រាជធានីភ្នំពេញ ៖ នារីអ្នកលក់ឡេនិងគ្រឿងសំអាងម្នាក់ ខណៈនៅផ្ទះម្នាក់ឯង ដេកមិនលក់ អារម្មណ៍ភ័យខ្លាច… លុះឮសូរសំឡេងគ្រឹកគ្រាក់បានទូរស័ព្ទប្តឹងសមត្ថកិច្ចថា «មានចោរចូលផ្ទះ ផ្អើលសមត្ថកិច្ចចុះទៅសួរនាំទាំងយប់» ។

ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី២ ខែកក្កដា នៅក្នុងបុរីពិភពថ្មីចំការដូង ផ្លូវអក្សរE ផ្ទះលេខ៤៨ សង្កាត់ព្រៃស ខណ្ឌដង្កោ ។ តាមនារីជាម្ចាស់ផ្ទះសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ពេលព្រលប់រូបនាងបានចូលសម្រាកដូចធម្មតា ។ លុះដល់ម៉ោង២ជិត៣ទៀបភ្លឺរូបនាងបានឮសំឡេង ដូចជាមានអ្នកគាស់ផ្ទះចូលលួចទ្រព្យសម្បត្តិ ។ ពេលនោះដែរ ដោយសារតែរូបគាត់ជាស្ត្រីហើយនៅតែម្នាក់ឯង មានអារម្មណ៍ភ័យខ្លាចផងនោះ ទើបទូរស័ព្ទប្តឹងសមត្ថកិច្ចថា មានចោរចូលផ្ទះតែម្ដងទៅ ។

សមត្ថកិច្ចមូលដ្ឋានក៏ដូចជាសន្តិសុខ ដែលយាមនៅបុរីខាងលើ បានចុះទៅដល់ផ្ទះនារីខាងលើ រួចហើយក៏បានរកមើលជុំវិញ ក៏ដូចជាក្នុងផ្ទះមិនឃើញមានអ្វីប្លែកនោះទេ ។ តាមការស្រាវជ្រាវនេះ មានតែឮសំឡេងខ្យល់បក់ប៉ះជាមួយនឹងសង្ក័សីហើបនៅលើដំបូលផ្ទះតែប៉ុណ្ណោះ ។

ក្រោយការត្រួតពិនិត្យរួចរាល់ ហើយសមត្ថកិច្ចបានបញ្ជាក់ដែរថា ករណីនេះមកពីនារីជាម្ចាស់ផ្ទះ នៅតែម្នាក់ឯង ខ្លាចដេកមិនលក់ ហើយនៅពេលឮខ្យល់បក់ប៉ះជាមួយនឹងស័ង្កសី លើដំបូលផ្ទះធ្វើឱ្យអារម្មណ៍ភ័យខ្លាច ទើបសង្ស័យថា មានមនុស្សគាស់ផ្ទះតែម្ដងទៅ ៕





ចែករំលែកព័តមាននេះ