ខេត្តមណ្ឌលគិរី ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា គិតមកត្រឹមថ្ងៃអាទិត្យ ទី០៥ ខែកក្កដា ឆ្នាំ២០២០នេះ សពដែលហើមស្អុយរលួយសល់តែស្បែក និងគ្រោងឆ្អឹង ហើយត្រូវបានគេប្រទះឃើញនៅក្នុងព្រៃនាស្រុកពេជ្រាដានោះ ពេលនេះសមត្ថកិច្ចពុំទាន់ស្វែងរកអត្តសញ្ញាណ ឬសាច់ញាតិជនរងគ្រោះបាននៅឡើយទេ ។
បើតាមអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណ បានឱ្យដឹងនៅព្រឹកថ្ងៃទី០៥ ខែកក្កដានេះថា គិតត្រឹមថ្ងៃអាទិត្យនេះ សមត្ថកិច្ចជំនាញរបស់យើងនៅពុំទាន់អាចស្វែងរកអត្តសញ្ញាណនៃសាកសពជនរងគ្រោះបាននៅឡើយ។

លោកបន្តថា ក្រោយពីពិនិត្យលើសាកសព គឺបានស្វែងរកឃើញតែកងដៃប្រាក់ចំនួន៣ អ៊ីចឹងសមត្ថកិច្ចពុំមានអ្វីដែលត្រូវកំណត់យកជាអត្តសញ្ញាណរបស់គាត់បានសោះ និងបានផ្ញើរូបភាពទូទាំងប្រទេស ដើម្បីជួយស្រាវជ្រាវរកបងប្អូនសាច់ញាតិរបស់គ្រួសារណាដែលបានបាត់។ ហើយគ្រប់រាជធានី-ខេត្ត ក៏បានបញ្ជួនព័ត៌មានមកវិញថា គឺពុំមានការបាត់ខ្លួននោះទេ ដូច្នេះទាំងអត្តសញ្ញាណ និងមូលហេតុនៃការបាត់បង់ជីវិតរបស់ជនរងគ្រោះ គឺពុំអាចកំណត់អត្តសញ្ញាណបាននៅឡើយ។
លោកឧត្តមសេនីយ៍ត្រី បញ្ជាក់ថា សពជនរងគ្រោះ គឺបានបញ្ជួនមកតម្កល់នៅវត្តដេអេ ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅ។
ដោយឡែកសេចក្តីរាយការពីស្រុកកែវសីមា បានឲ្យដឹងថា មានស្ត្រីម្នាក់ឈ្មោះមុន ចាន់ធឿន ត្រូវបានក្រុមគ្រួសារប្រកាសថា បានបាត់ខ្លួនជាច្រើនថ្ងៃមកហើយ ដោយពុំទទួលបានដំណឹងអ្វីទាល់តែសោះ។
ករណីនេះ លោកស្នងការដ្ឋានក៏បានផ្តល់ព័ត៌មាននេះទៅក្រុមគ្រួសារផងដែរ ប៉ុន្តែក្រោយពីផ្ទៀងផ្ទាត់រួច ក្រុមគ្រួសារបានអះអាងថា មិនមែនជាសមាជិកគ្រួសារខ្លួនដែលបាត់ខ្លួននោះឡើយ។

សូមរំលឹកថា នៅថ្ងៃទី៤ ខែកក្កដាវេលាម៉ោង១០និង២០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកពេជ្រា សហការជាមួយកម្លាំងការិយាល័យជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រ ព្រមទាំងកម្លាំងនគរបាលប៉ុស្តិ៍ពូជ្រៃ បានចុះទៅពិនិត្យកន្លែងកើតហេតុករណីមនុស្សបាត់បង់ជីវិតនៅចំណុចក្បាលជ្រោះដៃអូរប៉ូយ ស្ថិតក្នុងភូមិចុងផាងឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
ក្រោយពីការពិនិត្យឃើញថា សាកសពមានសភាពស្អុយរលួយអស់ នៅសល់តែស្បែក និងគ្រោងឆ្អឹង មានពាក់អាវសង្រែក ពណ៌ស ស្លៀកខោខ្លីពណ៌ខ្មៅ ជើងខាងស្តាំរបូតចេញពីខ្លួនចំងាយ ១,៦០ម ដៃស្តាំអោបជាប់នឹងដងខ្លួន ដៃឆ្វេងបត់ឡើងលើត្រឹមក្បាល និងពាក់កងដៃប្រាក់ចំនួន៣កង និងជើងខាងឆ្វេងសណ្តូកត្រង់ជាប់នឹងគ្រោងដងខ្លួន ព្រមទាំងមានសក់វែង ពុំមានបាក់ ឬបែកនោះទេ ។
តាមការពិនិត្យជាក់ស្តែងរបស់កម្លាំងជំនាញទៅលើទម្រង់ មុខ សក់ និងកងដៃបញ្ជាក់ថា សាកសពគឺជាមនុស្សស្រីពុំស្គាល់អត្តសញ្ញាណ ដែលបានបាត់បង់ជីវិតមានរយៈពេលប្រហែលជាង១ខែមកហើយ ហើយក្នុងការពិនិត្យលើគ្រោងឆ្អឹងសពទាំងមូលពុំមានស្នាមបាក់បែកចំណុចណាមួយនោះទេ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ