គ្រោះរាំងស្ងួតធ្វើឱ្យស្រូវក្រៀមស្វិត ចៅអធិការវត្តដឹកនាំពុទ្ធបរិស័ទបួងសួងសុំទឹកភ្លៀង
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ដោយសារគ្រោះរាំងស្ងួតអូសបន្លាយធ្វើឱ្យស្រូវក្រៀមស្វិត ទើបព្រះគ្រូចៅអធិការវត្តសឿ បានដឹកនាំពុទ្ធបរិស័ទធ្វើពិធីបួងសួរសុំទឹកភ្លៀង ដែលបានធ្វើឡើងកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ នៅវត្តសឿ ស្ថិតភូមិសឿ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

លោក ជា ទី មេឃុំសឿ បានឱ្យដឹងថា នៅឃុំសឿ គ្រោះរាំងស្ងួតបានអូសបន្លាយជិត១ខែមកហើយបណ្តាលឱ្យរងផលប៉ះពាល់ដល់ស្រូវក្រៀមស្វិតប៉ះពាល់ជិត២.០០០ហិកតា ក្នុងចំណោមផ្ទៃដីបង្កបង្កើនផល១០.៤២៣ហិកតា ដែលភាគច្រើនជាស្រូវដើមរដូវ ឬស្រូវសែនក្រអូប។

លោកមេភូមិបានបញ្ជាក់ថា ដោយសារគ្រោះរាំងស្ងួតអូសបន្លាយធ្វើឱ្យរងផលប៉ះពាល់ដល់ដំណាំស្រូវ និងដំណាំដាំដុះប្រឈមខ្វះទឹកប្រើប្រាស់ ទើបព្រះតេជគុណ ប៉ុក ជុន ព្រះគ្រូចៅអធិការវត្តសឿ រួមជាមួយពុទ្ធបរិស័ទប្រមាណជិត១០០នាក់នាំគ្នាធ្វើពិធីបួងសួងសុំទឹកភ្លៀង ដោយធ្វើពិធីជីករណ្តៅបួនជ្រុងប្រវែងជិត១ម៉ែត្រ ជម្រៅជិតកន្លះម៉ែត្រ ហើយចាក់ទឹកនិងភក់ រួចយកត្រីផ្ទក់ចំនួន២ក្បាលមានទម្ងន់ជិត១គីឡូក្រាម ដាក់ចូលត្រាំទឹកភក់ និងអុជទៀនធំៗចំនួន៨ដើម ដើម្បីធ្វើពិធីឧប្បកិច្ចសុំទឹកភ្លៀងអស់រយៈពេលជិត១ម៉ោង ទើបចប់កម្មវិធី។

លោកមេភូមិបានបញ្ជាក់បន្តថា ពិធីបួងសួងសុំទឹកភ្លៀងដែលរៀបចំធ្វើនាពេលនេះ គឺទើបតែនៅឆ្នាំ២០២០នេះទេ ដែលគ្រោះរាំងស្ងួតត្រូវបានអូសបន្លាយ បណ្តាលឱ្យរងផលប៉ះពាល់ដល់ស្រូវក្រៀមស្វិតប្រឈមនឹងងាប់ ។ ទោះបីជាយ៉ាងណា បន្ទាប់ពីធ្វើពិធីខាងលើរួចហើយ សង្ឃឹមថានឹងមានភ្លៀងធ្លាក់ ៕ (កែសម្រួលដោយ ៖ ធីតា)

















ចែករំលែកព័តមាននេះ