សិង្ហបុរី ៖ អាកាសយានដ្ឋានចាងជី ប្រទេសសិង្ហបុរី កំពុងសាកល្បង និងអនុវត្តវិធានការណ៍ប្រឆាំងនឹងមេរោគកូវីដ១៩ នាពេលថ្មីៗនេះ ខណៈដែលវាត្រៀមសម្រាប់ការបន្តជើងហោះហើរជាបណ្តើរៗ នៅលើពិភពលោកក្រោយការផ្ទុះឡើងនៃជំងឺកូវីដ១៩។

បញ្ជរត្រួតពិនិត្យដែលមានសេនស័របញ្ជាមិនបាច់យកដៃទៅប៉ះ ផ្ទាំងកញ្ចក់ការពារបាំងរវាងបុគ្គលិក និងអ្នកដំណើរ មនុស្សយន្តសម្អាតស្វ័យប្រវត្តិកម្ម និងបង្គន់ដែលមិនចាំបាច់ប្រើប្រាស់ដៃទៅប៉ះ គ្រាន់តែជាវិធានការខ្លះ ដែលព្រលានយន្តហោះណែនាំដើម្បីបង្កើនកម្រិតអនាម័យ និងកាត់បន្ថយការឆ្លងមេរោគដែលអាចកើតមាន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន។

អាកាសយានដ្ឋានមួយក្នុងចំណោមអាកាសយានដ្ឋានដែលមមាញឹកជាងគេបំផុតក្នុងពិភពលោក សម្រាប់ចរាចរណ៍អ្នកដំណើរអន្តរជាតិ ចាងជី ក៏ដូចជាអាកាសយានដ្ឋានដទៃទៀត នៅលើពិភពលោក បានជួបប្រទះនឹងបញ្ហាដោយសារតែការបំផ្លាញឧស្សាហកម្មទេសចរណ៍ ដោយជំងឺកូវីដ១៩។

នៅក្នុងជំហានដំបូងឆ្ពោះទៅរកការបើកដំណើរការឡើងវិញ កាលពីខែមុនប្រទេសសិង្ហបុរីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយទីក្រុង និងខេត្តចំនួន៦ របស់ប្រទេសចិន សម្រាប់តែអ្នកធ្វើជំនួញធ្វើដំណើរ។ ប្រទេសនេះក៏កំពុងពិភាក្សាដើម្បីបង្កើតជើងធ្វើដំណើរ ជាមួយប្រទេសមួយចំនួន រួមមានប្រទេសម៉ាឡេស៊ី នូវែលសេឡង់ និងកូរ៉េខាងត្បូង៕ ដកស្រង់ចេញពីវេបសាយ ៖ bangkokpost (កែសម្រួលដោយ ៖ បុប្ផា)



ចែករំលែកព័តមាននេះ