យោងទៅតាមអ្នកស្រី លីន ហ្កូលូដនើ (Lynne Golodner) ដែលជាម្ចាស់ក្រុមហ៊ុន Your People LLC និងស្ថាបនិករបស់ Make Meaning Movement ព្រមទាំងជាអ្នកនិពន្ធសៀវភៅចំនួន ៨ក្បាលផងដែរ បានឲ្យដឹងថា មនុស្សចាប់ផ្តើមអាជីវកម្មព្រោះតែមូលហេតុជាច្រើន តែមូលហេតុទូទៅគឺព្រោះពួកគេចង់រកប្រាក់ចំណូលសម្រាប់ចិញ្ចឹមជីវិត ។

ប៉ុន្តែក្រៅពីតម្រូវការចំបាច់មួយនេះហើយ មូលហេតុផ្សេងទៀតជាកត្តាដែលជំរុញឲ្យពួកគេខិតខំធ្វើការរាប់ម៉ោង និងដាក់ចិត្តនិងកម្លាំងលើកិច្ចការរបស់ពួកគេ ។ មូលហេតុទាំងនោះរួមមានអារម្មណ៍មានគោលដៅក្នុងជីវិត ការស្រលាញ់ចូលចិត្តការប្រកួតប្រជែង ការជឿជាក់ថាអ្វីដែលអ្នកផ្តល់ជូនអ្នកដទៃល្អជាងអ្វីដែលមានលើទីផ្សារ ឬការចង់រកលុយឲ្យបានច្រើនអស់ពីសមត្ថភាព ។
ទោះជាមនុស្សគ្រប់គ្នាត្រូវការលុយដើម្បីរស់រានមានជីវិតពិតមែន និងត្រូវការលុយដើម្បីរស់នៅជីវភាពធូរធារ លុយក៏អាចជាកត្តាជំរុញឲ្យអ្នកខិតខំក្នុងអាជីវកម្មឬការងារអ្នកដែរ ។
ដូច្នេះតើអ្នកគិតដល់អ្វីមុនទេពេលដែលអ្នកលឺពាក្យថាលុយ? យោងទៅតាមលោក ចេខុប នីដលមេន (Jacob Needleman) ដែលជាសាស្ត្រាចារ្យផ្នែកទស្សនវិជ្ជាបានឲ្យដឹងថា លុយទាក់ទងទៅនឹងសេចក្តីស្រលាញ់និងទំនាក់ទំនងមនុស្សព្រោះវាមានអំណាចក្នុងការនាំមនុស្សឲ្យស្រលាញ់និងសហការគ្នា ឬបំបែកមនុស្សពីគ្នា ។លោកបានបន្ថែមថា លុយមិនបង្កើតឬដោះស្រាយបញ្ហាទេ ព្រោះបញ្ហារបស់មនុស្សតែងតែមានទោះជាមនុស្សមានឬមិនមានលុយពិតមែនក្តី ។
លោកក៏បានព្យាយាមវែកញែកភាពខុសគ្នារវាងលុយ និងភាពជោគជ័យដែរ ។ ទោះជាមនុស្សម្នាក់មិនមានលុយច្រើនក្នុងគណនីធនាគារពិតមែនក្តី ពួកគេនៅតែអាចមានសុភមង្គលបានពីការធ្វើការដើម្បីសម្រេចគោលដៅដែលមានន័យក្នុងជីវិតរបស់ពួកគេ ។
អ្នកស្រី ហ្កូលូដនើ បានចែករំលែកដែរថា ប្រសិនបើមនុស្សព្យាយាមកាន់លុយដែលខ្លួនមានជាប់ពេក អ្នកប្រហែលជាមិនអាចមើលឃើញវាកើនឡើងបានលឿនទេ។ ដូចគ្នានេះដែរ ប្រសិនបើអ្នកលែងដៃពីវាងាយស្រួលពេល អ្នកនឹងនាំយកបញ្ហាមកកាន់ជីវិតរបស់អ្នកវិញ ។
អ្នកស្រីបានបន្តថា ការចាយវាយដោយចេះគិតមានន័យថាអ្នកបានគិតគូរបានច្បាស់លាស់ពីអ្វីដែលនាំយកអារម្មណ៍សប្បាយរីករាយមកឲ្យអ្នក និងដល់អ្នកដទៃ ។ ពេលដែលមនុស្សប្រើលុយសម្រាប់ធ្វើអំពើល្អ រឿងល្អៗអាចនឹងកើតមានឡើង ហើយវាអាចនាំយកសំណាងមកអ្នកដែរ ។
សម្រាប់អាជីវករ អ្នកត្រូវតែយល់ដឹងពីតួនាទីរបស់លុយក្នុងការជួយឲ្យអ្នកសម្រេចគោលដៅរបស់អ្នក ។ អាជីវកម្មដែលមានគោលដៅច្បាស់លាស់អាចយកលុយទៅជួយដល់ខ្លួនឯងនិងអ្នកដទៃក្នុងសហគមន៍ផងដែរ ៕
ចែករំលែកព័តមាននេះ