ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៤ កក្កដានេះ នៅក្នុងភូមិកូនសេក សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ដែលជាប់សង្ស័យប្រើកាំភ្លើងច្នៃបាញ់ទៅលើអ្នកភូមិម្នាក់ បណ្ដាលឱ្យរងរបួសក្បាល ។

អធិការក្រុងបាត់ដំបងលោក ឆាង វណ្ណឆៃ បានប្រាប់ថា កម្លាំងរបស់លោកបានធ្វើការឃាត់ខ្លួនជនសង្ស័យ គឺធ្វើឡើងក្រោយពីទទួលពាក្យបណ្ដឹងជនរងគ្រោះ ឈ្មោះ សៀន វុទ្ធី ភេទប្រុស អាយុ៥១ឆ្នាំ នៅភូមិកូនសេក សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។
ជនរងគ្រោះបានចោទជនសង្ស័យថា បានប្រើប្រាសកាំភ្លើងច្នៃ (កាំភ្លើងខ្យល់) លបបាញ់គាត់ កាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី០៣ កក្កដា ត្រូវចំក្បាលបណ្ដាលឱ្យរបួសឈាមជោកខ្លួន ។
លោកអធិការបានបញ្ជាក់ថា ក្រោយទទួលបណ្ដឹងនៅថ្ងៃដដែលនេះ ទើបកម្លាំងជំនាញចុះទៅឃាត់ខ្លួនសង្ស័យឈ្នោះ មឿត សាមឿន ភេទប្រុស អាយុ៣០ឆ្នាំ ដល់ផ្ទះ ដែលស្ថិតនៅភូមិ. សង្កាត់ខាងលើ ។
ជាមួយនឹងការឃាត់ខ្លួន ឈ្មោះ មឿត សាមឿន បានសារភាពថា ខ្លួនពិតជាបានប្រើប្រាស់កាំភ្លើងច្នៃ បាញ់ទៅលើអ្នកភូមិឈ្មោះ សៀន វុទ្ធី មែន ។ ជននេះបានប្រាប់សមត្ថកិច្ចថា ខ្លួនធ្លាប់មានជម្លោះជាមួយជនរងគ្រោះនាពេលកន្លងមកទើបធ្វើឲ្យមានគំនុំនៅក្នុងខ្លួនជាប់រហូតឈានដល់ខ្លួនទ្រាំមិនបានក៏ទាញកាំភ្លើងខ្យល់លបបាញ់ក្បាលជនរងគ្រោះតែម្ដង។
លោក ឆាង វណ្ណឆៃ អធិការក្រុងបាត់ដំបងបានថ្លែងថា ខ្មាន់កាំភ្លើងច្នៃនេះបានលបបាញ់ជនរងគ្រោះ ដើម្បីសងសឹករំសាយគំនុំចាស់ ។ ជនរងគ្រោះរងរបួសចំក្បាល ហើយបច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ ។
ដោយឡែកជនដៃដល់ត្រូវមន្ត្រីជំនាញរបស់លោកកំពុងសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ ៕
ចែករំលែកព័តមាននេះ