វ៉ាវ! ភ្នំកំពង់ត្រាចមានល្អាងទាក់ទាញស្រស់ស្អាតៗណាស់ ឡូយខប់សម្រាប់ប្លង់ថតរូប
- កំពត
ខេត្តកំពត ៖ សម្រាប់បងប្អូននិយមចូលចិត្តថតរូបទេសភាពល្អាងព្រៃភ្នំពិតជាចង់ដឹងហើយថានៅកំពង់ត្រាច ក្នុងទឹកដីខេត្តកំពតមានទេសភាពស្រស់ស្អាតយ៉ាងណាខ្លះ ។ ប្រាកដណាស់ ភ្នំកំពង់ត្រាច មានទីតាំង នៅក្នុងស្រុកកំពង់ត្រាច នៃខេត្តកំពត និងមានព្រែកកំពង់ត្រាចបានតភ្ជាប់ ភ្នំកំពង់ត្រាច ជាមួយសមុទ្រ នៅត្រង់ចំណុចដៃព្រែកអង្កោល ដែលព្រែកកំពង់ត្រាច មានចំងាយប្រមាណ ១២គីឡូម៉ែត្រ (តាមការសំភាសន៍អ្នកធ្លាប់បើកទូក)។ ហើយមានឈ្មោះថាព្រែកកំពង់ត្រាច ព្រោះមានដើមត្រាចដុះរាប់រយឆ្នាំកន្លងមក នៅមាត់កំពង់ទូក នេះជាការថ្លែងប្រាប់ពី ក្រសួងបរិស្ថានថ្មីៗនេះ។

ក្រសួងបរិស្ថាន បានបន្តថា ព្រែកកំពង់ត្រាច ធ្លាប់មានអ្នកធ្វើជំនួយ ធ្វើដំណើរតាមសមុទ្រមកពីស្រុកចិន និងវៀតណាមចូលមកដល់ភ្នំកំពង់ត្រាច រហូតដល់ឆ្នាំ១៩៨២ ទើបចប់ ព្រោះមានសង់ទំនប់ស្ទាក់ទឹកប្រៃ ឈ្មោះទំនប់កំពង់គ្រញូង ដែលធ្វើឱ្យទូកលេងធ្វើចរាចរទៅមកបាន។

វគ្គ១: ល្អាងព្រះអាទិត្យ និងល្អាងព្រះច័ន្ទ
បើតាមតំណាលរឿងក្នុងរជ្ជកាលព្រះនាង លីវ យី និងព្រះអង្គ ហ៊ុន ទៀន ភ្នំកំពង់ត្រាចមានឈ្មោះថា ភ្នំសំពៅនេប៉ាល់ ជាទីប្រជុំមហាសមុទ្រ ទន្លេបួន និងបារមីមហាព្រហ្មប្រាំពីរត្រួត។
ភ្នំនេះមានល្អាងសំខាន់ៗចំនួន៨ ដែលក្នុងល្អាងនិមួយៗមានសម្រស់ធម្មជាតិពិសេសរបស់ខ្លួន៖
ទី១-ល្អាងព្រះអាទិត្យ ស្ថិតក្នុងភូមិគ្រឹះឥន្ទ្រីសុរិយា។ នៅខាងក្រោមល្អាងនេះ មានស្រះស្រង់ឈ្មោះថាស្រះព្រះអាទិត្យ និងនៅក្នុងល្អាងមានសំពៅព្រះអាទិត្យ និងមានបន្ទប់ព្រះម៉ែសុរិយា។

ទី២-ល្អាងព្រះចន្ទ នៅពេលយប់ថ្ងៃពេញបូរមី យើងអាចមើលព្រះចន្ទដ៏ស្រស់ស្អាតនៅទីនេះ។ ធ្លាប់មានកូនក្រមុំ និងកម្លោះជាច្រើនគូ មុនថ្ងៃរៀបអាពាហ៍ពិពាហ៍ មកថតនៅល្អាងនេះ។ ល្អាងព្រះច័ន្ទក៏ស្ថិតក្នុងភូមិគ្រឹះឥន្ទ្រីសុរិយាដែរ ហើយក្នុងល្អាងនេះ មានបល្ល័ង្គព្រះពុទ្ធ បន្ទប់ចំប៉ា ឬវិហារចាម រូបចំប៉ា (ស្តេចចាម) សំពៅព្រះច័ន្ទ និងមាត់រូងស្លឹកពោធិ៍។

ទី៣- ល្អាងខ្យល់មានទឹកដក់១៥ម៉ែត្របួនជ្រុង និងមានខ្យល់ចេញចូល ដែលទីនេះគេថតកុន។
ទី៤-ល្អាងថ្មកែវមានថ្មកែវភ្លឺៗ ឬថ្មក្រានីត។ ល្អាងសំខាន់ៗមួយចំនួនទៀតនឹងបង្ហាញជូននៅវគ្គក្រោយ ។

តោះ! ត្រៀមខ្លួនកាន់ដៃហាន់នី ទៅកម្សាន្តទាំងអស់គ្នា ដើម្បីផ្តិតយករូបភាពល្អាងភ្នំស្រស់ស្អាតនិងបង្កើតអនុស្សាវរីយ៍ថ្មីៗស្វីតៗទាំងអស់គ្នា៖













ចែករំលែកព័តមាននេះ