ត្រៀមឱ្យហើយទៅ! អ្នកធ្វើរបងឱ្យផ្លូវរួមតូច អាជ្ញាធរប្រើធម៌ក្តៅវាយពង្រីកផ្លូវ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មួយរយៈពេលនេះ គេសង្កើតឃើញថា អាជ្ញាធរសង្កាត់ចោមចៅទី៣ ក្នុងខណ្ឌពោធិ៍សែនជ័យ ហាក់មានការមមាញឹកក្នុងការប្រើធម៌ក្ដៅទៅលើអ្នកដែលសាងសង់សំណង់ផ្សេងៗរំលោភលើចិញ្ចើមផ្លូវ ឬអ្នកដែលសង់របងបង្កឱ្យផ្លូវតូចចង្អៀតជាដើម ។ បន្ទាប់ពីជូនដំណឹងឲ្យរុះរើ តែមិនព្រមរុះ ឬក៏អ្នកខ្លះព្រមហើយ តែអត់មានកម្លាំងដើម្បីរុះរើនោះ គឺអាជ្ញាធរសង្កាត់មួយនេះក៏បានដាក់កម្លាំងនិងគ្រឿងចក្រចុះទៅធ្វើការរុះរើតែម្ដង។

ជាក់ស្ដែង នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ របងថ្មដែលស្ថិតនៅតាមបណ្ដាយផ្លូវលំមួយកន្លែង ស្ថិតនៅខាងក្រោយវត្តជម្ពូវ័ន ក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានកម្លាំងអាជ្ញាធរសង្កាត់ចោមចៅទី៣ដាក់កម្លាំង និងគ្រឿងចក្រអេស្កាវ៉ាទ័រចុះទៅវាយ ដើម្បីពង្រីកផ្លូវឲ្យមានលក្ខណៈធំទូលាយ និងស្ថាបនាដោយការចាក់បេតុងថ្មីរឹងមាំទុកជាចំណងដៃសម្រាប់អ្នកភូមិខាងលើ និងប្រជាពលរដ្ឋទូទៅប្រើប្រាស់។

អាជ្ញាធរបានបញ្ជាក់ថា មកដល់ពេលនេះហើយនៅក្នុងមូលដ្ឋាត្រូវតែមានការអភិវឌ្ឍ ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធតែម្ដង ដូច្នេះរាល់ផ្លូវដែលមានសភាពតូចចង្អៀតរកតែជិះកង់ ជិះម៉ូតូឬដើរចៀសគ្នាមិនចង់រួចនោះគឺត្រូវតែលុបបំបាត់ជាបណ្ដើរៗ ហើយជំនួសមកវិញនូវផ្លូវធំទូលាយតាមរយៈការពង្រីកតាមលទ្ធភាពដែលមាន ដើម្បីបង្កការងាយស្រួលក្នុងការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ ប្រើប្រាល់ក្នុងការបញ្ចៀសរាល់ការកកស្ទះចរាចរណ៍នៅតាមផ្លូវធំជាដើម ជាងនេះទៀតក៏ងាយស្រួលក្នុងការចុះទៅសង្គ្រោះនៅពេលដែលមានគ្រោះមហន្តរាយណាមួយកើតឡើងជាយថាហេតុដូចជាអគ្គិភ័យជាដើម។

តាមប្រភពដដែលបានបន្តទៀតថា ដោយឡែកផ្លូវ១ខ្សែដែលកំពុងតែវាយរបងថ្មពង្រីកនាពេលនេះគឺជាផ្លូវលំដែលមានទំហំទទឹងកន្លែងខ្លះ៣ម៉ែត្រ និងកន្លែងខ្លះទៀតមិនដល់៣ម៉ែត្រទេ និងមានទឹកលិច ភក់ជ្រាំ នៅរដូវវស្សាធ្វើឲ្យបងប្អូនប្រជាពលរដ្ឋជួបការលំបាកច្រើន ។

តាមប្រភពដដែលបានបន្តទៀតថា ពេលនេះដោយមានគម្រោងអភិវឌ្ឍរបស់សាលារាជធានីភ្នំពេញ អាជ្ញាធរសង្កាត់ចោមចៅទី៣បានធ្វើការជូនដំណឹងដល់ក្រុមហ៊ុនឯកជននិងបងប្អូនប្រជាពលរដ្ឋដែលស្ថិតនៅអមសងខាងផ្លូវនេះរុះរើរបង ឬអ្វីដែលជាផលប៉ះពាល់ចេញ ក្នុងគោលបំណងដើម្បីពង្រីកផ្លូវឲ្យធំទូលាយមានទំហំ៨ម៉ែត្រ ហើយក្រោយពីការជូនដំណឹងច្រើនដងអត់មានអ្នករុះរើ ទើបពេលនេះអាជ្ញាធរសង្កាត់ដាក់កម្លាំងចុះវាយតែម្ដង ត្រៀមដើម្បីបើកការដ្ឋានស្ថាបនាផ្លូវ ហើយអាជ្ញាធរក៏សុំការយោគយល់និងចូលរួមពីបងប្អូនដែលជាម្ចាស់ផលប៉ះពាល់ទាំងអស់ផងដែរ៕ (កែសម្រួលដោយ ៖ ធីតា)








ចែករំលែកព័តមាននេះ