យោងទៅតាមរបាយការណ៍របស់ Wealth-X ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ៍បានឲ្យដឹងមកថា តាំងពីខែមករាដល់ខែឧសភានៅឆ្នាំនេះ ប្រមាណ ១០.៩% នៃមហាសេដ្ឋីចំនួន ២,៨២៥នាក់ទូទាំងពិភពលោកបានបរិច្ចាគទៅសប្បុរសធម៌ដែលឆ្លើយតបនឹងកូវីដ ១៩ ។

អ្នកនាំពាក្យម្នាក់របស់ Wealth-X បានប្រាប់ទៅ CNBC Make It ថា មហាសេដ្ឋីដទៃអាចនឹងបរិច្គាគដែលប៉ុន្តែបរិច្ចាគដោយមិនបញ្ចេញឈ្មោះ ហើយមហាសេដ្ឋីកាន់តែច្រើនអាចនឹងបរិច្ចាគនៅឆមាសទីពីរនាឆ្នាំនេះ ។ មហាសេដ្ឋីមួយចំនួនក៏បានបរិច្ចាគជាសម្ភារៈដែរដូចជាឧបករណ៍ការពារខ្លួនជាដើម ។ បន្ទាប់ពីមានការផ្ទុះជំងឺកូវីដ ១៩ កន្លងមកនេះ មហាសេដ្ឋីជុំវិញពិភពលោកត្រូវបានរិះគន់ថាមិនបានចូលរួមបរិច្ចាគគ្រប់គ្រាន់ ។
យោងតាមការស្ទង់មតិរបស់ Washington Post កាលបីខែមិថុនាបានឲ្យដឹងថា ថវិកាដែលបានពីការបរិច្ចាគរបស់មហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេទាំង ៥០នាក់ក្នុងសហរដ្ឋអាមេរិកមានសរុបស្មើតិចជាង ០.១% នៃទ្រព្យសម្បត្តិសរុបរបស់ពួកគេទៅទៀត ។
ប៉ុន្តែមហាសេដ្ឋីមួយចំនួនបានបរិច្ចាគរាប់លានដុល្លារទៅហើយដូចជាលោកមហាសេដ្ឋី ចាក ដរស៊ី (Jack Dorsey) ដែលជាសហស្ថាបនិករបស់ Twitter ជាដើមបានបរិច្ចាគ ១ប៊ីលានដុល្លារក្នុងទម្រង់ជាភាគហ៊ុនរបស់ Square ទៅសប្បុរសធម៌ ។
ជាមួយគ្នានេះផងដែរ លោកមហាសេដ្ឋី ប៊ីល ហ្គេតស៍ (Bill Gates) ដែលជាសហស្ថាបនិករបស់ Microsoft បានបរិច្ចាគយ៉ាងតិចណាស់ក៏ ៣៥០លានដុល្លារដែរតាមរយៈមូលនិធិ Bill and Melinda Gates Foundation ។
យោងទៅតាមរបាយការណ៍របស់ Wealth-X បានឲ្យដឹងទៀតថា មហាសេដ្ឋីដែលបានប្រកាសជាសាធារណៈថាបានបរិច្ចាគជាថវិកាទៅសប្បុរសធម៌ជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភជាងគេ និងមានអាយុក្មេងៗជាងអ្នកដែលមិនបានបរិច្ចាគ ។ លើសពីនេះទៅទៀត ៧១% នៃមហាសេដ្ឋីដែលបានបរិច្ចាគលុយ គឺជាអ្នកដែលមានកសាងទ្រព្យសម្បត្តិពីបាតដៃទទេ ៕
ចែករំលែកព័តមាននេះ