ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហជីព​ស្នើ​សុំ​នាយក​រដ្ឋមន្ត្រី​អន្តរា​គម ខណៈ​ពេល​កំណត់​៦​ខែ​រឿង EBA ជិត​ដល់​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហភាព​សមាជីព​កម្ពុជា ដែល​ហៅ​កាត់​ថា CCU បាន​សរសេរ​លិខិត​មួយ​ជម្រាប​ជូន​សម្តេច​នាយក​រដ្ឋមន្ត្រី​តេ​ជោ ហ៊ុន សែន ថា រយៈពេល​ដែល​សហភាព​អឺរ៉ុប​ទុក​ពេល​ឲ្យ​កម្ពុជា​៦​ខែ…

រាជធានី​ភ្នំពេញ ៖ សហភាព​សមាជីព​កម្ពុជា ដែល​ហៅ​កាត់​ថា CCU បាន​សរសេរ​លិខិត​មួយ​ជម្រាប​ជូន​សម្តេច​នាយក​រដ្ឋមន្ត្រី​តេ​ជោ ហ៊ុន សែន ថា រយៈពេល​ដែល​សហភាព​អឺរ៉ុប​ទុក​ពេល​ឲ្យ​កម្ពុជា​៦​ខែ ជុំវិញ​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់យ៉ាង​លើកលែងតែ​សព្វាវុធ (EBA) ដែល​កន្លង​មក​ខាង EU សម្រេច​កាត់ ២០% ពី​កម្ពុជា​នោះ​បាន​ខិត​ជិត​មក​ដល់​ហើយ គឺ​មក​ដល់​នៅ​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២០ ខាង​មុខ​នេះ ។

សហភាព​សមាជីព​កម្ពុជា​ដែល​មាន​លោក រ៉ុ​ង ឈុ​ន ជា​ប្រធាន​នោះ​បាន​លើក​ឡើង​ថា ការ​ដែល​កម្ពុជា​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% ពី​សហភាព​អឺរ៉ុប​ជា​ទំហំ​នៃ​ភាគរយ​តូច ប៉ុន្តែ​នាំ​ឲ្យ​មានការ​ប៉ះពាល់​ទំហំ​ធំ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការងារ​កម្មករ អ្នកមាន​បន្ទប់​ជួល​អ្នក​ដឹក​កម្មករ អ្នក​លក់ដូរ​មុខ​រោងចក្រ និង​ប៉ះពាល់​មុខមាត់​កម្ពុជា ជា​ពិសេស​ប៉ះពាល់​ដល់​ទំនុកចិត្ត​អ្នក​វិនិយោគទុន ។

លោក រ៉ុ​ង ឈុ​ន បាន​បញ្ជាក់​ស្នើ​សុំ​សម្តេច​តេ​ជោ ធ្វើការ​កែ​លម្អ​ស្ថានភាព​សិទ្ធ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ ដូច​មុន​ថ្ងៃ​បោះ​ឆ្នោះ​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ឆ្នាំ​២០១៧ «​ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប​» ។

សហភាព​សហ​ជីក​កម្ពុជា បាន​សូម​រដ្ឋាភិបាល​កម្ពុជា ធ្វើ​យ៉ាងណា​រក្សារ EBA កុំ​ឲ្យ​បាត់បង់ ក្នុង​ខណៈ​ដែល​កម្ពុជា​កំពុង​ទទួល​ឥទ្ធិពល​រាតត្បាត​នៃ​មេរោគ​កូ​វី​ដ​១៩ ដើម្បី​រក្សា ការងារ​សម្រាប់​កម្មករ និង​ផ្តល់​ទំនុកចិត្ត​អ្នក​វិនិយោគ ។ កាលពី​ថ្ងៃ​ទី​១២ ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ សហភាព​អឺរ៉ុប​បាន​សម្រេច​ថា​នឹង​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% ពី​កម្ពុជា​តែ​បាន​ទុក​ពេល​៦​ខែ​ដើម្បី​ឲ្យ​កម្ពុជា​ធ្វើការ​កែសម្រួល​លក្ខខណ្ឌ​មួយ​ចំនួន ទាក់ទង​បញ្ហា​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​។ កន្លង​មក​សម្តេច​តេ​ជោ ហ៊ុន សែន ធ្លាប់​បាន​បញ្ជាក់​ម្តង​ហើយ​ម្តងទៀត​ថា ជុំវិញ​បញ្ហា EBA គឺ​កម្ពុជា មិន​ត្រូវ​យក​ឯករាជ្យ​ជាតិ និ​អធិបតេយ្យភាព ទៅ​ដោះ​ដូរ​ជាមួយ​បញ្ហា​ពាណិជ្ជកម្ម តាម​ការ​ទាមទារ​របស់​បរទេស​ឡើយ​។ កម្ពុជា​បាន​លើក​ឡើង​ថា​បញ្ហា EBA នេះ យូរ ឬ​ឆាប់​គង់តែ​បាត់បង់​នោះ​ទេ ដោយសារ​កំណើនសេដ្ឋកិច្ច​និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​។

រដ្ឋាភិបាល​ថា កម្ពុជា​បាន​ត្រៀមខ្លួន​ជា​ស្រេច​ចំពោះ​ការ​បាត់បង់​នោះ​ហើយ​ការ​បាត់បង់​នោះ​មិន​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ​ឡើយ ។ សម្តេច​តេ​ជោ ធ្លាប់​មាន​ប្រសាសន៍​ថា​ការ​បាត់បង់ EBA ២០% មិនមែន​មាន​ន័យ​ថា​កម្ពុជា​បាត់បង់​ទី​ផ្សរ​នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប​ឡើយ ត្រង់នេះ​មាន​ន័យ​ថា​កម្ពុជា​នៅ​តែ​មាន​ទីផ្សារ​គ្រាន់តែ​បង់ពន្ធ​សម្រាប់​ការ​នាំ​ចូល​នៃ​តម្លៃ​ដក ២០% នោះ​តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ