រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា យុវជនម្នាក់ជិះម៉ូតូលឿនតាមបណ្ដោយមហាវិថីព្រះនរោត្ដម ក៏ត្រូវមានរថយន្តបាឡែន១គ្រឿងធ្វើដំណើរកាត់ទទឹងផ្លូវគ្នា រួចក៏ម៉ូតូបុកពេញទំហឹងធ្វើឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ ក្រោយមកត្រូវមិត្តភ័ក្ដិហៅរថយន្តសង្គ្រោះគ្លីនិកឯកជនមកដឹកទៅព្យាបាលរបួសភ្លាមៗផងដែរ ចំណែកអ្នកបើករថយន្តបម្រុងរត់គេចខ្លួនក៏ត្រូវប្រជាពលរដ្ឋនៅកន្លែងកើតហេតុហាមឃាត់មិនឱ្យទៅណា ដើម្បីរង់ចាំសមត្ថកិច្ចមកដល់សិន។

សេចក្តីរាយការណ៍បន្តថា ភ្លាមៗនោះ ស្រាប់តែមានបុរសម្នាក់ទៀតត្រូវជាមិត្តភ័ក្ដិម្ចាស់រថយន្តបានមកដល់កន្លែងកើតហេតុ រួចក៏ប្រកែកជាមួយប្រជាពលរដ្ឋ និងព្យាយាមឱ្យអ្នកបើកបររថយន្តគេចខ្លួន តែត្រូវប្រជាពលរដ្ឋមិនព្រមក៏ឈ្លោះក្របែកគ្នារហូតដល់ប្រើហិង្សា វាយតប់គ្នា បណ្តាលឱ្យរបួសបាក់ខ្ទង់ច្រមុះ បង្កការភ្ញាក់ផ្អើលកាលពីម៉ោង12និង20រំលងអធ្រាត្រឈានចូលថ្ងៃទី4 ខែកក្កដា ឆ្នាំ2020 នៅតាមបណ្តោយមហាវិថីព្រះនរោត្ដម កែងនឹងផ្លូវ380 ស្ថិតក្នុងសង្កាត់បឹងកេងកង1 ខណ្ឌបឹងកេងកង ។

យោងតាមប្រភពពីកន្លែងកើតហេតុប្រាប់ឱ្យដឹងថា មុនកើតហេតុ មានយុវជនម្នាក់មិនស្គាល់អត្តសញ្ញាណជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពីស៊េរីឆ្នាំ2020 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HU-2854 ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះនរោត្ដម ពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតក៏មានរថយន្តកាមរីបាឡែនមួយគ្រឿងទៀត ពណ៌ស ពាក់ស្លាក ភ្នំពេញ 2Z-2506 ធ្វើដំណើរតាមបណ្ដោយផ្លូវ380 ពីលិចទៅកើត ឆ្លងកាត់ផ្លូវព្រះនរោត្ដម ដោយខ្វះការប្រុងប្រយ័ត្ន ក៏ត្រូវម៉ូតូស្កុបពីបុកពេញទំហឹង បណ្តាលឱ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ត្រង់ជើងស្តាំម្ខាង ដេកដួលនៅនឹងថ្នល់តែម្តង ចំណែកម៉ូតូខូចខាតមួយកំណាត់មុខ រីឯរថយន្តខូចខាតមួយកំណាត់មុខចំហៀងខាងឆ្វេង។

ប្រភពដដែលបន្តថា បន្ទាប់ពីកើតហេតុមួយសន្ទុះក្រោយក៏មានមិត្តភ័ក្ដិជនរងគ្រោះបានមកដល់កន្លែងកើតហេតុ រួចដឹកជនរងគ្រោះតាមរថយន្តសង្គ្រោះគ្លីនិកឯកជន ទៅព្យាបាលរបួសបាត់ទៅ ចំណែកអ្នកបើកបររថយន្តបានបើកទ្វាររថយន្តបម្រុងគេចខ្លួន តែត្រូវប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ បានហាមឃាត់មិនឱ្យទៅណានោះទេ រង់ចាំសមត្ថកិច្ចមកដល់សិន នៅពេលនោះក៏មានមិត្តភ័ក្ដិអ្នកបើករថយន្តបានចេញមុខមក អះអាង និងកាងអ្នកបើកបររថយន្តឱ្យរត់គេចខ្លួន តែប្រជាពលរដ្ឋមិនព្រម ក៏កើតជាជម្លោះជាមួយប្រជាពលរដ្ឋ ធ្វើឱ្យប្រជាពលរដ្ឋខឹងក៏នាំគ្នាព្រួតវាយបុរសនោះ បណ្តាលឱ្យរងរបួសបាក់ខ្ទង់ច្រមុះផ្អើលពេញកន្លែងកើតហេតុតែម្តង។

ក្រោយមកក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកង1 ចេញមកអន្តរាគមន៍ភ្លាមៗ តែប្រជាពលរដ្ឋដែលព្រួតគ្នាវាយបុរសនោះក៏នាំគ្នាគេចខ្លួនបាត់ស្រមោលអស់ទៅ នៅសល់តែបុរសដែលកាងរថយន្តនោះនៅស្រែករកយុត្តិធម៌តែម្នាក់ឯងនៅនឹងកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ បុរសដែលកាងរថយន្តហើយត្រូវប្រជាពលរដ្ឋព្រួតគ្នាវាយ បណ្តាលឱ្យរងរបួសនោះមិនបានដាក់ពាក្យបណ្ដឹងនោះទេ ចំណែកឯរថយន្ត និងម៉ូតូក៏ត្រូវសមត្ថកិច្ចជំនាញវាស់វែង រួចយកទៅរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានររាជធានីភ្នំពេញ ដើម្បីរង់ចាំសោះស្រាយគ្នានៅពេលក្រោយ ៕ (កែសម្រួលដោយ ៖ បុប្ផា)

ចែករំលែកព័តមាននេះ