ខេត្តកំពង់ឆ្នាំង ៖ ក្មេងប្រុសអាយុ៣ឆ្នាំម្នាក់ រួមទាំងម្ដាយបានរងរបួសធ្ងន់ ដោយសាររលាកភ្លើងដែលឆាបឆេះពីប៊ីដុង និងដបសាំង បន្ទាប់ពីបុរសជាជីតាបានឡើងទៅផ្សារដំបូល ហើយកម្ទេចផ្កាភ្លើងខ្ទាតប៉ះចំដប និងប៊ីដុងសាំងដែលដាក់លក់ បង្កជាអគ្គិភ័យឆាបឆេះរលាកជនរងគ្រោះទាំង២នាក់ម្តាយនិងកូនតូចតែម្តង ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ នៅភូមិកំពង់បាស្រូវត្បូង ឃុំជលសារ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ៖ ក្មេងប្រុសរងគ្រោះមានឈ្មោះ សាំង គឹមស៊ុន អាយុ៣ឆ្នាំ ចំណែកម្តាយឈ្មោះ ណែម ឡា អាយុ៣៧ឆ្នាំ មុខរបរលក់គ្រឿងទេស និងលក់សាំង ។ ជនរងគ្រោះទាំង២នាក់មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ។
តាមប្រភពដដែលបានបន្តថា មុនពេលកើតហេតុ នៅផ្ទះរបស់ជនរងគ្រោះមានការរុះរើដំបូលចាស់ ដើម្បីប្រក់ដំបូលស័ង្កសីថ្មីជំនួសវិញ ដោយបានផ្សារដែកធ្វើជាមេដំបូលមុនឈានដល់ប្រក់ដំបូលស័ង្កសី ។ លុះដល់ម៉ោងប្រមាណជាង៨ព្រឹកថ្ងៃដដែល បុរសជាប្តី និងត្រូវជាឪពុករបស់ក្មេងប្រុសរងគ្រោះបានចុះមកក្រោមដើម្បីហូបបាយព្រឹក ។
តាមប្រភពដដែលបានបន្តទៀតថា គ្រានោះដែរ ក៏មានបុរសម្នាក់ទៀតជាឪពុករបស់ស្ត្រីរងគ្រោះ និងជាត្រូវជាជីតារបស់ក្មេងប្រុសរងគ្រោះបានឡើងផ្សារដែកបន្តនៅលើដំបូល ស្របពេលនោះដែរ ស្ត្រីរងគ្រោះ និងកូនកំពុងលក់សាំងនៅខាងក្រោមផ្ទះ ស្រាប់តែកម្ទេចផ្កាភ្លើងខ្ទាតត្រូវសាំងកំពុងលក់ បណ្ដាលឱ្យឆាបឆេះអស់សាំង៣ប៊ីដុង និងដបសាំងតូចៗអស់ចំនួន៥០ដប បណ្ដាលឲ្យស្ត្រីជាម្ដាយនិងកូនបានរងរបួសរលាកយ៉ាងធ្ងន់ធ្ងរ ។ ក្នុងហេតុការណ៍នេះដែរ មិនបណ្តាលឱ្យមានការឆាបឆេះដល់ផ្ទះនោះទេ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ម្តាយនិងកូនត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ប៉ុន្តែដោយសារក្មេងប្រុសអាយុ៣ឆ្នាំរងរបួសធ្ងន់ពេក ទើបត្រូវបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផានៅឯរាជធានីភ្នំពេញ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ