុគ្គល ហេីយមិនមែនតែអ្នកព្រៃវែង និងមិនមែនមានតែស្រុកខ្មែរដែរ។ សូមកុំយកទស្សនៈ (ត្រីមួយកន្ត្រកស្អុយមួយស្អុយទាំងអស់)មកអនុវត្ត។ ជាសំណូមពរ ខ្ញុំគិតថា ក្រុមការងារផលិតគប្បីចេញមុខសុំទោសជាសាធារណៈ និងដកចេញគ្រប់ប្រព័ន្ធនៃការផ្សព្វផ្សាយទាំងអស់» ។

ជាថ្មីម្ដងទៀត ក្រុមការងារផលិតមុននឹងផលិត ត្រូវពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេសការទទួលខុសត្រូវសង្គម និងការប្រឈមផ្លូវច្បាប់។ ក្នុងករណីនេះ អាចចាត់ថាជាការញុះញុងឱ្យមានការរើសសអើង ការជេរប្រមាថ…ដែលសុទ្ធតែជាបទល្មើសព្រហ្មទណ្ឌ។ តែទោះយ៉ាងណា យើងគាំទ្រនិងលើកទឹកចិត្តរាល់ការផលិតស្នារដៃនានា ដើម្បីលើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិរបស់យើង ឈរលើវិជ្ជាជីវៈត្រឹមត្រូវ» ៕
ចែករំលែកព័តមាននេះ