មានការហ្វឹកហាត់ជំនាញអនឡាញដែលអ្នកធ្វើការ Freelance អាចរៀនសូត្រតាមប្រសិនបើពួកគេចង់ពង្រឹងគុណសម្បត្តិរបស់ខ្លួនដោយព្យាយាមរៀនយកសញ្ញាប័ត្រកាន់តែខ្ពស់ជាដើម ។ ប៉ុន្តែសំណួរដែលសំខាន់គឺ តើអ្នកគួរតែចំណាយពេល និងថវិកាទៅលើការពង្រឹងគុណសម្បត្តិទេដើម្បីបានការងារបន្ថែម?

ជាក់ស្តែង សម្រាប់ការងារមួយចំនួន សមត្ថភាពរបស់អ្នកបំពេញការងារ គឺពិតជាសំខាន់ណាស់ ប៉ុន្តែវាមិនគួរជាចំណុចតែមួយដែលអាចជួយរកការងារបន្ថែមឲ្យអ្នកទេ ។
លោក រីឆាត ហ្គ្រេស (Richard Grace) ដែលជានាយកម្នាក់ប្រចាំ Grape Graphic Desgin បានប្រាប់ថា បទពិសោធន៍គួរតែជាកត្តាសំខាន់ជាងគេព្រោះវារួមមានបទពិសោធន៍ទំនាក់ទំនងជាមួយអតិថិជន សម្រេចកិច្ចការមុនពេលកំណត់ និងការដោះស្រាយបញ្ហាផ្សេងៗជាដើម ។
ចំណែកឯលោក ឆេស ហ្គឺសឺ (Chase Geiser) ដែលជាអ្នកជំនាញផ្នែកផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថលវិញបានប្រាប់មកថា ការរៀនអនឡាញ និងចុះឈ្មោះរៀនក្នុងកម្មវិធីអ្វីមួយដើម្បីទទួលបានសញ្ញាប័ត្របញ្ជាក់ គឺជារឿងល្អមួយសម្រាប់អ្នកដែលទើបតែចាប់ផ្តើមដំបូងដែលចង់ស្គាល់ពីឧបករណ៍ឬវិស័យឲ្យបានច្បាស់លាស់ ។ ប៉ុន្តែពួកគេត្រូវតែមានការប្រុងប្រយ័ត្នព្រោះមានវគ្គសិក្សាជាច្រើនដែលបង្រៀនអ្វីដែលហួសសម័យទៅហើយ ។
អ្នកស្រី អេរិកា វ៉ូលហ្វម៉ូរ៉េយ (Erica Wolfe-Murray) ក៏បានប្រាប់ដែរថា ប្រសិនបើការងារត្រូវការបច្ចេក ទេស ឬជំនាញច្បាស់លាស់នោះ អតិថិជនអាចនឹងត្រូវការទាំងគុណសម្បត្តិ និងបទពិសោធន៍ ។ ប៉ុន្តែប្រសិនបើគុណសម្បត្តិមិនសំខាន់សម្រាប់លទ្ធផលទេនោះ ពួកគេនឹងជ្រើសរើសអ្នកដែលមានបទពិសោធន៍ច្រើនជាង ។
ហើយការយល់ដឹងពីអ្វីដែលអតិថិជនចង់បានគឺពិតជាសំខាន់ណាស់សម្រាប់អ្នកធ្វើការ Freelance ។ ដូច្នេះមិនថាអ្នកសម្រេចចិត្តរៀនបន្ថែមដើម្បីបានសញ្ញាប័ត្របញ្ជាក់ជាច្រើន ឬធ្វើការដកបទពិសោធន៍ទេ អ្នកស្រីអេរិកាបានប្រាប់មកថា អ្នកមិនគួរមើលរំលងអ្វីដែលអ្នកឲ្យតម្លៃឡើយ ។
អ្នកស្រីបានប្រាប់មកថា សញ្ញាប័ត្រ ជំនាញ ឬបទពិសោធន៍គ្មានតម្លៃឡើយប្រសិនបើអ្នកមិនអាចបង្កើតបានលទ្ធផលដែលអតិថិជនចង់បាន ៕
ចែករំលែកព័តមាននេះ