រាជធានីភ្នំពេញ ៖ អ្នកជំនាញមួយរូបដែលមានរូបរាងដូចតារា ពូកែវោហាស័ព្ទ និងចូលចិត្តចែករំលែកបទពិសោធន៍និងគន្លឹះល្អៗខាងការរកស៊ី បានលើកឡើងតាមរយៈវីដេអូរបស់លោកមួយ ថាបើចង់រកស៊ីបើកហាងកាហ្វេ ត្រូវទៅអង្គុយផឹកកាហ្វេជាមួយអ្នករកស៊ីបើកហាងកាហ្វេ មិនមែនទៅអង្គុយស្តាប់ខាងអ្នករកស៊ីអចលនទ្រព្យ ឬទៅស្តាប់ទ្រឹស្តីមហាសេដ្ឋីទេ។ តែគួរធ្វើយ៉ាងណា ដើម្បីពង្រឹងអាជីវកម្ម និងចំណូលរបស់ខ្លួនឯង។

ថ្មីៗនេះ លោក ប៊ុន ផាក ប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាចតុមុខ បានលើកឡើងថា «ឧទារហណ៍ថា អ្នកជាម្ចាស់ហាងកាហ្វេមួយ ដូចនេះអ្នកត្រូវគិតពីហាងកាហ្វេនោះ គិតនិងរកវិធី ថាមូលហេតុអ្វីបានជា ហ៊ាងកាហ្វេអ្នកលក់មិនដាច់ ហើយហាងអ្នកដទៃ ដែលនៅក្បែរនោះ ហេតុអ្វីបានជាគេលក់ដាច់»។

ងាកមកនិយាយពីការលក់ដែលទទួលបានប្រាក់កម្រៃជាភាគរយវិញម្តង លោក ប៊ុន ផាក ដែលជាស្ថាបនិក និងជា CEO ក្រុមហ៊ុន CAMAZOON (ខេម៉ាហ្ស៊ូន) បានពន្យល់ពីសុភាសិតមួយសិន ដែលមនុស្សទូទៅតែងតែ និយាយ «ធ្វើនំអត់ម្សៅ» ពេលនេះលោកបានចេញវីដេអូ ពន្យល់ដោយប្រៀបធៀបទៅនឹងការរកស៊ី។

ពាក្យថា «ធ្វើនំអត់ម្សៅ» អ្នកទាំងអស់គ្នា អាចធ្វើនំអត់ម្សៅបាន ប៉ុន្តែបើអត់មានម្សៅទេ ត្រូវតែចេះធ្វើនំ ហើយបើមិនចេះធ្វើនំ ក៏ចេះលក់នំដែរ។

លោក ប៊ុន ផាក បន្តថា «ធ្វើនំអត់ម្សៅ ក្នុងន័យនេះ មិនមានន័យថា រកស៊ីមិនចាំបាច់មានដើមទុនទេ រកស៊ីត្រូវតែមានដើមទុន ។ រកស៊ីត្រូវតែមានលុយ ខ្ញុំហ៊ានធានា ថាត្រូវតែប្រើ។ ប៉ុន្តែបើគេហៅទៅលក់ មិនចាំបាច់មានដើមទុនទេ គឺត្រឹមត្រូវ គ្រាន់តែទៅលក់នោះ។ ប៉ុន្តែបើគេហៅអ្នកទៅរកស៊ីមិនចាំបាច់មានដើមទុន គឺមិនអាចទៅរួចទេ»។

លោក ប៊ុន ផាក បានបន្តថា មានពាក្យមួយម៉ាត់ថា អ្នកគ្រប់គ្នាអាចរកបាន ៣ លានដុល្លារអាមេរិក ក្នុងរយៈ ពេល ៣ ឆ្នាំ គាត់គិតថាតួលេខប៉ុណ្ណឹង គឺត្រឹមត្រូវ អ្នកទាំងអស់គ្នា អាចក្លាយជាអ្នកមានបាន ប៉ុន្តែមានភាគតិចមែនទែន ដែលអាចធ្វើវាបាន។
អ្នកជំនាញរូបសង្ហារ រូបនេះបានបន្តថា «ខ្ញុំមិនបដិសេធទេ នូវទិន្នន័យនេះ ព្រោះខ្ញុំអ្នករកស៊ីដែរ ហើយខ្ញុំយល់ថា តួលេខប៉ុណ្ណឹង គឺតិចមែនទែន។ ទាំងអស់គ្នាអាចមានលុយរាប់លានដុល្លារអាមេរិកបាន ក្នុងមួយជីវិតរបស់អ្នក ពីព្រោះថា ក្នុងមួយជីវិតរបស់យើង យ៉ាងហោចណាស់ក៏ចាយ ២ លានដុល្លារអាមេរិកដែរ គ្រាន់តែថាអ្នកទាំងអស់គ្នា មិនមានលុយដុំឥ្យសល់រយលានដុល្លារដូចគេ។ ប៉ុន្តែប្រសិនបើ គិតដល់ថ្ងៃអនាគត ៣០ ទៅ ៤០ ឆ្នាំទៀត អ្នកទាំងអស់គ្នាយ៉ាងហោចណាស់ ក៏ត្រូវចាយលុយ ២ លានដុល្លារអាមេរិកដែរ»។
លោក ប៊ុន ផាក បានបន្តថា ប្រសិនបើអ្នកទាំងអស់គ្នា អាចលក់បាន១០០ លានដុល្លារអាមេរិក ក្នុងរយៈពេល ៣ឆ្នាំ ដូចនេះមួយឆ្នាំ លក់បាន ៣៣ លានដុល្លារ ហើយក្នុងមួយថ្ងៃ អ្នកទាំងអស់គ្នាលក់បាន ៩ ម៉ឺនដុល្លារអាមេរិក ដូចនេះអ្នកទាំងអស់គ្នាអាចទទួលបាន ៣ ភាគរយ ទៅ ៨ ភាគរយ ដូចនេះវាស្មើនឹង ៣ លានដុល្លារ ហើយក្នុងរយៈពេល ៣ ឆ្នាំនោះ។ ប៉ុន្តែសួរថា តើមានមនុស្សប៉ុន្មាននាក់ ដែលអាចធ្វើបាន វាតិចមែនទែន។ ដូចនេះអ្នក មានសមត្ថភាពខ្ពស់មែនទែនទើបអាចធ្វើបាន។
លោក ប៊ុន ផាកបានលើកទឹកចិត្តថា «ខ្ញុំ មិនចង់ឱ្យអ្នកទាំងអស់គ្នា បោះបង់ចោលនូវអ្វីដែល អ្នកទាំងអស់គ្នាកំពុងតែធ្វើទេ» ៕
ចែករំលែកព័តមាននេះ