ខេត្តបន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង៣និង១០នាទីសៀលថ្ងៃទី១ កក្កដា ឆ្នាំ២០២០ មានករណីបុរសម្នាក់ជាជាងតបណ្តាញអគ្គីសនីរបស់ក្រុមហ៊ុនមួយបានឡើងបង្គោលភ្លើង ដើម្បីភ្ជាប់ប្រព័ន្ធអគ្គិសនីនៅលើបង្គោលភ្លើងនៅចំណុចផ្លូវចូលប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាល ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សង្ស័យភ្លាត់ស្នៀតត្រូវចរន្តអគ្គីសនីឆក់ បណ្តាលឲ្យរងរបួសធ្ងន់ ក្រោយមកបានបាត់បង់ជីវិត ខណៈបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈន សាវុធ ភេទប្រុស អាយុ៣០ឆ្នាំ ជាបុគ្គលិកតបណ្តាញអគ្គីសនីក្រុមហ៊ុនមួយ មានទីលំនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកអធិការបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និង អ្នករួមការងារម្នាក់ទៀតបានឡើងបង្គោលភ្លើងនៅចំណុចផ្លូវចូលប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាលខាងលើ ដៃដន្យភ្លាត់ស្នៀតត្រូវខ្សែភ្លើងឆក់បណ្តាលឲ្យរងរបួសធ្ងន់ ពេលនោះត្រូវបានមិត្តភក្តិរួមការងារជួយដឹកទៅសង្គ្រោះភ្លាមៗដែរ ប៉ុន្តែជាអកុសលជនរងគ្រោះបានបាត់បង់ជីវិត ខណៈពេលដឹកដល់មន្ទីរពេទ្យពេទ្យបង្អែកក្រុងប៉ោយប៉ែត ។
បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ