រាជធានីភ្នំពេញ ៖ កម្មករអូសរទេះនៅផ្សារនាគមាសម្នាក់ ខណៈកំពុងតែដេកលង់លក់ជាមួយកម្មករដូចគ្នា ស្រាប់តែត្រដខ្យល់ បន្ទាប់មកក៏បានបាត់បង់ជីវីតនៅលើដំបូលស្តង់លក់ផ្លែឈើ ដោយមិនអាចជួយសង្គ្រោះទាន់ឡើយ ។

ហេតុការណ៍ខាងលើនេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ២និង៣០នាទីរំលងអាធ្រាត្រចូលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ នៅលើដំបូលស្តង់លេខC២០ ក្នុងផ្សារនាគមាស ស្ថិតនៅភូមិទី២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នគរបាលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ យិន ថន ភេទប្រុស អាយុ៤៧ឆ្នាំ ជាកម្មករអូសរទេះ ស្នាក់នៅ លើស្តង់ខាងលើ និងមានស្រុកកំណើតភូមិព្រៃតាញ៉យ ឃុំខ្សែត្រ ស្រុកកំពង់រោរិ៍ ខេត្តស្វាយរៀង ។

តាមប្រភពព័ត៌មានពីបងជីដូនមួយរបស់ជនរងគ្រោះដែលស្នាក់នោះជាមួយគ្នាបានអោយដឹងថា មុនពេលកើតហេតុ បន្ទាប់ពីហូបបាយរួច នៅវេលាម៉ោងប្រមាណ៩យប់ថ្ងៃទី២ កក្កដា គាត់ និងជនរងគ្រោះដែលត្រូវជាប្អូនជីដូនមួយ ព្រមទាំងកម្មករអូសរទេះដទៃទៀតសរុបទាំងអស់៦នាក់បាននាំគ្នាឡើងទៅដេកលើដំបូងស្តង់ដូចសព្វដង ដោយជួលគេដេកក្នុង១យប់២ពាន់រៀល។

តាមប្រភពដដែលបានបន្តថា នៅពេលកំពុងតែដេក ស្រាប់តែជនរងគ្ករោះបានរើសបំរះ និងត្រដខ្យល់ទាញកន្ត្រាក់ដៃទាញជើង ។ ភ្លាមៗនោះ គាត់និងកម្មករដែលដេកជាមួយគ្នា ក៏បាននាំគ្នាជួយធ្វើចលនាជួយច្របាច់ឱ្យ និងបំរុងបញ្ជូនទៅកាន់មន្ទីរពេទ្យដែរ លុះមួយសន្ទុះក្រោយមកស្រាប់តែជនរងគ្រោះបានដាច់ខ្យល់បាត់បង់ជីវិតទៅហើយ ។ បន្ទាប់ពីកើតហេតុ នៅវេលាព្រឹកថ្ងៃទី៣ កក្កដា គណៈកម្មការផ្សារព្រមទាំងសន្តិសុខក៏បានរាយការណ៍ទៅនគរបាលមូលដ្ឋាន ដើម្បីរាយការណ៍បន្តទៅនគរបាលជំនាញចុះត្រួតពិនិត្យ ។

តាមការត្រួតពិនិត្យរបស់គ្រូពេទ្យ និងជំនាញកោសល្យវិច្ច័យរាជធានីភ្នំពេញ បានសន្និដ្ឋានថា ជនរងគ្រោះបានបាត់បង់ជីវិត ដោយសារតែគាំងបេះដូង ។ បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូន ទៅក្រុមគ្រួសារដើម្បីបញ្ជូនទៅកាន់ស្រុកកំណើតរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ