ខេត្ដព្រះវិហារ ៖ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ មន្ត្រីនៃមន្ទីរបរិស្ថានខេត្ដព្រះវិហារ និងកម្លាំងកងរាជអាវុធហត្ថ បានចាប់ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពីបទអារកាត់ឈើ និងបរបាញ់សត្វព្រៃ(សត្វទន្សោង) នៅចំណុចខាងលិចភ្នំត្នោត ក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក។ នេះបើយោងតាមផេកក្រសួងបរិស្ថានចេញផ្សាយនៅថ្ងៃទី០៤ ខែកក្កដា នេះ។

ជនសង្ស័យទាំង០៣នាក់ រស់នៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ។ ចំណែកវត្ថុតាងដែលត្រូវបានដកហូតរួមមាន ឈើអាររួចមួយចំនួន គោយន្ត០១គ្រឿង រណាយន្ត០១គ្រឿង និងសាច់ និងឆ្អឹងទន្សោងប្រមាណ១០គីឡូក្រាម ។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកដល់មន្ទីរបរិស្ថានខេត្ដ ដើម្បីសួរនាំបន្ថែម និងចាត់វិធានការតាមផ្លូវច្បាប់ ។ នាថ្ងៃដដែល កម្លាំងមន្ត្រីការពារទេសភាពប្រាសាទបាកាន និងមន្ត្រីឧទ្យានុរក្សស្នាក់ការតាសែង សហការជាមួយកម្លាំងនគរបាលបានចុះទៅពិនិត្យចំណុចភ្នំបាំង តាមការចង្អុលបង្ហាញពីលោកអភិបាលស្រុកថា នៅទីនោះមានត្រាក់ទ័រភ្ជួរដី និងបានចុះល្បាតផងដែរនៅចំណុចបឹងប្រដាក និងចំណុចប្រាសាទបឹងស្រែ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសដែលអាចកើតមាន ។

ដោយឡែកនៅតំបន់បេតិកណ្ឌធម្មជាតិ ភ្នំត្បែង មន្ត្រីឧទ្យានុរក្សបានចុះល្បាតរួមជាមួយសហគមន៍តំបន់ការពារធម្មជាតិតាំងយូរដល់ចំណុចព្រៃត្រពាំងស្មាច់ប្រទះឃើញសត្វស្វាក្តាម០២ក្បាល ផងដែរ ៕
ចែករំលែកព័តមាននេះ