ខេត្តកណ្តាល ៖ ហិង្សាមួយបានកើតឡើងដែលបង្កកូនប្រុសផឹកស្រាស្រវឹង ក៏ទៅវាយម្តាយបង្កើតរបស់ខ្លួន ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន កើតឡើងនៅថ្ងៃទី១ កក្កដាវេលាម៉ោង១៩យប់ ស្ថិតនៅចំណុចភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

ប្រភពឱ្យដឹងថា ស្ត្រីរងគ្រោះជាម្តាយឈ្មោះ ខឺន សាវឿន អាយុ៥៦ឆ្នាំ ពិការភាព (ស្វិតត្រគៀកខាងស្តាំ)មានទីលំនៅភូមិឃុំកើតហេតុ មានរបួសស្នាមលើចង្កេះខាងស្តាំ១កន្លែង និងរបួសលើខ្មងជើងខាងឆ្វេង១កន្លែង ។ ដោយឡែក ជនសង្ស័យជាកូនឈ្មោះ ពៅ គន្ធា ភេទប្រុស អាយុ៣៣ឆ្នាំ ជាកសិករ មានទីលំនៅភូមិឃុំកើតហេតុ ។
នគរបាលស្រុកខ្សាច់កណ្តាលបានប្រាប់ឱ្យដឹងទៀតថា ៖ កន្លងមក ជនសង្ស័យរូបនេះឱ្យតែពេលស្រវឹងស្រាម្តងៗ ចេះតែរករឿងឪពុកម្តាយរបស់ខ្លួន ហើយធ្លាប់ប្រើហិង្សាទៅលើគាត់ចំនួន៤ទៅ៥ដងមកហើយ ប៉ុន្តែមិនបានប្តឹងសមត្ថកិច្ចឡើយ ។ លុះដល់នៅថ្ងៃទី១ កក្កដា ជនសង្ស័យបានដើរទៅផ្ទះឈ្មោះ អ៊ុត រ៉ា ភេទប្រុស នៅចំហ៊ាងខាងត្បូងផ្ទះខ្លួន ហើយបានទិញស្រាថ្នាំចំនួន២លីត្រហូបជាមួយឈ្មោះ អ៊ុត រ៉ា ឈ្មោះហ៊ាង និងមនុស្សម្នាក់មិនស្គាល់ឈ្មោះ ត្រូវជាបងរបស់ឈ្មោះអ៊ុត រ៉ា ។

រហូតដល់វេលាម៉ោងកើតហេតុ ជនសង្ស័យមានសភាពស្រវឹងស្រាបានដើរមកផ្ទះវិញ ហើយកាន់ដំបងប្ញស្សីមួយកំណាត់គ្រវីគ្រវាត់ ព្រមទាំងស្រែកឡូឡាយ៉ាងខ្លាំងៗ ។ ពេលមកដល់ផ្ទះបានរករឿងម្តាយខ្លួនដែលមានជំងឺកំពង់អង្គុយនៅលើក្រែក្រោមផ្ទះថា «ម៉ែឯងស្រលាញ់តែប្អូនៗ ឯខ្ញុំវិញម៉ែ ឯងមិនស្រឡាញ់ខ្ញុំឡើយ» ។ ពេលឮដូច្នោះ ម្តាយថា «អាគន្ធា កូនៗអញ់ស្រលាញ់ស្មើៗគ្នាមិនស្អប់កូនណាឡើយ ប៉ុណ្ណឹងបានហើយកុំមាត់ឡូឡាទៀត» ។
ភ្លាមនោះ ជនសង្ស័យយកដំបងឬស្សីវាយម្តាយខ្លួនចំនួន២ដំបង ត្រូវចង្កេះចំហៀងខាងស្តាំមួយដំបងនិងត្រូវខ្មងជើងខាងឆ្វេងមួយដំបងមានរបួសហើមប៉ោង ពេលនោះឈ្មោះសុខ ពៅ ជាប្តីនិងកូនៗ ឈ្មោះពៅ ណាវី ឈ្មោះពៅ ស្រីថា បាននាំគ្នារត់ចេញពីតូបនៅខាងមុខផ្ទះទៅឃាត់ជនសង្ស័យ ព្រមទាំងមកដាក់ពាក្យបណ្តឹងសមត្ថកិច្ចប៉ុស្តិ៍វិហារសួគ៌ ដើម្បីអនុវត្តតាមនីតិវិធី ។


ចែករំលែកព័តមាននេះ