រាជធានីភ្នំពេញ ៖ គោឈ្មោលមួយក្បាលដែលគេសង្ស័យថា បានបោលចេញពីទីសត្តឃាតជ្រោយចង្វា
និងហាក់ក្រពុលមុខ ក៏បានដេញជល់អ្នកដំណើរធ្វើឱ្យកម្មករសំណង់ម្នាក់ដួលសន្លប់ ហើយត្រូវបានក្រុមហ៊ុនបញ្ជូនទៅសង្គ្រោះ ។

ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៨ព្រឹកថ្ងៃទី១ ខែកក្កដា នៅចំណុចភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ បន្ទាប់ពីដេញជល់មនុស្សគោមួយក្បាលនោះ ត្រូវបានសន្តិសុខ និងក្រុមកម្មករ នាំគ្នាចាប់បានរួចទាក់ទងទៅសមត្ថកិច្ច ដើម្បីឱ្យម្ចាស់ចេញមកទទួលខុសត្រូវ ចេញថ្លៃព្យាបាល ។

ជនរងគ្រោះដោយគោដេញជល់នោះឈ្មោះ ប្រេន ស្រីហ្គិច ភេទស្រី អាយុ១៩ឆ្នាំ ស្នាក់នៅការដ្ឋានក្រុមហ៊ុន O C I C មានស្រុកកំណើតភូមិសង្គមមានជ័យ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ តាមព័ត៌មានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញគោឈ្មោលឡើងកមួយក្បាលខាងលើមានបាញ់ថ្នាំក្បាល និងបាញ់ថ្នាំសំគាលអក្សរA បានបោលចុះឡើងនៅលើដីវាលតំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វា ហើយទំនងក្រពុលមុខ ដែលរត់រួចចេញពីកុងស៊ី ពេលឃើញមនុស្សក៏បានបោលបុកតែម្តង ។

ខណៈនោះមាននារីជាកម្មករម្នាក់កំពុងតែដើរធ្វើការនៅក្បែរចិញ្ចើមផ្លូវក៏បានដេញបុសត្រូវខ្នងបណ្តាលឱ្យដួល ហើយគោមួយក្បាលនោះក៏បានជាន់ថែមទៀតបណ្តាលឱ្យសន្លប់ដេកស្តូកស្តឹង ។ តាមព័ត៌មាននៅព្រឹកនោះ សន្តិសុខរួមជាមួយមេការក៏បាននាំគ្នាចាប់គោមួយក្បាលនេះទុក ព្រមទាំងបញ្ជូនជនរងគ្រោះ ទៅបន្ទប់ពីគ្រោះជំងឺប៉ៃលិនដែលស្ថិតនៅផ្សារព្រែកលៀប ។

នៅព្រឹកនោះសន្តិសុខក៏បានរាយការណ៍ទៅនគរបាលប៉ុស្តិ៍ជ្រោយចង្វាដើម្បីឱ្យមកនាំគោនោះទៅស្នាក់ការដើម្បីឱ្យម្ចាស់ចេញមុខ ដោះស្រាយ ។ ដោយសារតែគោនោះកាច និងកំពុងតែក្រពុលមុខឱ្យតែឃើញមនុស្សទៅក្បែរ គឺដេញជល់ ទើបនគរបាលឱ្យសន្តិសុខរក្សាទុកសិន ។ តាមនគរបាលក៏ដូចជាសន្តិសុខ បានឱ្យដឹងថា គោមួយក្បាលនោះទំនងបោលចេញពីទីសត្តឃាតជ្រោយចង្វា ខណៈពេលដែលគេឆក់សម្លាប់មិនស្លាប់ក៏ក្រពុលមុខឱ្យតែឃើញមនុស្សដេញបុស។

ទោះបីជាយ៉ាងណា នៅព្រឹកនោះអ្នកមើលគោជាជនជាតិអ៊ិស្លាមឈ្មោះ លី ហាក់ ភេទស្រី អាយុ២៧ឆ្នាំ ដែលបានចូលខ្លួន ទៅដោះស្រាយបានឱ្យដឹងថា នៅវេលាព្រឹកនេះគាត់បានដឹកគោចេញពីក្រោលប្រុងយកទៅឱ្យស៊ីស្មៅ ស្រាប់តែឆ្កែព្រុសគោស្ទុះបោលទៅបាត់ ក្រោយមកទើបដឹងថា ដេញបុសគេមានរបួស។ អ្នកមើលគោរូបនោះក៏បានធានាទទួលខុសត្រូវដោយចេញថ្លៃព្យាបាល ។

គួរបញ្ជាក់ កន្លងនៅទីសត្តឃាតជ្រោយចង្វា តែងមានគោ-ក្របីរត់ចេញពីកុងស៊ី ហើយដេញវ័ធនិងបុស បណ្តាលឱ្យរងរបួសបែបនេះក៏ធ្លាប់ ត្រូវបានសមត្ថកិច្ចបាញ់សម្លាប់ផងដែរ បន្ទាប់ពីដេញវ័ធបង្កឱ្យមនុស្សរងរបួសជាច្រើននាក់ និងចាប់មិនឈ្នះ ៕


ចែករំលែកព័តមាននេះ