ជាងកំពុងធ្វើការនៅជាន់ក្រោមអគារ ស្រាប់តែមានផ្សែង និងអណ្តាតភ្លើងឆាបឆេះ (វីដេអូ)
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មានករណីអគ្គិភ័យបានឆាបឆេះពិតាន និងជញ្ជាំងអគារមួយកន្លែងដែលមានកំពស់២ជាន់មួយកន្លែង បណ្តាលឱ្យរងការខូចខាតអស់មួយចំនួនធំ ដោយសារតែឆ្លងចរន្តអគ្គិសនី ខណៈជាងមួយក្រុមកំពុងតែនាំគ្នាធ្វើការនៅជាន់ផ្ទាល់ដី ស្រាប់តែឃើញមានផ្សែងខ្មៅហុយទ្រលោម និងអណ្តាតភ្លើងឆេះនៅជាន់ទី១ខាងលើ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងតែម្តង ។

ករណីអគ្គិភ័យខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០២០ នៅចំណុចជាន់ទី១ អគារលេខ៤០ ផ្លូវលេខ ២៧៦ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីនគរបាលបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ខណៈជាងមួយក្រុមកំពុងតែនាំគ្នាធ្វើការងារនៅជាន់ផ្ទាល់ដីសុខៗក៏ស្រាប់តែមានផ្សែងខ្មៅហុយទ្រលោមនៅជាន់ទី១ ហើយក៏បាននាំគ្នារត់ឡើងទៅរកមើល និងឃើញមានអណ្តាតភ្លើងកំពុងតែឆេះចេញពីក្នុងពិតានរបស់អគារ ។ នៅពេលឃើញមានអណ្តាតភ្លើងកំពុងតែឆេះ និងផ្សែងខ្មៅហុយចេញពីពិតានខាងលើនោះ ក៏នាំគ្នាស្រវ៉េស្រវ៉ាយកបំពង់ពន្លត់អគ្គិភ័យ និងទាញទុយោទឹកទៅបាញ់ពន្លត់ដែរ តែមិនអាចពន្លត់បានឡើយ ហើយភ្លើងក៏បានឆេះរាលដាលមកដល់ជញ្ជាំងខាងក្រោមថែមទៀត។

តាមប្រភពដដែលបានប្រាប់ឱ្យដឹងថា បន្ទាប់ពីមានការភ្ញាក់ផ្អើលខាងលើកើតឡើង ភ្លាមនោះកម្លាំងសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ និងហៅរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញចំនួន ៣គ្រឿងចុះមកជួយធ្វើអន្តរាគមន៍ភ្លាមៗ ដោយបានវាយបំបែកពិតាន និងជញ្ជាំងរបស់អគារ ដើម្បីធ្វើការបាញ់ទឹកពន្លត់ ទើបធ្វើអោយភ្លើងរលត់ ដោយមិនបានឆេះរាលដាលទៅដល់ផ្ទះជិតខាងតទៅទៀត។

ក្នុងករណីអគ្គិភ័យនេះដែរ គឺបានកើតឡើងដោយសារតែការឆ្លងចរន្តអគ្គិសនី ទើបបង្កអោយមានអគ្គិភ័យឆាបឆេះឡើង ដោយបានឆេះបំផ្លាញអស់ពិដាន និងជញ្ជាំងនៃអគារអស់មួយចំនួនធំ ហើយកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញអស់ចំនួន៣គ្រឿង ហើយបានពន្លត់ភ្លើងរលត់ទៅវិញអស់ទាំងស្រុងនៅវេលាម៉ោង២និង៥០នាទីរសៀលថ្ងៃដដែលនោះផងដែរ ៕ (កែសម្រួលដោយ ៖ ធីតា)




























ចែករំលែកព័តមាននេះ