រុស្ស៊ី ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា ចំនួនអ្នកបាត់បង់ជីវិតជាផ្លូវការរបស់ប្រទេសរុស្ស៊ីដោយសារកូវីដ១៩ បានកើនឡើងដល់ ១០,០២៧នាក់ ដោយមានអ្នកបាត់បង់ជីវិតថ្មីចំនួន១៦៨នាក់ កាលពីថ្ងៃមុននេះ បើយោងតាមតួលេខរបស់ក្រសួងសុខាភិបាលរុស្ស៊ីដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍។

សេចក្តីថ្លែងការណ៍មួយបាននិយាយថា ក្នុងរយៈពេល ២៤ម៉ោង ករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ចំនួន ៦,៦៣២ករណី ត្រូវបានគេរកឃើញនៅក្នុងតំបន់ចំនួន ៨៤ ដែលក្នុងនោះ ១,៩៦០ករណី មិនបានបង្ហាញរោគសញ្ញាណាមួយនៃជំងឺនេះទេ។
នេះនាំចំនួនករណីឆ្លងជំងឺកូវីដ១៩ សរុបនៅក្នុងប្រទេស កើនដល់ ៦៧៤,៥១៥ករណី ដែលជាចំនួនខ្ពស់បំផុតទី៣ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រេស៊ីល។ នេះបើយោងតាមសាកលវិទ្យាល័យ Johns Hopkins។

តួលេខចុងក្រោយ បានកើតឡើងនៅពេលដែលមនុស្សប្រមូលផ្តុំគ្នានៅឧទ្យាន Sokolniki នៃទីក្រុងម៉ូស្គូ កាលពីថ្ងៃសៅរ៍ ដើម្បីធ្វើការតវ៉ាប្រឆាំងនឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលបើកផ្លូវឱ្យប្រធានាធិបតីនាពេលបច្ចុប្បន្ន លោក វ្លាឌីមៀ ពូទីន បន្តកាន់អំណាចរហូតដល់ឆ្នាំ ២០៣៦៕ ដកស្រង់ចេញពីវេបសាយ ៖ cnn (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ