រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនរងគ្រោះម្នាក់ចេញពីដើរលេងរួចជិះម៉ូតូម្នាក់ឯង ជាមួយមិត្តភក្តិជិះម៉ូតូគ្រឿងក្នុងល្បឿនដែរចាប់ហ្វ្រាំងមិនទាន់ក៏ទៅជ្រុលបុករថយន្តបត់ឆ្វេងធ្វើឲ្យម៉ូតូ២គ្រឿងដួលគរលើរថយន្តតែម្តង បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់-ស្រាលចំនួន៣នាក់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋឈរមើលឆ្ងល់ថា តើបុកគ្នាដោយរបៀបយ៉ាងម៉េចបានជាដួលគរលើរថយន្តបែបនេះ? ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចខាងក្រោយផ្សារអ៊ីអន១ តាមផ្លូវសប៊ិត ស្ថិតនៅភូមិ១៤ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ។

ប្រភពពីមិត្តភក្តិអ្នករងគ្រោះទាំង៣នាក់បានឲ្យដឹងថា មុនកើតហេតុ ខ្លួន និងមិត្តភក្តិបានជិះម៉ូតូដើរលេងចំនួន៤គ្រឿង មានគ្នា៦នាក់ លុះមកដល់ចំណុចកើតហេតុ មិត្តភក្តិជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១IF-៨០៤៤ ជិះម្នាក់ឯងបើកទន្ទឹមគ្នានឹងម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១IC-២៤៨០ ជិះគ្នា២នាក់ តាមផ្លូវសប៊ិត ពីត្បូងទៅជើងក្នុងលឿនគួរសមដែរ។

មិត្តភក្តិជនរងគ្រោះបន្តថា ស្របពេលនោះ ស្រាប់តែមានបុរសជនជាតិចិនម្នាក់បើករថយន្តម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB 2829 ពីជើងទៅត្បូង រួចក៏បត់ឆ្វេងលឿនពេក មិត្តភក្តិរបស់គាត់ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុករថយន្តធ្វើឲ្យម៉ូតូទាំង២គ្រឿងបើកទន្ទឹមគ្នានោះដួលគរលើរថយន្តតែម្តង បណ្ដាលឲ្យរងរបួសបែកក្បាល ក្រោយមកត្រូវមិត្តភក្តិផ្សេងទៀតជិះម៉ូតូដឹកទៅគ្លីនិកឯកជន និងទាមទារឱ្យបុរសជនជាតិចិន សងសំណងថ្លៃជួលជុលម៉ូតូទាំង២គ្រឿង និងព្យាបាលរបួសចំនួន១៦០០ដុល្លារ ។

ក្រោយកើតហេតុភាគីទាំងសងខាងមិនអាចសម្របសម្រួលគ្នាបាន បុរសអ្នកបើករថយន្តជនជាតិចិនបានចេញពីកន្លែងកើតហេតុ ទុកតែរថយន្ត ហើយចំណែកម្ចាស់ម៉ូតូរបួសទៅពេទ្យអស់ ក៏ប្រគល់ឱ្យផ្នែកជំនាញវាស់វែងខណ្ឌ យករក្សាទុកជាបណ្ដោះអាសន្នសិនរង់ចាំដោះស្រាយជាក្រោយទៀត ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ