ទោចមកុដ១គូលែងចូលឱ្យរស់បែបធម្មជាតិក្នុងព្រៃឧទ្យានអង្គរ
- សៀមរាប
ខេត្តសៀមរាប៖អង្គការសម្ព័ន្ធមិត្តសត្វព្រៃនិងរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ ក្រោមកិច្ចសហការពីអាជ្ញាធរជាតិអប្សរា បានលែងទោចមកុដមួយគូបន្ថែមទៀតឱ្យរស់នៅតាមបែបធម្មជាតិ នៅក្នុងព្រៃម្តុំខ្លោងទ្វារតាកាវ ។ ការលែងនេះកាលពីព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ក្រោយពេលបន្សាំក្នុងទ្រុងអស់រយៈពេលមួយឆ្នាំកន្លះ ។

តាមការបញ្ជាក់របស់លោកនិច ម៉ាក នាយកសង្គ្រោះសត្វព្រៃនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃថា «ជាទោចមកុដគូទី៣ហើយដែលក្រុមការងារបានលែងនៅក្នុងព្រៃរមណីយដ្ឋានអង្គរ ។ យើងបានបន្សាំវាឱ្យនៅក្នុងទ្រុងសិន ដើម្បីឱ្យវាស្រឡាញ់គ្នា ពិនិត្យសុខភាពថាគ្មានជំងឺ ឱ្យវាចេះសម្របខ្លួននឹងធម្មជាតិ អាកាសធាតុ បរិយាកាស ស្គាល់កន្លែង ខ្លាចមនុស្សតិចតួច ទើបអាចដោះលែងវាឱ្យរស់នៅក្នុងព្រៃបាន ។ ទោចមកុដជាប្រភេទសត្វស្លូត ហើយចំពោះការជ្រើសយកព្រៃក្នុងឧទ្យានអង្គរដើម្បីលែង ព្រោះព្រៃអង្គរមានសុវត្ថិភាព មានព្រៃស្អាត ធម្មជាតិល្អ មានអាហារគ្រប់គ្រាន់ »។

នេះបើតាមការផ្សាយរបស់ផេកហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា ហើយថាលក្ខណៈពិសេសរបស់ទោចមកុដ ជាសត្វប្រកាន់ដៃគូ ស្មោះត្រង់នឹងដៃគូ រស់នៅជាគ្រួសារ គម្លាតពីគ្រួសារ១ទៅគ្រួសារ១ប្រហែល១គីឡូម៉ែត្រកន្លះ អាយុ៦ឆ្នាំពេញវ័យ និងមានផ្ទៃពោះរយៈពេល៨ខែ មានកូនម្តង១ ហើយជាសត្វមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ ។

លោកជូរ៉ា ឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា ថ្លែងថា «នាយកដ្ឋានបានសហការជាមួយរដ្ឋបាលព្រៃឈើ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ តាំងពីឆ្នាំ២០១៣ ក្នុងការលែងសត្វព្រៃជាច្រើនប្រភេទក្នុងព្រៃរមណីយដ្ឋានអង្គរ ។ ទោចមកុដ គឺយើងអាចលែងបានតែ៤គ្រួសារទេ ។

ចំពោះការថែទាំទាំងទោចមកុដ និងសត្វផ្សេងៗ គឺមុនលែងក្នុងព្រៃមានក្រុមការងារបន្សាំ ឱ្យចំណី តាមដានសុខភាព និងសុវត្ថិភាពផងដែរ ។ អាជ្ញាធរជាតិអប្សរាក៏បានបង្កប់កាមេរ៉ានៅតាមទីតាំងមួយចំនួនឃើញថា សត្វព្រៃដែលក្រុមការងារព្រលែង គឺមានវត្តមានទាំងអស់» ។

កន្លងមក អាជ្ញាធរជាតិអប្សរារួមនឹងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ រដ្ឋបាលព្រៃឈើ បានព្រលែងសត្វទោចមកុដចំនួន៣ទីតាំងហើយ គឺនៅប្រាសាទតានៃ១គូ មានកូន៣ ខ្លោងទ្វារខ្មោច១គូ មានកូន២ និងគូទី៣ នៅខ្លោងទ្វារតាកាវ ។ គ្រោងនឹងដាក់គូទី៤ គឺនៅបឹងសន្ធមា ។ ក្រៅពីនេះបានលែងសត្វឈ្លូស៤ក្បាល ស្វាព្រាហ្មណ៍១២ក្បាល សំពោចក្រអូប៥ក្បាល និងភេខ្លួនរលោង៥ក្បាល បច្ចុប្បន្នភេបង្កើតបានកូន២ហើយ
ជាគោលដៅទៅអនាគត អាជ្ញាធរជាតិអប្សរាដោយសហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ រដ្ឋបាលព្រៃឈើ នឹងយកសត្វប្រើស សត្វក្ងោក និងសត្វកេងកងមកលែងនៅក្នុងរមណីយដ្ឋានអង្គរបន្ថែមទៀត ៕ (កែសម្រួលដោយ ៖ ធីតា)










ចែករំលែកព័តមាននេះ