មិនមាននរណាដែលអាចទស្សន៍ទាយដឹងទេថាឆ្នាំ ២០២០ នឹងមានការផ្ទុះជំងឺដ៏កាចសាហាវជុំវិញពិភពលោកដូច្នេះ ។ វិបត្តិដ៏ធំនេះមិនត្រឹមតែផ្តល់ភាពស្រពេចស្រពិលសម្រាប់សេដ្ឋកិច្ចប្រទេសទេ តែវាថែមទាំងផ្តល់ការលំបាកសម្រាប់មនុស្សមួយចំនួនដែលមានគម្រោងប្តូរការងារផងដែរ ។ សម្រាប់អ្នកដែលនៅស្ទាក់ស្ទើរ ខាងក្រោមនេះជាមូលហេតុមួយចំនួនដែលបង្ហាញថាពេលនេះជាពេលល្អក្នុងការប្តូរការងារ ៖

១. អ្នកចង់ដឹងពីឱកាសផ្សេងៗដែលអ្នកអាចរកបាន
ពេលនេះជាពេលល្អក្នុងការវិភាគឡើងវិញថាមានអ្វីក្នុងការងាររបស់អ្នកដែលស្របទៅនឹងគោលដៅក្នុងជីវិតរបស់អ្នក ។ ហើយការរកការងារថ្មីអាចនាំយកអត្ថប្រយោជន៍ជាច្រើនព្រោះវាជំរុញឲ្យមនុស្សឆ្ងល់ពីខ្លួនឯង និងអ្វីដែលពួកគេអាចធ្វើបានដើម្បីសម្រេចបានអ្វីដែលស្របទៅនឹងគោលដៅក្នុងជីវិតរបស់ខ្លួន ។
២. ឱកាសការងារកំពុងតែកើនឡើងសម្រាប់មនុស្សដែលចេះបត់បែន
ទោះជាក្នុងវិស័យមួយចំនួនកំពុងមើលឃើញមានការបាត់បង់ការងារច្រើនពិតមែន វិស័យមួយចំនួនទៀតដែលកំពុងមានការលូតលាស់និងអភិវឌ្ឍន៍កំពុងតែត្រូវការមនុស្សកាន់តែច្រើនទៅវិញ ដូចជាផ្នែកបច្ចេកវិទ្យា ការកម្សាន្តអនឡាញ ការរៀនអនឡាញ និងសុខាភិបាលជាដើម ។ ហើយពេលនេះជាពេលល្អក្នុងការរៀនពីផ្នែកផ្សេងៗ និងព្រមទាំងពង្រឹងជំនាញដែលអ្នកមានស្រាប់ផងដែរ ។
៣. អ្នកអាចរកការងារជាមួយមិត្តភក្តិម្នាក់ទៀតបាន
នៅពេលដែលអ្នកបាក់ទឹកចិត្ត ឬនឿយហត់នឹងការរកការងារថ្មី អ្នកអាចរកមិត្តម្នាក់ដែលកំពុងរកការងារដូចអ្នកដែរដើម្បីដាក់ពាក្យជាមួយគ្នា ។ ការធ្វើដូច្នេះក៏ជួយធានាថាអ្នកមិនខ្ចិលច្រអូសនិងមិនឯការក្នុងដំណើរការដ៏មានសម្ពាធនេះ ។
៤. វាជាពេលដែលអ្នកគួរធ្វើអ្វីដែលធ្វើឲ្យអ្នកសប្បាយចិត្ត
មនុស្សមិនគួរប្តូរការងារឲ្យតែបានៗ ឬព្រោះតែមនុស្សជុំវិញខ្លួនបានប្តូរទេ ។ ជម្រើសនេះគួរតែត្រូវបានសម្រេចដោយយកសុភមង្គលរបស់អ្នកជាធំ ជាពិសេសសុភមង្គលក្នុងរយៈពេលវែងសម្រាប់អ្នក ។ គន្លឹះក្នុងការធ្វើដូច្នេះគឺការព្យាយាមយល់ពីខ្លួនឯង និងធ្វើការស្រាវជ្រាវឲ្យបានច្បាស់លាស់ ៕
ចែករំលែកព័តមាននេះ