ក្នុងពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការផ្ទុះជំងឺកូវីដ ១៩ អ្នកមានស្តុកស្តម្ភបានចំណាយលុយដើម្បីប្តូរយកភាពស្ងប់អារម្មណ៍វិញតាមរយៈការហោះហើរលើយន្តហោះផ្ទាល់ខ្លួន ធ្វើដំណើរតាមនាវាឯកជន និងការរស់នៅបន្ទប់ក្រោមដីជាដើម ។

ហើយយោងទៅតាម Business Insider បានឲ្យដឹងថា អ្នកមានទាំងនេះក៏មានផែនការត្រៀមខ្លួនរួចជាស្រេចសម្រាប់ការផ្ទុះជំងឺនៅថ្ងៃអនាគតដែរ ។
ក្នុងពេលដែលវិស័យអាកាសចរណ៍ទទួលរងការប៉ះពាល់យ៉ាងខ្លាំងព្រោះតែកូវីដ ១៩ វិស័យហោះហើរឯកជនបែរជាមើលឃើញការលូតលាស់ទៅវិញ ។ លោក ផាតទ្រីក ហ្គាលាហឺ (Patrick Gallagher) ដែលជាប្រធានរបស់ក្រុមហ៊ុន NetJets បានប្រាប់មកថា ប្រសិនបើអ្នកជាមនុស្សដែលមានបញ្ហាសុខភាពស្រាប់ និងមិនអាចធ្វើការហោះហើរតាមយន្តហោះធម្មតាបាន វាជាអ្វីដែលអ្នកត្រូវតែធ្វើប្រសិនបើអ្នកចង់ឃើញចៅ ឬចង់ប្តូរទីតាំងទៅស្នាក់នៅផ្ទះវិស្សមកាលផ្សេងៗ ។
ខណៈដែលនាវាធំៗបានក្លាយជាកន្លែងដែលបង្កឲ្យមានការរាតត្បងជំងឺកូវីដ ១៩ ច្រើនជាងគេ នាវាឯកជននៅតែជាវិធីល្អសម្រាប់អ្នកមានស្តុកស្តម្ភក្នុងការផ្តាច់ខ្លួនពីអ្នកដទៃ ។
ក្រុមហ៊ុន Burgess Yacths បានរៀបចំកម្មវិធីជាច្រើនសម្រាប់មនុស្សទាំងនេះតាំងពីពេលមានការផ្ទុះជំងឺដំបូង ។ លោក ថនណាថេន បេកេត (Jonathan Beckett) ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះបានប្រាប់មកថា នាវាទាំងនេះមានស្តុកនូវសម្ភារប្រើប្រាស់ និងអាហារសម្រាប់ជាច្រើនខែ ហើយថែមទាំងមានផ្តល់សេវាបង្រៀនកូនៗ និងចុងភៅបង្រៀនធ្វើម្ហូបថែមទៀត ។
ក្នុងការត្រៀមខ្លួនសម្រាប់ការផ្ទុះជំងឺនៅថ្ងៃអនាគត ក្រុមគ្រួសារអ្នកមានដទៃបានជ្រើសរើសបន្ទប់ក្រោមដីសម្រាប់ការពារពួកគេពីការគម្រាមកំហែងទាំងអស់ទៅវិញ ។ លោក រ៉ូបឺត វីស៊ីណូ (Robert Vicino) ដែលជានាយកប្រតិបត្តិរបស់ Vivos Group បានប្រាប់ដល់ Business Insider ថាលោកមើលឃើញការលក់បន្ទប់ក្រោមដីកើនឡើងបន្ទាប់ពីមានការផ្ទុះជំងឺកូវីដ ១៩ ។
លោកបានប្រាប់មកថា កូវីដ ១៩ បានធ្វើឲ្យមនុស្សជាច្រើនផ្ញាក់ខ្លួនថា ពួកគេមិនទាន់មានអ្វីដែលអាចការពារពួកគេពីជំងឺទាំងនេះបានឡើយ ៕
ចែករំលែកព័តមាននេះ