រាជធានីភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងថា ទិន្នន័យជាផ្លូវការបានបង្ហាញថា ចំនួនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងរយៈពេល១ឆមាស(ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៣០ ខែមិថុនា)ឆ្នាំ២០២០នេះ បើប្រៀបធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ គឺចំនួនគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ៥៥២លើក ស្មើ២៥% (១.៦១៩លើកលើ២១៧១លើក) ចំនួនមនុស្សស្លាប់ថយចុះ១៧២នាក់ ស្មើនឹង១៧% (៨៦១នាក់លើ១.០៣៣នាក់) ចំនួនអ្នករងរបួសថយចុះ៧៧៨នាក់ ស្មើនឹង២៤% (២.៤៤៩នាក់លើ៣.២២៧នាក់) ។
ដូចគ្នានេះដែរ បើប្រៀបធៀបនឹងគ្រោះថ្នាក់ចរាចរណ៍រយៈពេល២ខែនៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក គឺខែឧសភា និងខែមិថុនា ឆ្នាំ២០២០ ទៅនឹងខែឧសភា និងខែមិថុនា ឆ្នាំ២០១៩ គឺគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ២៣៣លើក ស្មើនឹង៣៤% (៤៥៧លើកលើ៦៩០លើក) ចំនួនមនុស្សស្លាប់មានការថយចុះ៧៩នាក់ ស្មើនឹង២៥% (២៤១នាក់លើ៣២០នាក់) និងអ្នករងរបួសបានថយចុះ២៣៣នាក់ ស្មើនឹង២៣% (៧៦៦នាក់លើ៩៩៩នាក់) ។ នេះបើយោងតាមផេករបស់សម្តេចក្រឡាហោម ស ខេង ចេញផ្សាយថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា តាមទិន្នន័យខាងលើនេះបានបង្ហាញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋយើងពិតជាមានការយល់ដឹង និងបានចូលរួមគោរពច្បាប់ចរាចរណ៍កាន់តែច្រើន នៅពេលប្រទេសជាតិយើងមានការរីកចម្រើន មានកំណើនយានយន្តធ្វើដំណើរ និងកំណើនអ្នកបើកបរក៏ដោយ តែគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ ។
លទ្ធផលវិជ្ជមាននេះ ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្តេច
សូមថ្លែងអំណរគុណបងប្អូនជនរួមជាតិទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ផ្លូវថ្នល់ដែលបានចូលរួមគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកយ៉ាងខ្ជាប់ខ្ជួន និងអរគុណដល់កងកម្លាំងមានសមត្ថកិច្ច ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ដែលអនុវត្តភារកិច្ចរបស់ខ្លួនបានល្អប្រសើរ ។

សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណគ្រប់បណ្តាញសារព័ត៌មាន អង្គការក្រៅរដ្ឋាភិ
បាល និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមផ្សព្វផ្សាយ និងអប់រំអំពីច្បាប់ចរា
ចរណ៍ផ្លូវគោកនេះជូនប្រជាពលរដ្ឋផងដែរ ។
សម្តេចក៏សូមលើកទឹកចិត្តដល់បងប្អូនជនរួមជាតិ បន្តចូលរួមផ្តល់ជាមតិយោបល់ក្នុងន័យស្ថាបនានិងកែលំអថែមទៀត ដើម្បីបន្តការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យកាន់តែល្អប្រសើរឡើង គឺមានន័យថា អត្រាគ្រោះថ្នាក់ចរាចរណ៍នឹងកាន់តែថយចុះ ចំនួនអ្នកស្លាប់កាន់តែតិច សណ្តាប់ធ្នាប់សាធារណៈកាន់តែមានរបៀបរៀបរយល្អប្រសើរ ស័ក្តិសមជាប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរជាប្រជាជាតិស៊ីវិល័យ ។
ជាមួយគ្នានេះ សម្តេចក្រឡាហោម សូមក្រើនរំឭកថែមទៀតដល់កងកម្លាំងមានសមត្ថកិច្ច ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមអនុវត្តភារកិច្ចរបស់ខ្លួន ត្រូវតែបន្តការគោរពក្រម
សីលធម៌វិជ្ជាជីវៈ និងវិន័យឲ្យបានខ្ជាប់ខ្ជួន ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ត្រូវកាត់បន្ថយ ឬលុបបំបាត់ឲ្យបាននូវបាតុភាពអវិជ្ជមានផ្សេងៗ ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋយើង ៕
ចែករំលែកព័តមាននេះ