យីហោគ្រឿងសម្អាងរបស់អ្នកស្រី គីម ខាដាសៀន វេស (Kim Kardashian West) បច្ចុប្បន្ននេះមានតម្លៃ ១ប៊ីលានដុល្លារបន្ទាប់ពីទទួលបានការវិនិយោគ ២០០លានដុល្លារពីក្រុមហ៊ុន Coty ប៉ុន្តែតើវាមានន័យថាអ្នកស្រីអាចរាប់ចូលក្នុងចំណោមមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិលើស ១ប៊ីលានដុល្លារដែរឬទេ?

យោងទៅតាមទស្សនាវដ្តី Forbes បានឲ្យដឹងថា ទ្រព្យសម្បត្តិសរុបរបស់អ្នកស្រីមានប្រមាណតែ ៩០០លានដុល្លារទេ ហើយតម្លៃដ៏ខ្ពស់របស់ក្រុមហ៊ុន គឺកើតឡើងព្រោះតែវត្តមានរបស់អ្នកស្រីដែលមានលើប្រព័ន្ធសង្គមតែប៉ុណ្ណោះ មិនមែនក្រុមហ៊ុនរកចំណូលបានច្រើនទេ ។

លើសពីនេះទៅទៀត Forbes មិនគិតថាអ្នកស្រីខាដាសៀនជាម្ចាស់កម្មសិទ្ធិរបស់ KKW Beauty ទាំងស្រុងទេ ។ ផ្ទុយមកវិញ អ្នកស្រីគ្រីស ជេននើ (Kris Jenner) ដែលជាម្តាយបង្កើតរបស់អ្នកស្រីខាដាសៀនអាចនឹងមានភាគហ៊ុនប្រមាណ ៨% នៃអាជីវកម្មនេះដែរ ។ យ៉ាងណាក្តី អ្នកស្រីមានប្រភពចំណូលជាច្រើនទោះជាអ្នកស្រីមិនមានទ្រព្យសម្បត្តិរួមលើស ១ប៊ីលានដុល្លារពិតមែនក្តី ។
ខោរឹបរៀង Skims និងការផ្សព្វផ្សាយពាណិជ្ជកម្មលើប្រព័ន្ធសង្គមបាននាំចូលរាប់លានដុល្លារដល់អ្នកស្រីផងដែរ ។ លើសពីនេះទៅទៀត អ្នកស្រីក៏រកចំណូលបានពីការលេងកម្មវិធី Keeping Up with the Kardasians ជាមួយក្រុមគ្រួសារដែរ ។
ប្អូនស្រីបង្កើតរបស់អ្នកស្រីខាដាសៀនគឺអ្នកស្រី ខៃលី ជេននើ (Kylie Jenner) ក៏បានធ្លាក់ក្នុងស្ថានការស្រដៀងគ្នានេះដែរកាលពីខែមីនាឆ្នាំ ២០១៩ ឬពេលដែល Coty បានទិញភាគហ៊ុនមួយចំណែកធំក្នុងក្រុមហ៊ុន Kylie Cosmetics និងបានធ្វើឲ្យក្រុមហ៊ុនមានតម្លៃសរុបដល់ទៅ ១ប៊ីលានដុល្លារ ។
ពេលនោះ Forbes បានប្រកាសថាអ្នកស្រី ខៃលី ជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិលើស ១ប៊ីលានដុល្លារវ័យក្មេងជាងគេលើលោកមុននឹងដកឈ្មោះនេះវិញនៅខែឧសភាឆ្នាំនេះបន្ទាប់ពីប្រទះឃើញថាអ្នកស្រី ជេននើ បានព្យាយាមកុហកដើម្បីបំប៉ោងប្រាក់ចំណេញក្រុមហ៊ុនអស់រយៈពេលជាច្រើនឆ្នាំ ។ ជាក់ស្តែង អ្នកស្រីជេននើបានបដិសេធនឹងការចោទប្រកាន់នេះ ៕
ចែករំលែកព័តមាននេះ