ប្រទេសបុតស្វាណា ៖ បច្ចុប្បន្ននេះ បណ្ដាអ្នកវិទ្យាសាស្ត្រ នៅតែមិនទាន់ដឹងពីមូលហេតុនៃគ្រោះមហន្តរាយអេកូឡូស៊ី ព្រមទាំងពីចំនួនពិតប្រាកដនៃដំរីដែលរងគ្រោះ ខណៈខ្មោចដំរី យ៉ាងតិច២៧៥ក្បាលហើយ ត្រូវបានរកឃើញ ក្នុងតំបន់ដីសណ្ដ OKAVANGO ភាគខាងជើងប្រទេសបុតស្វាណា ជាតំបន់ដែលអ្នកទេសចរនិយមទៅ ។ នេះបើតាមសេចក្ដីរាយការណ៍កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២១០២០ របស់ប្រភពច្បាស់ការនានា។

លោក CYRIL TAOLO នាយកនៃបណ្ដាឧទ្យានជាតិ និងសត្វព្រៃបុតស្វាណា បានថ្លែងថា យើងទទួលរបាយការណ៍មួយ ពីការបាត់បង់ជីវិតរបស់ដំរី៣៥៦ក្បាលនៅភាគខាងជើងនៃតំបន់ដីសណ្ដ OKAVANGO រួចរហូតមកទល់ពេលនេះ យើងអាចអះអាងពីចំនួនដំរីដែលងាប់ថា មាន២៧៥ក្បាល។
លោកបន្តថា សម្រាប់ពេលនេះមូលហេតុនៃការបាត់បង់ជីវិតរបស់ដំរីទាំងនេះ នៅមិនទាន់ដឹងនៅឡើយ។ យើងបានបញ្ជូនបណ្ដាគំរូទៅអាហ្វ្រិកខាងត្បូង ហ្ស៊ីបបាវេ និងកាណាដា ដើម្បីធ្វើការវិភាគ ។ ជំងឺ ANTHRAX ឬហៅជំងឺធ្យូង ត្រូវបានបដិសេធ។ គេពុំសង្ស័យលើការសម្លាប់របស់ពួកព្រានព្រៃឡើយ ព្រោះបណ្ដាដំរីដែលបាត់បង់ជីវិត ហើយរកឃើញសុទ្ធតែនៅសល់ភ្លុកទាំងអស់។
កាសែត GARRDIAN របស់អង់គ្លេស គូសបញ្ជាក់ថា មានសកម្មភាពខ្លាំងក្នុងតំបន់នោះពួកព្រានព្រៃ មានទម្លាប់ដាក់ថ្នាបំពុលដំរីក្នុងទឹក។

យោងតាមរបាយការណ៍មួយរបស់អង្គការក្រៅរដ្ឋាភិបាល ដំរីគ្មានព្រំដែន ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ហើយចេញផ្សាយតាមបណ្ដាសារព័ត៌មានកាលពីថ្ងៃទី១ ខែកក្កដាថា ដំរីដល់ទៅ៣៥៦ក្បាល ត្រូវបានរកឃើញងាប់ក្នុងតំបន់ដីសណ្ដ OKAVANGO ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)



ចែករំលែកព័តមាននេះ