ខេត្តបាត់ដំបង ៖ កម្លាំងនគរបាលការិយាល័យចរាចរណ៍នៃស្នងការខេត្ត ហាក់បានស្ទុះស្ទារយ៉ាងខ្លាំង
ក្នុងការតាមចាប់រថយន្តធុនធំ ដែលដឹកទំនិញចូលលុកលុយពាសពេញក្នុងក្រុងបាត់ដំបងនាប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលជាការបំពានស្លាកសញ្ញាហាមឃាត់ បន្ទាប់ពីកម្លាំងការិយាល័យជំនាញមួយនេះបានរងការរិះគន់ខ្លាំង និងមិនឈប់ឈរពីមហាជនពីភាពអសកម្មក្នុងការអនុវត្តច្បាប់ចរាចរណ៍ ។

ការតាមបង្រ្កាបរថយន្តខ្នាតយក្សបើកចូលក្រុងបំពានស្លាកសញ្ញាហាមឃាត់នេះ គេឃើញកម្លាំងនគរបាល ការិយាល័យនេះនៅតែបន្តធ្វើទៀត នៅថ្ងៃទី០៣ កក្កដា ដែលដឹកនាំដោយលោក ចាន់ សុធី ប្រធានការិយា ល័យចរាចរណ៍ជើងគោកខេត្ត ដើម្បីនាំយកទៅធ្វើកិច្ចសន្យា និងធ្វើការផាកពិន័យតាមនិតិវិធីច្បាប់ ។លោក ចាន់ សុធី បាននិយាយថា មួយរយៈកន្លងទៅនេះ រថយន្តធុនធ្ងន់ជាច្រើន ពិតជាបានបើកចូលក្នុងក្រុង បំពានស្លាកសញ្ញាហាមឃាត់មែន តែយើងក៏ធ្លាប់ចាប់បាន នាំទៅធ្វើកិច្ចចន្យាជាបន្តបន្ទាប់ហើយដែរ តែ នៅមានរថយន្តខ្លះហាក់ធ្វើមិនដឹងមិនឮ ហើយដឹកទំនិញសំពីងសំពោងបើចូលក្រុងយ៉ាងអនាធិបតេយ្យ ដដែល។

មានការកត់សម្គាល់ផងដែរ ជុំវិញការហាមឃាត់មិនអនុញ្ញាតឲ្យរថយន្តធុនធ្ងន់ដឹកទំនិញចូលក្រុង និងទីប្រជុំជនខាងលើនេះ ។ បើយោងតាមសារាចរណ៍ណែនាំរបស់អាជ្ញាធរខេត្ត គឺសារាចរណ៍នេះ បានបង្កើតឲ្យមានរាប់សិបឆ្នាំកន្លងមកហើយ តាមរយៈគណៈបញ្ជាការកងឯកភាពខេត្ត ដែលមានលោកអភិបាលខេត្តជាប្រធាន ។ សារាចរណ៍ណែនាំនេះ គឺហាមដាច់ខាតមិនអនុញ្ញាតឲ្យរថយន្តធុនធ្ងន់ ពាក់ស្លាកលេខដែលមាន«ក្បាល៣»ឡើងទៅបើកចូលក្រុង ឬទីប្រជុំជននានាឡើង ហើយតម្រូវឲ្យមន្រ្តីជំនាញ ត្រូវដាក់ស្លាកសញ្ញាហាមឃាត់ នៅតាមច្រកផ្លូវនានាចូលក្នុងក្រុងទៀតផង ។ សារាចរណ៍នេះ ត្រូវបានប្រគល់ឲ្យមន្រ្តីចរាចរណ៍ផ្លូវគោកជាអនុវត្តផ្ទាល់។

ប៉ុន្តែគេសង្កេតឃើញការអនុវត្តសារាចរណ៍នេះ បានតែមួយដង្ហើមចង្រិតតែប៉ុណ្ណោះ ស្រាប់តែបង្កឲ្យមានរឿងអាស្រូវផ្ទុះឡើងជាបន្តបន្ទាប់ តាមរយៈការប្រព្រឹត្តអំពើរពុករលួយស៊ីសំណូកសូកប៉ាន់ជាថ្នូរនឹងការអនុញ្ញាតឲ្យរថយន្តខ្នាតយក្សទាំងនោះ ដឹកទំនិញចូលក្នុងក្រុង ក្នុងសកម្មភាពលួចលាក់ ហើយវប្បធម៌ ឃុំឃិតប្រព្រឹត្តអំពើពុករលួយនេះ បានបន្សល់ទុករហូតមកដល់សព្វថ្ងៃនេះ ។ រីឯលោកអភិបាលខេត្ត ក្នុងឋានៈលោកជាប្រធានគណៈបញ្ជាការកងឯកភាពខេត្ត ត្រូតលើសារាចរណ៍ណែនាំនេះគេមិនដែលឃើញមានប្រតិកម្មទៅនឹងសកម្មភាពមិនប្រក្រតីរបស់មន្រ្តីអនុវត្តច្បាប់នេះទេ បើទោះជាបានឃើញរថយន្តល្មើសច្បាប់ចរាចរណ៍ទាំងនោះ បើកបំពានស្លាកសញ្ញាហាមឃាត់ចូលពាសពេញក្រុងបែបណាក្ដី ។

បើនិយាយអំពីកិច្ចប្រតិបត្តិការចុះបង្រ្កាបរថយន្តល្មើសច្បាប់ នាពេលនេះវិញ បើតាមមន្រ្តីកំប៉ិកកំប៉ុក ដែលចុះអនុវត្តខ្លះបានត្អូញត្អែរថា «ពួកគេជួបការលំបាកបំផុត នៅពេលចុះចាប់រថយន្តល្មើសច្បាប់បើកចូលក្រុងម្ដងៗ» ។ ពួកគេនិយាយថា «រឿងដែលលំបាកនោះ គឺប្រធានការិយាល័យ បញ្ជាឲ្យចុះចាប់ផ្ទាល់ តែលោកស្នងការរងគ្រប់គ្រងចរាចរណ៏ជាអ្នកអន្តរាគមន៍បញ្ជាឲ្យដោះលេង.. មិនដឹងត្រូវស្ដាប់បញ្ជាមេមួយណានោះទេ» ។

ប៉ុន្តែយ៉ាងណាក៏ដោយ ក្រោយពីមហាជនរិះគន់ខ្លាំងៗ វាយប្រហារតាមរយៈបណ្ដាញសង្គមនានាអំពីភាពអសកម្មរបស់មន្រ្តីការិយាល័យចរាចរណ៍ ពេលនេះគេឃើញ លោកចាន់ សុធី ហាក់បានស្ទុះស្ទារប្រឹងប្រែងខ្វែងខ្វាត់ ដើម្បីតាមចាប់រថយន្តយក្សដែលផ្គើននឹងស្លាកសញ្ញាហាមឃាត់មិនឲ្យចូលក្នុងក្រុង ។ លោក ចាន់ សុធី ហាក់បានទទួលស្គាល់ថា រថយន្តដឹកទំនិញសំពីងសំពោង និងរថយន្តធុនធ្ងន់ (រថយន្តធំ) ពិត
ជាបានឆ្មក់ចូលក្រុងមែន នៅពេលមន្រ្តីជំនាញភ្លេចខ្លួន តែយ៉ាងណា ពេលនេះកម្លាំងចរាចរណ៍កំពុងធ្វើហើយ ។

ដោយឡែក មន្រ្តីតូចតាចវិញ ក៏បានអះអាងដែរថា ការចុះចាប់រថយន្តធំៗចូលក្រុងបំពានច្បាប់ មួយរយៈចុងក្រោយនេះ ដូចជាមិនឃើញមានការអន្តរាគមន៍ពីលោកស្នងការរង គ្រប់គ្រងចរាចរណ៍ដូចមុនៗទេ។ ពោលគឺស្ងាត់ស្ងៀមតែម្ដង ៕
ចែករំលែកព័តមាននេះ