រាជធានីភ្នំពេញ ៖ នៅពេលនិយាយដល់ពាក្យថា លុយ ពុំមាននរណាម្នាក់ហ៊ានបដិសេធនោះទេ ថា លុយសំខាន់យ៉ាងណានៅក្នុងជីវភាពរស់នៅ មិនថា អ្នកនៅលីវ ឬអ្នកមានគូនោះទេ ហើយរឹតតែធ្ងន់ធ្ងរជាងនេះទៅទៀតនោះ បើសិនអ្នកជាក្មេងស្រីតូចម្នាក់ ដែលត្រូវទទួលបន្ទុករកលុយចិញ្ចឹមម្តាយ និងប្អូនៗថែមទៀតនោះ ។

យ៉ាងណាមិញ ទោះលុយសំខាន់យ៉ាងណា ក៏ប៉ុន្តែលុយមិនអាចទិញសុភមង្គលក្នុងគ្រួសារ និងកិត្តិយសរបស់មនុស្សឡើយ ហេតុដូច្នេះហើយទើបមហាជនតែងតែឲ្យតម្លៃទៅដល់បុគ្គលណា ដែលឲ្យតម្លៃកិត្តិយសជាងលុយ ។

ជាក់ស្តែងតារាចម្រៀងជួរមុខនៅកម្ពុជា អ្នកនាង ឱក សុគន្ធកញ្ញា ទម្រាំមានថ្ងៃនេះ ថ្ងៃដែលនាងរីករាយនឹងសុភមង្គលជាមួយប្តី និងកូន ថ្ងៃដែលនាងមានគ្រប់យ៉ាងក្នុងដៃ ថ្ងៃដែលនាងបានជួយដល់គ្រួសារម្តាយ និងប្អូនៗ គឺនាងបានហែលឆ្លងនូវឧបសគ្គរាប់ជំពូកទាំងការរិះគន់ម៉ាក់ងាយ ទាំងការដើរតួនាទីជាមេគ្រួសាររកលុយជួយដល់ការសិក្សារបស់ខ្លួន និងប្អូនៗរបស់នាង ។

តាមរយៈវីដេអូឃ្លីបមួយដែលអ្នកគាំទ្រមួយរូបបានថតបង្ហោះចូលក្នុងបណ្តាញសង្គម និងមានអ្នកចូលទស្សនាជាង ១លានដងនោះ កាលនោះតារាចម្រៀងស្រីដ៏ល្បីរូបនេះបានថ្លែងនៅលើឆាកសម្តែងមួយ ហើយនាងបានលាតត្រដាងពីជីវិតដ៏កំសត់ត្រូវឪពុកចាកចេញតាំងពីតូច ដែលគ្រានោះ គឺជាពេលដែលតារាចម្រៀងរូបនេះពោលទាំងអួលដើម.ក និងទប់ទឹកភ្នែកមិនស្រក់មិនបាន ។

ឱក សុគន្ធកញ្ញា បានពោលបន្តទាំងរង្វង់ភ្នែកកំពុងដែលពោរពេញដោយទឹកភ្នែកប្រុងតែនឹងស្រក់ចុះនោះបន្តថា «នៅពេលដែលឪពុកខ្ញុំចាកចេញ ខ្ញុំមានតែម្តាយ ហើយគាត់ត្រូវចិញ្ចឹមគ្រួសារទាំងមូល ។ នៅពេលនោះខ្ញុំ តែងតែនិយាយប្រាប់គាត់ថា ខ្ញុំនឹងរឹងប៉ឹង ហើយខ្ញុំនឹងជួយគ្រួសារមួយនេះ » ដល់ចំណុចនេះតារាចម្រៀងស្រីរូបនេះហាក់ទប់អារម្មណ៍ក្តុកក្តួលលែងបាន ក៏បង្អាក់វាចារប្រឹងញញឹមទាំងទឹកភ្នែកទៅកាន់អ្នកគាំទ្រ និងខំជូនទឹកភ្នែកបណ្តើរ ហើយក៏ពោលបន្ថែមទៀតថា «ដោយមិនបាច់ពឹងពាក់កម្លាំងមនុស្សប្រុសទេ ហើយកូនស្រីម្នាក់នេះនឹងធ្វើជាមនុស្សធំម្នាក់ ។ ហើយពេលនោះ ខ្ញុំតែងតែគិតថា លុយប្រហែលជាសំខាន់ អ៊ីចឹងខ្ញុំក៏ប្រាប់គាត់ថា ខ្ញុំនឹងរកលុយចិញ្ចឹមគ្រួសារមួយនេះដោយកិតិ្តយសជូនគ្រួសាររបស់ខ្ញុំ» ។

នាងបានបន្ថែមថា ដោយសារតែត្រូវរកប្រាក់សម្រាប់គ្រួសារមានពេលខ្លះ នាងរងការរិះគន់ និងមានគេតែងតែម៉ាក់ងាយទៅលើអាជីពរបស់នាងផងដែរ ខណៈខ្លះទៀតម៉ាក់ងាយថាមនុស្សស្រីធ្វើអ្វីមិនកើត ។ ពាក្យសម្តីខ្លះទេ ហើយមានខ្លះគេតែងតែនិយាយថា ទៅធ្វើការ ឬរកស៊ីនៅផ្លូវកាត់ទើបយើងទទួលបានលទ្ធផល ។

នាងបានបនត្ថា «ប៉ុន្តែខ្ញុំតាំងចិត្តថា ខ្ញុំនឹងឆ្លងកាត់ឧបសគ្គ ហើយខ្ញុំនឹងជម្នះរាល់ឧបសគ្គ ពាក្យសម្តីទាំងអស់ ដោយម្តាយរបស់ខ្ញុំគាត់ផ្តាំថា លុយសំខាន់ ក៏ប៉ុន្តែលុយមិនអាចទិញកត្តិយសបាននោះទេ ។ ត្រូវយកកិត្តិយសនាំមុខគេ ហើយស្វែងរកលុយដោយភាពថ្លៃថ្នូរ» ។ តារាចម្រៀងស្រីដែលជីវិតបច្ចុប្បន្នពោរពេញដោយភាពជោគជ័យនិងសុភមង្គលក្នុងគ្រួសារបានបន្ថែមថា ពាក្យទាំងនេះនឹងក្លាយទៅជាពាក្យស្លោក សម្រាប់ជីវិតរបស់នាង ។

នាងបានបន្តទាំងមានទឹកភ្នែកក្នុងរង្វង់កែវភ្នែកថា «ដូច្នេះរឿងរ៉ាវកើតឡើងបន្តបន្ទាប់ សុទ្ធតែជាឧសបគ្គ ប៉ុន្តែខ្ញុំបានឆ្លងទាំងទឹកភ្នែក ទាំងសប្បាយរីករាយ ទាំងការតស៊ូ ទាំងពេលខ្លះ និយាយក៏គេអត់ជឿ ។ ប៉ុន្តែសំខាន់ គឺយើងបានធ្វើ ហើយយើងបានទទួលនូវ លទ្ធផលល្អ ហើយយើងបានធ្វើឲ្យក្រុមគ្រួសារមួយនេះមានជំហររឹងមាំ ហើយទទួលបាននូវកិត្តិយស » ៕

ចែករំលែកព័តមាននេះ