រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជាជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍បឹងកេងកងទី១ ឃាត់ខ្លួន ក្រោយពីរូបនាងលួចយកទូរស័ព្ទដៃម៉ាក Iphone Xmas មួយគ្រឿងពីក្នុងកាបូបរបស់នារីរងគ្រោះ ខណៈកំពុងតែដើររកទិញឥវ៉ាន់ក្នុងផ្សារបឹងកេងកង ហើយស្ពាយខាងក្រោយខ្នងមិនបានបិទរូត តែត្រូវម្ចាស់ឃើញទាន់ក៏ស្រែកថា«ចោរៗ» បង្កឱ្យមានការភ្ញាក់ផ្អើលឆោឡោឡើងដល់កម្លាំងសន្តិសុខជួយចាប់បានភ្លាមៗនោះ កាលពីម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចក្នុងផ្សារបឹងកេងកង ខណ្ឌបឹងកេងកង។
តាប្រភពពីនគរបាលបានប្រាប់ឱ្យដឹងថា ស្ត្រីជនសង្ស័យខាងលើមានឈ្មោះ ចាន់ ធាវី ហៅចាន់ ស្រីម៉ុំ អាយុ២៩ឆ្នាំ មុខរបរមើលកូនឱ្យគេ ស្នាក់នៅផ្ទះជួលគ្មានលេខ ម្តុំផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់បឹងកក់ ខណ្ឌទួលគោក ចំណែកជនរងគ្រោះឈ្មោះ ចក ច័ន្ទមល្លីកា អាយុ ១៩ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

នគរបាលបន្តថា មុនពេលកើតហេតុ ខណៈពេលដែលនារីរងគ្រោះកំពុងតែដើររកទិញឥវ៉ាន់នៅក្នុងផ្សារបឹងកេងកង ដោយស្ពាយកាបូបមួយខាងក្រោយ ដែលក្នុងលុយមួយចំនួន និងទូរស័ព្ទដៃម៉ាក Iphone Xmas ពណ៌ទឹកមាស មួយគ្រឿង ហើយកាបូបមាត់ចំហរមិនបានបិទរូតឡើយ។
តាមប្រភពដដែលបន្តទៀតថា ខណៈពេលដែលនារីរងគ្រោះកំពុងតែដើរក្នុងផ្សារ និងភ្លេចមិនបានបិទរូតកាបូបស្ពាយខាងក្រោយនោះ ស្រាប់តែស្ត្រីជាជនសង្ស័យបានដើរតាមក្រោយ និងលូកដៃលួចយកទូរស័ព្ទដៃម៉ាក Iphone Xmas ពីក្នុងកាបូប ។ តែចៃដន្យនារីរងគ្រោះក៏ឃើញទាន់ និងស្រែកថា «ចោរ» ធ្វើឱ្យមានការភ្ញាក់ផ្អើលទៅដល់កម្លាំងសន្តិសុខផ្សារ និងនគរបាលប៉ុស្តិ៍ល្បាតក្បែរនោះ ជួយអន្តរាគមន៍ចាប់បានភ្លាមៗតែម្តង។
ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងកេងកងទី១ ក៏បានធ្វើការប្រគល់ទូរស័ព្ទដៃនោះទៅឱ្យនារីរងគ្រោះវិញ ចំណែកឯស្ត្រីជាជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់ជាបន្តទៅទៀត។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ