សម្ដេច​តេ​ជោ ៖ មន្ត្រី អ្នកមាន​អំណាច និង​មានទ្រព្យ​ស្តុកស្តម្ភ ល្មម​ចេះ​ឆ្អែត​ឈប់​​ធ្វើបាប​ពលរដ្ឋ​តទៅ​ទៀត


រាជធានី​ភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ថា ជន​ឆ្លៀតឱកាស​ពី​ការ​បែងចែក និង​ទទួល​ដីធ្លី​នឹង​ត្រូវ​មានទោស ដោយ​សម្ដេច​បាន​បញ្ជាក់​សារ​ជា​ថ្មី​ដល់​មន្ត្រី អ្នក​មាន​​អំណាច និង​អ្នកមាន​ទ្រព្យធន​ស្តុកស្តម្ភ​ទាំងឡាយ ល្មម​ចេះ​ឆ្អែត និង​ចេះ​គ្រប់គ្រាន់​ហើយ​ៗ​ឈប់​ធ្វើបាប​ប្រជាពលរដ្ឋ​តទៅ​ទៀត​។

យោង​តាម​ផេ​ក​ផ្លូវការ​នា​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០២០ សម្ដេច​តេ​ជោ​បាន​សរសេរ​ថា កាលពី​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០២0 នៅ​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី បន្ទាប់​ពី​សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជា​ទៅ​ក្រសួង​ទាំង​៣ គឺ​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និង​ក្រសួង​រៀបចំ​ដែនដី ឱ្យ​កាត់​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​អាស្រ័យ​ផល​ក្នុង​តំបន់​អភិរក្ស តំបន់​សត្វព្រៃ និង​តំបន់​ការពារ​ផ្សេង​ៗ​របស់​រដ្ឋ ក្នុង​នោះ​គឺ​សម្តេច​តេ​ជោ បាន​បញ្ជាក់​សង្កត់ធ្ងន់​ច្បាស់​ៗ​ថា ៖

១-​ចំពោះ​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​អាស្រ័យ​ផល​ជាក់ស្តែង​ក្នុង​តំបន់​ដី​រដ្ឋ​ដូច​បញ្ជាក់​ខាងលើ គឺ​ហាម​កាប់​ឆ្ការ​ទន្ទ្រាន​វាតទី​យក​ដី​បន្ថែម គឺ​មិន​អនុញ្ញាត​ជា​ដាច់ខាត​។ កន្លង​មក សម្តេច​តេ​ជោ បាន​សង្កេត​ឃើញ​មាន​តែ​អ្នកមាន​អំណាច និង​អ្នកមាន​ទ្រព្យ​ច្រើន ប្រើ​អ្នក​តូចតាច​ឱ្យទៅ​កាប់​រុករាន​ទន្ទ្រាន​យក​ដី​ឱ្យ​ខ្លួន​។ រីឯ​ចំពោះ​ក្រុម​ជនខិលខូច​ដែល​ទៅ​ទន្ទ្រាន​យក​ដី​រដ្ឋ ក្នុង​មួយ​យប់​ធ្វើ​បាន​ខ្ទម​ពី​១០​ទៅ ២០ ក៏​សម្តេច​តេ​ជោ​បានដឹង និង​កំណត់​អត្តសញ្ញាណ និង​មុខសញ្ញា​រួច​អស់​ហើយ​ដែរ​។ បើ​រក​ឃើញ​ថា អ្នក​ទាំងនោះ​បាន​ប្រព្រឹត្ត​មែន​នោះ គឺ​នឹង​ត្រូវ​ចាប់ខ្លួន​។

២- ចំពោះ​ការ​បែងចែក​ដី​ជូន​ប្រជាពលរដ្ឋ គឺ​ក្រសួង​ពាក់ព័ន្ធ និង​អាជ្ញាធរ​ត្រូវធ្វើ​ឱ្យ​បាន​ហ្មត់ចត់​ត្រឹមត្រូវ ហាម​ដាច់ខាត​ឆ្លៀត​កេង​ចំណេញ​យក​ចំណែក​ខ្លួន​ពី​ការ​បែងចែក​ដី​ជូន​ពលរដ្ឋ គឺ​នឹង​ត្រូវ​ទទួលទោស​ជា​កំហិត​។

៣-​ក្រៅពី​កាត់​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ​ទៅ​តាម​ទំហំ​រស់នៅ​ជាក់ស្តែង គឺ​រដ្ឋ​នឹង​បន្ថែម​ជូន​ផ្ទៃដី​១០​ភាគរយ ជា​ប្រយោជន៍​រួម​សម្រាប់​សហគមន៍​ប្រើប្រាស់​ជា​ព្រៃ​រក​អុស និង​ជា​ជម្រក​សត្វ​គោ ក្របី​ស៊ី​ស្មៅ​ជាដើម​។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​សារ​ជា​ថ្មី​ដល់​មន្ត្រី អ្នកមាន​អំណាច និង​អ្នកមាន​ទ្រព្យធន​ស្តុកស្តម្ភ​ទាំងឡាយ ល្មម​ចេះ​ឆ្អែត និង​ចេះ​គ្រប់គ្រាន់​ហើយ​ៗ ឈប់​ធ្វើបាប​ប្រជាពលរដ្ឋ​តទៅ​ទៀត​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ