ខេត្តកំពង់ចាម ៖ លោកអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត រួមនឹងអភិបាលរងខេត្ត បានអញ្ជើញចុះពិនិត្យ និងសំណេះសំណាលផ្ទាល់ជាមួយនឹងប្រជាពលរដ្ឋប្រភេទក្រ១ និងក្រ២ កាលពីព្រឹកថ្ងៃទី១ កក្កដា ឆ្នាំ២០២០ នៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម ដើម្បីឧបត្ថម្ភប្រាក់ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។

អ្នកស្រីឃាង ស៊ីផាន ចៅសង្កាត់សំបួរមាស បានឲ្យដឹងថា តាមរយៈការស្រាវជ្រាវជាបន្តបន្ទាប់និងការចុះស្រង់ទិន្នន័យពីមន្ត្រីមូលដ្ឋានក្នុងអំឡុងឆ្នាំ២០១៨ ប្រភេទគ្រួសារក្រីក្រទាំង២ប្រភេទ មានចំនួន៤៩៦គ្រួសារ ហើយរហូតមកដល់បច្ចុប្បន្ននេះបានចុះស្រង់ទិន្នន័យបន្តទៀតបានកើនដល់ជាង៥០០គ្រួសារ។

អ្នកស្រីចៅសង្កាត់សំបួរមាស បានបន្តថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់អភិបាលខេត្តក៏ដូចជាស្ថាប័នពាក់ព័ន្ធ ទើបនៅព្រឹកថ្ងៃទី១ កក្កដា បានអញ្ជើញចុះសំណេះសំណាលផ្ទាល់ជាមួយនឹងប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ ដើម្បីសម្ភាសន៍ និងទទួលបានប្រាក់ឧបត្ថម្ភ ដែលបើកបានតាមរយៈវីង ។

លោក ចាន់ដា អភិបាលខេត្ត មានប្រសាសន៍ឲ្យដឹងថា មន្ទីរពាក់ព័ន្ធចំនួន២ ក្នុងនោះមានមន្ទីរសង្គមកិច្ចនិងមន្ទីរផែនការដែលបានចុះស្រង់ទិន្នន័យក្នុងអំឡុងឆ្នាំ២០១៨ តាមរយៈការធ្វើជំរឿនលើប្រជាពលរដ្ឋដែលមានជីវភាពប្រភេទក្រ១ និងក្រ២មានចំនួនប្រមាណ៣៥.០០០គ្រួសារ ។ រហូតមកដល់បច្ចុប្បន្នតាមរយៈការធ្វើជំរឿនបន្តបានរកឃើញជាង៥.០០០គ្រួសារបន្ថែមទៀតសរុបនៅក្នុងទូទាំងខេត្តកំពង់ចាមមានចំនួនជាង៤ម៉ឺនគ្រួសារ។

លោកអ៊ុន ចាន់ដា មានប្រសាសន៍បន្តថា ក្នុងពេលចុះជំរឿនលើប្រជាពលរដ្ឋប្រភេទក្រ១និងក្រ២ ដោយបានចាត់អភិបាលរងខេត្តម្នាក់ចុះពិនិត្យដោយផ្ទាល់ ។ តាមរយៈការចុះស្រង់ទិន្នន័យនេះគឺមានតម្លាភាព គិតត្រឹមថ្ងៃទី៣០ មិថុនា ២០២០ ប្រជាពលរដ្ឋទទួលបានប្រាក់ឧបត្ថម្ភដោយបានធ្វើឡើងជាបន្តបន្ទាប់។

លោកអភិបាលខេត្តបានបន្តថា នេះបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានរួមសុខរួមទុក្ខដោះស្រាយជូនប្រជាពលរដ្ឋនៅក្នុងដំណាក់កាលផ្ទុះជំងឺកូវីដ១៩ ។ ថវិកានេះត្រូវបានជួយដល់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយជីវភាពក្នុងរយៈពេលផ្ទុះជំងឺកូវីដ១៩ ខណៈដែលពួកគាត់មិនអាចចេញប្រកបរបរលក់ដូរ ឬក៏ធ្វើការងារផ្សេងៗដើម្បីរកកម្រៃផ្គត់ផ្គង់ជីវភាពគ្រួសារ ៕ (កែសម្រួលដោយ ៖ ធីតា)



ចែករំលែកព័តមាននេះ