ក្រុងព្រះសីហនុ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានមនុស្សប្រុស-ស្រីចំនួន៤នាក់បានរងរបួសធ្ងន់-ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្តនៅលើផ្លូវកំពុងស្ថាបនាថ្មី ម្តុំខាងមុខសាខាពន្ធដាខេត្ត បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងជាង៧ព្រឹក នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ នេះ។

សេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តដែលជនរងគ្រោះជិះ គឺជារថយន្តដឹកអ្នកដំណើរទេសចរណ៍ជនជាតិខ្មែរមកពីលេងខេត្តព្រះសីហនុ ខណៈពេលកំពុងតែឈប់នៅលើចិញ្ចើមផ្លូវ ដើម្បីរៀបចំដាក់ឥវ៉ាន់ពីខាងក្រោយ ហើយបម្រុងត្រឡប់ទៅវិញនោះ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀតបើកបរដោយជនជាតិចិន ក្នុងល្បឿនលឿន ក៏ជ្រុលទៅបុករថយន្តជនរងគ្រោះពីក្រោយ បណ្តាលឱ្យមនុស្សប្រុស៣នាក់ និងស្ត្រីម្នាក់ ដែលកំពុងរៀបចំឥវ៉ាន់ដាក់នៅខាងក្រោយរថយន្តនោះ បណ្តាលអ្នកខ្លះរងរបួសធ្ងន់ និងខ្លះទៀតរងរបួសស្រាល ក្នុងនោះក៏មានបុរសអ្នកបើកបររថយន្តរងគ្រោះក៏បានរងរបួសធ្ងន់ផងដែរ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ឃាត់ខ្លួនជនជាតិចិនដែលជាអ្នកបើកបររថយន្តបង្ក ដើម្បីនាំយកទៅដោះស្រាយបន្ត ចំណែកជនរងគ្រោះដែលរងរបួសក៏ត្រូវបានចាត់ចែងបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដែរ។

សមត្ថកិច្ចប្រាប់បន្ថែមទៀតថា ក្នុងចំណោមអ្នករបួសធ្ងន់ មានបុរសម្នាក់ជាអ្នកដំណើរទេសចរណ៍បានបាត់បង់ជីវិត ខណៈពេលបញ្ជូនទៅមន្ទីរពេទ្យផងដែរ នៅសល់បុរស២នាក់ និងស្ត្រីម្នាក់ទៀត កំពុងសង្គ្រោះបន្ត ។ (កែសម្រួលដោយ ៖ បុប្ផា)







ចែករំលែកព័តមាននេះ