ក្រុងហុងកុង ៖ មិនដល់២៤ម៉ោងផងក្រោយការចូលជាធរមាននៃច្បាប់ស្ដីពីសន្តិសុខជាតិដែលអនុម័តដោយចិន នៅក្រុងហុងកុងកាលពីថ្ងៃទី១ កក្កដា ប៉ូលិសបានចាប់ខ្លួនមនុស្សដំបូងទាំងឡាយយោងតាមច្បាប់នោះ ដែលផ្ដល់សមត្ថកិច្ចដល់តុលាការចិនសម្រាប់បណ្ដាបទឧក្រិដ្ឋធ្ងន់
ធ្ងរក្នុងដែនដីនោះ ។

ប្រកាសឲ្យប្រើកាលពីថ្ងៃទី៣០ មិថុនា ដោយប្រធានាធិបតីចិនលោកស៊ី ជីនពីង ច្បាប់នេះនាំឲ្យ
ពួកប្រឆាំងមានការភ័យខ្លាច ចំពោះការបាត់បង់សេរីភាព ។ ក្នុងចំណោមមនុស្សប្រមាណជា៣៧០នាក់ដែលត្រូវចាប់ខ្លួន កាលពីថ្ងៃទី១ កក្កដាដោយកងកម្លាំងប៉ូលិស១០នាក់ពីបទរំលោភបំពានច្បាប់ស្ដីពីសន្តិសុខជាតិ ចំណែកពលរដ្ឋហុងកុងច្រើនពាន់នាក់បានប្រមូលផ្ដុំគ្នាដើម្បីប្រារព្ធខួបលើកទី២៣នៃការប្រគល់ដែនដីហុងកុងទៅឲ្យចិនវិញ ។ ការប្រមូលផ្ដុំមនុស្សបែបនេះត្រូវបានអាជ្ញាធរចេញការហាមឃាត់ កាលពីប៉ុន្មានថ្ងៃមុននេះ ដែលជាលើកដំបូងចាប់តាំងពី១៧ឆ្នាំមកហើយ ។
ប៉ូលិសបានប្រើឧស្ម័នម្រេច ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក ដើម្បីបំបែកពួកបាតុករ ។ យោងតាមប៉ូលិសថាប៉ូលិស៧នាក់រងរបួសក្នុងនោះម្នាក់ត្រូវគេចាក់ចំស្មាពេលប៉ុនប៉ងចាប់ខ្លួនមនុស្សម្នាក់ ។

ជាព្រឹត្តិការណ៍សំខាន់បំផុត ចាប់តាំងពីច្បាប់ថ្មីនោះចូលជាធរមាន ពីយប់ថ្ងៃទី៣០ មិថុនាមកការគាំទ្រចំពោះឯករាជ្យភាពហុងកុង តៃវ៉ាន់ ទីបេនិងតំបន់ស្វយ័តស៊ីនជាំង ក្លាយជាខុសច្បាប់ ។
កាលពីព្រឹកថ្ងៃទី១កក្កដាក្នុងពិធីជាប្រពៃណីនៃការបង្ហូតទង់ជាតិកំណត់ពីខួបនោះ ប្រមុខប្រតិ
បត្តិក្រុងហុងកុង លោកស្រីការី ឡាម ស្និទ្ធក្រុងប៉េកាំង បានសម្ដែងការសាទរចំពោះច្បាប់នេះ ដែលលោកស្រីថានោះជាព្រឹត្តិការណ៍សំខាន់ ក្នុងទំនាក់ទំនងរវាងរដ្ឋាភិបាលកណ្ដាល និងក្រុងហុងកុង ចាប់ពីការប្រគល់ដែនដីអតីតអាណានិគមអង់គ្លេសនោះមកឲ្យចិនវិញ ។
លោកស្រីសន្យាបង្ក្រាបឧក្រិដ្ឋកម្ម៤ប្រភេទប្រឆាំង សន្តិសុខរដ្ឋគឺ ការធ្វើវិទ្ធង្សនា ការបំបែកខ្លួននិយម ភេរវកម្មនិងការឃុបឃិតជាមួយកងកម្លាំងពីខាងក្រៅ ។ ក្នុងករណីមួយចំនួនច្បាប់នេះគ្រោងឲ្យតុលាការចិន មានសមត្ថកិច្ចនិងកាត់ទោសដាក់គុកពី១០ឆ្នាំ រហូតដល់អស់១ជីវិតសម្រាប់បទឧក្រិដ្ឋធ្ងន់ធ្ងរបំផុត ។

ចំពោះច្បាប់ថ្មីនេះសហរដ្ឋអាមេរិកបានគំរាមចិនពីការសងសឹក ដោយសន្យាថាមិននៅឱបដៃនៅស្ងៀមឡើយ ។ សភាអាមេរិកបានអនុម័តជាឯកច្ឆ័ន្ទកាលពីថ្ងៃទី១ កក្កដា សេចក្ដីសម្រេចមួយ ដែលគ្រោងដាក់ទណ្ឌកម្មដោយស្វ័យប្រវត្តិប្រឆាំងចិន ដោយចោទថារំលោភបំពានបណ្ដាកាតព្វកិច្ចអន្តរជាតិរបស់ចិនជាគុណប្រយោជន៍ដល់ស្វ័យភាពក្រុងហុងកុង ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ