ខេត្តកំពង់ឆ្នាំង ៖ ព្រះអាទិត្យកំពុងបញ្ចេញកម្តៅក្តៅហែងមកលើភពផែនដី ដោយគ្មានពពកមកជួយបិទបាំង នាវេលាថ្ងៃត្រង់នៃចុងខែមិថុនា រលកកម្តៅបានកើនឡើងមើលឃើញព្រិចៗដូចថ្ងៃកំពុងបណ្តើរកូន ។ នៅលើស្ពានធ្វើពីដើមឫស្សីក្រាលក្តារ៣-៤សន្លឹក កម្មករ២-៣នាក់កំពុងមមាញឹកលើកចំណីត្រីដែលកិនរួចជាស្រេច ចាក់ចូលក្នុងស្រះដែលមានត្រីឆ្តោរាប់ម៉ឺនក្បាលកំពុងរង់ចាំអាហារតាមពេលកំណត់ ។

សំឡេងលាន់ប្រាវៗចេញពីក្នុងទឹក ជាសន្ធឹកហ្វូងត្រីឆ្តោស្ទុះដណ្តើមចំណីស៊ី ដែលខ្លះបានស្ទុះផុតពីក្នុងទឹកមកសំដិលដេកលើចំណីដែលមិនទាន់លិច ភ្លេចគិតដល់មនុស្សដែលកំពុងឈរមើលសកម្មភាពពួកវា ។ វាជាការពិត ក្នុងខណៈដែលកម្មករកំពុងឲ្យចំណីត្រីដែលមិនយូរប៉ុន្មាន
នឹងធំធាត់ ហើយផ្តល់ផលជាទីគាប់ចិត្តនោះ ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីបានគយគន់យ៉ាងយកចិត្តទុកដាក់ និងពេញចិត្តបំផុត ។

ទោះបីជាយ៉ាងណា រឿងរ៉ាវដែលបង្កប់នៅពីក្រោយរបរចិញ្ចឹមត្រីឆ្តោនេះ គ្មានអ្វីដែលគួរឲ្យពេញចិត្តនោះឡើយ ពោលគឺត្រីឆ្តោមួយក្បាលពេលធំធាត់ល្មមចាប់លក់ គឺបានបំផ្លាញត្រីធម្មជាតិដែលគេចាប់ពីទន្លេបឹងបួនានា រហូតដល់ទៅ៤គីឡូឯណោះ ហើយការចាប់កូនត្រីមកធ្វើជាចំណីត្រីឆ្តោនេះ ក៏ត្រូវគេប្រើឧបករណ៍នេសាទខុសច្បាប់ដែរ ។
សូម្បីតែខ្យល់ដែលបក់ចេញពីស្រះចិញ្ចឹមត្រីនោះ ក៏ហាក់ដូចជាបញ្ជាក់ថា ការចិញ្ចឹមត្រីនេះមានបញ្ហាដែរ ព្រោះក្លិនឆ្អាបចេញពីក្នុងទឹកពណ៌ក្រមៅលាយនឹងក្លិនចំណីធ្វើពីកូនត្រីស្រស់ដែលយើងស្ទើរតែទ្រាំមិនបាន ។ នៅក្បែរមាត់ស្រះមិនឆ្ងាយពីគ្នាប៉ុន្មាន សំឡេងម៉ាស៊ីនកិនកូនត្រីល្អិតៗ ក៏លាន់ទ្រហឹងអឺងអាប់រកស្តាប់អ្វីមិនឮ ដែលនេះជាសកម្មភាពរបស់ក្រុមកម្មករយកកូនត្រីល្អិតៗកិន ធ្វើជាចំណីត្រីឆ្តោស៊ីជាអាហារប្រចាំថ្ងៃ ។

មិនយូរប៉ុន្មាន សំឡេងទ្រហឹងនៃម៉ាស៊ីនកិនចំណីត្រីបានស្ងាត់ទៅវិញ ដែលជាសញ្ញាបញ្ជាក់ថា ការផ្តល់ចំណីត្រីត្រូវបានបញ្ចប់សម្រាប់ថ្ងៃនេះ ។ ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីឆ្តោ បានអញ្ជើញក្រុមអ្នកកាសែតដែលកំពុងឈរលើក្តារស្ពាន រង់ចាំថតផ្តិតរូបភាពសកម្មភាពការផ្តល់ចំណីត្រីមុននេះបន្តិច ឲ្យត្រឡប់មកអង្គុយក្នុងរោងមួយនៅចម្ងាយប្រមាណ៤ម៉ែត្រពីមាត់ស្រះ ។
មិនបង្អង់យូរ បុរសវ័យចំណាស់ជាម្ចាស់កសិដ្ឋានចិញ្ជឹមត្រី បានចាប់ផ្តើមរៀបរាប់ដោយមិនបញ្ចេញឈ្មោះថា រូបគាត់ជាអតីតមន្ត្រីរដ្ឋបាលជលផលដែលចូលនិវត្តន៍ ។ «ការចិញ្ចឹមត្រីឆ្តោ
ពិតជាមានចំណែកក្នុងការបំផ្លាញធនធានមច្ឆជាតិយ៉ាងធ្ងន់ធ្ងរ ព្រោះត្រីឆ្តោស៊ីសាច់ជាអាហារ។
អ្នកចិញ្ចឹមត្រូវទិញកូនត្រីតូចៗ ដែលបានពីបទល្មើសនេសាទមកឱ្យវាស៊ី» ។

អតីតមន្ត្រីជលផលចូលនិវត្តន៍រូបនេះបន្តថា ពេលខែទឹកឡើងលិចខ្នងកោះ កូនត្រីគ្រប់ប្រភេទ ខ្លះទើបញាស់ ខ្លះទៀតញាស់បានច្រើនថ្ងៃ បានហែលត្រសងតាមស្មៅ តាមដុបព្រៃស្បាតដែលលិចទឹក ។ «ពេលនោះហើយ បទល្មើសនេសាទដោយប្រើឧបករណ៍ស្បៃមុង ក៏បានចាប់ផ្តើមដែរ» ។
គាត់និយាយដោយលើកកែវទឹកតែមកផ្លុំបន្ថយកម្តៅមុនទទួលទានថា៖ «ដូចអស់លោកដឹងស្រាប់ ! ពាក្យថាស្បៃមុង គឺក្រឡាតូចល្អិតណាស់ សូម្បីកូនត្រីប៉ុនជើងធូបក៏ចេញមិនរួចដែរ ។ ប៉ុន្តែ ក្រុមអ្នកប្រព្រឹត្តបទល្មើសចូលចិត្តយកស្បៃមុងនេះមកធ្វើជាឧករណ៍ចាប់ត្រី» ។
អតីតមន្ត្រីជលផលរូបនេះបាននិយាយបែបកំប្លែងថា ៖ «គេយកស្បៃមុងមកធ្វើជារបាំង និងធ្វើជាលប ដើម្បីដាក់ចាប់ត្រីទាំងតូចទាំងធំ ចាប់គ្មានសល់ សូម្បីមេត្រី កូនត្រី ចៅត្រី ជីទួត ជីលួត ជីលាត្រីក៏មិនសល់ដែរ» ។ កាលគាត់នៅមានតួនាទីជាមន្ត្រីរដ្ឋបាលជលផល ពេលចុះបង្ក្រាបបទល្មើសនេសាទ ជួបរបាំងស្បៃមុងម្តងៗ បានលើកលបស្បៃមុងចាក់កូនត្រីលែងឱ្យចូលក្នុងទន្លេវិញក្នុង១លបៗមានកូនត្រីរាប់លានក្បាល ។
បើនិយាយឱ្យងាយស្តាប់ ក្នុង១លបៗកូនត្រីគ្រប់ប្រភេទ ដែលមានទំហំប្រមាណដើមធូបមានប្រមាណពី១០ទៅ២០គីឡូក្រាម ឬច្រើនជាងនេះទ្វេដង ។ ដោយសារឃើញទិដ្ឋភាពបែបនេះហើយ ទើបច្បាប់ស្តីពីជលផលបានចាត់ទុកការនេសាទដោយប្រើឧករណ៍ស្បៃមុង ជាឧបករណ៍ល្មើសច្បាប់ធ្ងន់ធ្ងរ» ។

បុរសជាម្ចាស់កសិដ្ឋានចិញ្ចឹមត្រីរូបនេះបានបន្ថែមថា ផ្តើមចេញពីបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងកសិកម្ម បានសម្រេចបិទអាជីវកម្មចិញ្ចឹមត្រីឆ្តោម្តងរួចមកហើយ ដោយសារការចិញ្ចឹមត្រីឆ្តោនេះ គឺជាដើមហេតុដែលធ្វើឱ្យធនធានជលផលរងការវិនាសហិនហោច។ ប៉ុន្តែក្រោយមក ក្រសួងបានអនុញ្ញាតឱ្យមានការចិញ្ចឹមឡើងវិញ ប៉ុន្តែមានលក្ខណៈឱ្យស៊ីចំណីសិប្បនិមិ្មត ។ ទាំងនេះគឺ ដើម្បីស្តារធនធានជលផលដែលរេចរឹលទៅ ។
ទោះជាយ៉ាងនេះក្តី ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីខាងលើនិយាយថា នៅរដូវទឹកស្រក អ្នកចិញ្ចឹម
ត្រីឆ្តោទាំងអស់ទិញកូនត្រីសមុទ្រមកកិនជាចំណីឱ្យត្រីឆ្តោស៊ី ។ កូនត្រីសមុទ្រគេដឹកយកមកលក់ដល់កន្លែង តម្លៃ១.៧០០រៀលក្នុង១គីឡូក្រាម ពេលខ្លះឡើងដល់២ពាន់រៀល និងពេលត្រីខ្សត់ អាចឡើងដល់៣ពាន់រៀល ។ ប៉ុន្តែ បើនៅពេលទឹកឡើងគឺមានកូនត្រីទឹកសាប បានពីរបាំងស្បៃមុង ដែលក្នុង១គីឡូក្រាមថ្លៃតែ១.០០០រៀល ទៅ១.២០០រៀលប៉ុណ្ណោះ ។

បុរសរូបនេះបញ្ជាក់ថា គាត់បានចាប់មុខរបរចិញ្ចឹមត្រីឆ្តោជាង៣ឆ្នាំហើយ ។ ឆ្នាំនេះ គាត់ដាក់
ចិញ្ចឹមកូនត្រីឆ្តោសរុបជាង២០ម៉ឺនក្បាល ដោយចិញ្ចឹមក្នុងស្រះចំនួន៤ ដែលស្រះនីមួយៗមានទំហំជាងកន្លះហិកតា ។ បច្ចុប្បន្ន ត្រីឆ្តោដែលគាត់ចិញ្ចឹម១ក្បាលៗមានទម្ងន់ជាងកន្លះគីឡូក្រាមហើយ ។ ការចិញ្ចឹមត្រីឆ្តោគឺប្រើរយៈពេលពី៦ទៅ៧ខែ ដល់ពេលចាប់លក់ហើយ ។ បើតាមការគណនា កូនត្រីឆ្តោ១ក្បាលគិតពីចាប់ផ្តើមចិញ្ចឹមរហូតដល់ចាប់លក់ វាត្រូវស៊ីចំណីអស់៤គីឡូក្រាម ។ បើក្នុងត្រីឆ្តោ១ក្បាលស៊ីចំណីស្រស់អស់៤គីឡូក្រាម ដូច្នេះត្រីឆ្តោគាត់មានជាង២០ម៉ឺនក្បាល វានឹងត្រូវការកូនត្រីជាចំណីដល់ទៅចំនួន៨០០តោនឯណោះ ។

ដោយឡែក តាមការបញ្ជាក់របស់មន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា បច្ចុប្បន្ន មានអ្នកចិញ្ចឹមត្រីគ្រប់ប្រភេទជាង៥០០កន្លែងនៅទូទាំងខេត្ត ដែលស្ថិតនៅជាប់បឹងទន្លេសាបខ្លះ និងខ្លះទៀតចិញ្ចឹមក្នុងស្រះ ។ត្រីចិញ្ចឹមទាំងជាង៥០០កន្លែងនេះមាន២ប្រភេទ គឺប្រភេទទី១ ត្រីចិញ្ចឹមដែលស៊ីចំណីសិប្បនិមិ្មត ខ្លះហៅចំណីគ្រាប់ ឬចំណីការុងមានដូចជា ត្រីប្រា ត្រីពោ និងខ្យា គឺមានជាង៣០០កន្លែង និងប្រភេទទី២ ការចិញ្ចឹមត្រីឆ្តោ ដែលស៊ីចំណីស្រស់មានជាង២០០កន្លែង ៕
ចែករំលែកព័តមាននេះ